RFA | ប្រធាន​រដ្ឋសភា​ស្នើ​អភិបាល​ខេត្ត​ព្រះសីហនុ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​៣២​គ្រួសារ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រធាន​រដ្ឋសភា ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ចំនួន ៣២​គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ដែល​អូស​បន្លាយ​យូរ​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស គាំទ្រ​ចំណាត់ការ​របស់​ប្រធាន​រដ្ឋសភា​នេះ។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា បាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​ឯកភាព​ស្នើ​ឲ្យ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិនិត្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ៣២​គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ កិច្ច​អន្តរាគមន៍​នេះ ធ្វើ​ឡើង​តាម​សំណើ​តំណាង​ពលរដ្ឋ​ចំនួន ៣២​គ្រួសារ ឈ្មោះ ឡុច ទូច តាម​រយៈ​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ឬ​គណៈកម្មការ​ទី​១ រដ្ឋសភា បាន​ដាក់​លិខិត​ជូន​លោក ហេង សំរិន តាម​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​២៤ ខែ​មេសា របស់​ឈ្មោះ ឡុច ទូច តំណាង​ប្រជាពលរដ្ឋ ៣២​គ្រួសារ ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទំហំ ២៧​ហិកតារ នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។

សំណើ​នេះ ត្រូវ​បាន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ឯកភាព និង​បញ្ជូន​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដើម្បី​ពិនិត្យ​ដោះស្រាយ។

ក្នុង​លិខិត​ដាក់​ជូន​រដ្ឋសភា លោកស្រី ឡុច ទូច បង្ហាញ​ថា​បាន​កាន់​កាប់​ដី​មាន​ទំនាស់​នេះ​តាំង​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩០ ដោយ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ​ថែម​ទៀត។ ប៉ុន្តែ​បច្ចុប្បន្ន ត្រូវ​ឈ្មោះ កើត រី គឹម ចាន់នី ប៉ុន សារឿន វង្ស សោភា និង​ឈ្មោះ សុខ ហួន បាន​ឃុបឃិត​គ្នា​ក្លែង​ស្នាម​មេដៃ​ឈ្មោះ ឡុញ តាយ ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី ហើយ​បាន​លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ឈ្មោះ ឡុញ តាយ បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៩៤។ ប៉ុន្តែ​បែរ​ជា​កាលបរិច្ឆេទ​ចុះ​ថ្ងៃ​ខែ​ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី​ទំនាស់​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ឈ្មោះ ឡុញ តាយ បាន​ចែកឋាន​ទៅ​វិញ។

លោកស្រី ឡុច ទូច បាន​រៀបរាប់​ទៀត​ថា ប្រជាពលរដ្ឋ​ពួក​គាត់​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ភាគី​ទំនាស់​ទៅ​កាន់​តុលាការ​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។ លោកស្រី​បន្ត​ថា នៅ​គ្រា​វិវាទ​ដីធ្លី​នេះ​មិន​ទាន់​បាន​ដំណោះស្រាយ​ផង ស្រាប់​តែ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បែរ​ជា​មាន​ឈ្មោះ ហេង សុខា បាន​នាំ​មនុស្ស​មួយ​ក្រុម​ទៅ​រុះរើ​ផ្ទះ​សមាជិក​សហគមន៍​របស់​គាត់ ដែល​សង់​លើ​ទីតាំង​ដី ២៧​ហិកតារ​នេះ​ថែម​ទៀត។

ឆ្លើយតប​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា នឹង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ឬ​សម្របសម្រួល​រវាង​ភាគី​ប្រជាពលរដ្ឋ​ទាំង ៣២​គ្រួសារ ជាមួយ​ភាគី​ទំនាស់​ម្ខាង​ទៀត​មាន​ឈ្មោះ ប៉ុន សារឿន ជាដើម ឲ្យ​ស្រប​តាម​សំណើ​របស់​ប្រធាន​រដ្ឋសភា បាន​ដាក់​ផ្ទាល់​មក​រូប​លោក​ឲ្យ​ជួយ​បញ្ចប់​វិវាទ​នេះ៖ «»

តំណាង​ពលរដ្ឋ ៣២​គ្រួសារ លោកស្រី ឡុច ទូច មាន​ជំនឿ​ថា អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន នឹង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់​របស់​ប្រជាពលរដ្ឋ​ទាំង ៣២​គ្រួសារ មាន​លទ្ធផល​ល្អ និង​អាច​ឈាន​ដល់​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​វាស់​ចំណែក​ក្បាល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​ប្រើប្រាស់​បាន​ឆាប់។

លោកស្រី ឡុច ទូច បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ចំនួន ៣២​គ្រួសារ​នេះ គឺ​មាន​វិវាទ​ជាមួយ​ឈ្មោះ ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។ ទំនាស់​នេះ លោកស្រី ឡុច ទូច អះអាង​ថា​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៤ ស្នើសុំ​មោឃៈ និង​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ត្រូវ​ភាគី​ទំនាស់ លោក ប៉ុន សារឿន ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​ដី​ពលរដ្ឋ​មាន​ផ្ទៃដី​សរុប​ចំនួន ២៧​ហិកតារ។

តំណាង​រូប​នេះ​ចោទ​លោក ប៉ុន សារឿន ថា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ខ្លះ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ​មាន​ទីតាំង​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ទាំង​ពលរដ្ឋ​មិន​ដឹង​ខ្លួន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដី​ទំនាស់​ជាក់ស្ដែង បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ និង​មាន​លទ្ធផល​ទាំងអស់​គ្នា៖ «»

ទាក់ទិន​ទំនាស់​នេះ ឯកសារ​ច្បាប់​មួយ​ចំនួន​បាន​បង្ហាញ​ថា ភាគី​លោក ប៉ុន សារឿន បាន​ឈ្នះ​ក្ដី​ជា​បន្តបន្ទាប់​ទៅ​លើ​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ទាំង ៣២​គ្រួសារ រស់នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ គឺ​ចាប់​ពី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រហូត​ទៅ។ ទំនាស់​នេះ លោក ប៉ុន សារឿន ក៏​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​តំណាង​ពលរដ្ឋ​ចំនួន ៤​នាក់ ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ទុច្ចរិត​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ ប្រព្រឹត្ត​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០០៨។ តំណាង​ពលរដ្ឋ​ទាំង ៤​នាក់ ដែល ប៉ុន សារឿន ប្ដឹង​មាន ឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង កៅ ហួរ។

យ៉ាង​នេះ​ក្តី តំណាង​ពលរដ្ឋ​ទាំង ៣២​គ្រួសារ បាន​ចោទ​ថា ភាគី​លោក ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថា​ពិត​ជា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​លើ​ដី​លំនៅឋាន និង​ដី​ចម្ការ​ដំណាំ​កសិកម្ម ទាំង​ពួក​គាត់​មិន​បាន​ដឹង​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments