សហគមន៍ដីធ្លីប្រមាណជាង ១០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ភ្នំបាត ថ្មគោល ឡពាង និងសហគមន៍៩២ ជាដើម បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៦ ក្រោមប្រធានបទ "ម្ដាយខ្ញុំអ្នកទោសដីធ្លី" នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។ ការប្រារព្ធនេះ អ្នកភូមិបានជួបជុំនៅក្បែរវិហារឥស្លាម តំបន់បឹងកក់ ស្ថិតនៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ អ្នកភូមិភាគច្រើនជាស្ត្រីបានឡើងថ្លែងសារ និងទុក្ខកង្វល់ពីបញ្ហាដីធ្លីដោយគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ ពិធីនេះមានមន្ត្រីអង្គការសង្គមស៊ីវិលចូលរួម ប៉ុន្តែពុំមានអាជ្ញាធរ ឬមន្ត្រីរដ្ឋាភិបាលចូលរួមនោះទេ។
ស្ត្រីសហគមន៍ដីធ្លីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្ដល់កាដូពិសេសឲ្យពួកគេនៅក្នុងទិវានារីអន្តរជាតិ ៨ មីនា ក្នុងឆ្នាំនេះ ដោយដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី លឹម មុនី ចេញពីពន្ធនាគារឲ្យមានសេរីភាពវិញ។
សកម្មជនដីធ្លីតំបន់បឹងកក់ លោកស្រី បូវ សោភា ថ្លែងថា មូលហេតុដែលពួកគាត់ប្រារព្ធទិវានេះ ក្រោមប្រធានបទ "ម្ដាយខ្ញុំអ្នកទោសដីធ្លី ពីព្រោះតែអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ ដែលតុលាការផ្ដន្ទាទោសឲ្យជាប់ឃុំ ២ឆ្នាំកន្លះ ពីបទប្រើហិង្សាដោយចេតនាលើសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ តាមបណ្ដឹងរបស់សាលារាជធានី ដោយសារតែការតវ៉ាបញ្ហាដីធ្លីកន្លងមក។ ចំណែកអ្នកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុក (ADHOC) ក៏កំពុងជាប់ចោទពីបទសូកប៉ាន់សាក្សីក្នុងរឿងរ៉ាវស្នេហាដែលគេចោទថា ពាក់ព័ន្ធលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ ហើយកូនៗរបស់ស្ត្រីជាប់ឃុំទាំងនោះកំពុងខ្វះទីពឹង។
លោកស្រី បូវ សោភា ថ្លែងបន្តថា ការអំពាវនាវដូច្នេះ ព្រោះតែលោកស្រីយល់ថា ការបន្តឃុំខ្លួនស្ត្រីគឺពាក់ព័ន្ធរឿងនយោបាយដែលគណបក្សទាំងពីរពុំត្រូវរ៉ូវគ្នា៖ «»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការស្នើសុំនេះមិនស្របតាមគោលការណ៍ច្បាប់នោះទេ។ លោកថា ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅដែលឲ្យពិនិត្យមើលអ្នកជាប់ឃុំបញ្ហាដីធ្លី គឺមានន័យថា ពិនិត្យមើលតាមផ្លូវច្បាប់ មិនលូកដៃបញ្ជាទៅតុលាការផ្ទាល់នោះឡើយ ហើយក៏មិនមានន័យពាក់ព័ន្ធនឹងការរំលោភនីតិវិធីតុលាការនោះដែរ៖ «»។
កាលពីថ្ងៃទី៣១ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកនឹងប្រើសិទ្ធិជានាយករដ្ឋមន្ត្រីដើម្បីពិនិត្យមើលសំណុំរឿងណាដែលមានស្ថានភាពទោសស្រាលជាងគេ ក្នុងចំណោមសំណុំរឿងសកម្មជនដីធ្លីតំបន់បឹងកក់ ថានឹងអាចសុំទៅព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស៖ «»។
ស្ត្រីមកពីសហគមន៍មួយចំនួនបានឡើងថ្លែងសារ និងទុក្ខកង្វល់របស់ពួកគាត់ដែលរងផលប៉ះពាល់ជីវភាព បាត់បង់ការងារដោយការចាប់ដាក់ពន្ធនាគារ បន្ទាប់ពីពួកគាត់តវ៉ាពីបញ្ហាដីធ្លីក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៅពេលកន្លងមក។
នាយកប្រតិបត្តិនៃអង្គការការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលបានចូលរួមឃ្លាំមើលការប្រារព្ធពិធីរបស់សហគមន៍ដីធ្លី មានទស្សនៈថា ក្រៅអំពីការស្នើសុំអន្តរាគមន៍ដោះលែងស្ត្រីជាប់ឃុំរបស់ពលរដ្ឋ លោកក៏ស្នើឲ្យរដ្ឋាភិបាលគួរផ្ដល់កាដូដល់ស្ត្រី ដោយដោះស្រាយបញ្ចប់បញ្ហាដីធ្លីឲ្យបានចប់សព្វគ្រប់។ លោកថា នេះជាការផ្ដល់ឱកាសឲ្យរដ្ឋាភិបាលកម្ពុជា បង្ហាញពីការគោរពសិទ្ធិស្ត្រី ពីការផ្ដល់សេវាល្អៗដល់ប្រជាពលរដ្ឋដើម្បីឲ្យមានការចូលរួមគាំទ្រពីពលរដ្ឋកាន់តែច្រើននៅក្នុងឱកាសបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់៖ «»។
កាលពីថ្ងៃទី៦ ខែមីនា សាលារាជធានីភ្នំពេញ បានចេញលិខិតឆ្លើយតបនឹងតំណាងសហគមន៍តំបន់បឹងកក់ ដោយមិនអនុញ្ញាតឲ្យមានការជួបជុំ ឬហែក្បួននៅតាមដងផ្លូវមួយចំនួន ដែលបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នោះទេ ប៉ុន្តែអនុញ្ញាតឲ្យរៀបចំនៅទីតាំងឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments