តុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចកាត់ទោសអ្នកសារព័ត៌មានម្នាក់ ឈ្មោះ រស់ សុឃិត ឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ ក្រោយលោកត្រូវបានឃុំខ្លួន ចាប់តាំងពីខែមិថុនា។ លោក រស់ សុឃិត ចាងហ្វាងសារព័ត៌មានជាតិខ្មែរ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៥ ខែមិថុនា ទាក់ទងនឹងការចោទប្រកាន់ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបង្ហោះសារតាមប្រព័ន្ធសង្គមហ្វេសបុ៊ក រិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ លោក សំ សុគង់ មេធាវីរបស់លោក រស់ សុឃិត មានប្រសាសន៍ថា កូនក្តីរបស់លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល។ លោកបន្តថាកូនក្តីរបស់លោកចាត់ទុកការផ្តន្ទាទោសនេះ ជារឿងអយុត្តិធម៌មួយ ហើយលោកសម្រេចឲ្យប្តឹងឧទ្ធរណ៍។ លោកមេធាវីចាត់ទុកការបង្ហោះសារលើហ្វេសប៊ុករបស់កូនក្តីរបស់លោក ជាការបញ្ចេញមតិតែប៉ុណ្ណោះ ហើយកម្ពុជាមិនទាន់មានច្បាប់បទឧក្រិដ្ឋទាក់ទងនឹងសារព័ត៌មាននោះទេ ដូច្នេះមិនគួរមានការប្រើប្រាស់ក្រមព្រហ្មទណ្ឌមកចោទប្រកាន់នោះទេ។ លោកថ្លែងប្រាប់ VOA ថា៖ «ខ្ញុំយល់ឃើញថាការផ្តន្ទាទោសហ្នឹង ទីមួយ យើងអត់មានច្បាប់ជាក់លាក់។ ទីពីរការដែលគាត់បញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុកហ្នឹង ជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងនាមជាប្រជាពលរដ្ឋហ្នឹងក្នុងការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ»។ ហ្វេសប៊ុករបស់លោក រស់ សុឃិត ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ពេលដែលលោកត្រូវបានចាប់ខ្លួននោះ មានការបង្ហោះសាររិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក្នុងចំណោមនោះមានការបង្ហោះសារមួយដែលលើកឡើងថា៖ «លោក ហ៊ុន សែន កំពុងទ័លច្រករឿងពលរដ្ឋធ្លាក់ខ្លួនក្រីក្រ គ្មានលុយសងធនាគារ ក៏លើកទឹកចិត្តឲ្យធនាគាររឹបអូសទ្រព្យសម្បត្តិពលរដ្ឋណាស្តាប់តាមក្រុមប្រឆាំង មិនព្រមសងលុយឲ្យធនាគារ»។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ លោក ហ៊ុន សែន មានប្រសាសន៍កាលនោះថា៖ «ប៉ុន្តែខ្ញុំនឹងគាំទ្រឲ្យមានការរឹបអូស ប្រសិនបើអ្នកដែលជំពាក់ធនាគារបន្តការឃោសនាចលនាអ្នកដទៃខ្លួនឯង ក៏មិនបង់ស្អី ក៏មិនបង់ អ៊ីចឹងធនាគារប្តឹងរឹបអូសតែម្តងទៅ!»។ ចំណែកការបង្ហោះមួយទៀតនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក រស់ សុឃិត មានអត្ថន័យថា៖«លោក ហ៊ុន សែន នឹងបាត់បង់អ្វីៗទាំងអស់ បើនៅតែចចេសចង់លើកបន្តុបកូនខ្លួនធ្វើជានាយករដ្ឋមន្ត្រីនោះ! យួនមិនគាំទ្រ ហ៊ុន ម៉ាណែតឡើយ»។ ការផ្តន្ទាទោសលើលោក រស់ សុឃិត ជាករណីទីពីរក្នុងរយៈពេលថ្មីៗនេះនៃការកាត់ទោសអ្នកសារព័ត៌មាន ដែលបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់ពួកគេ។ កាលពីខែតុលា តុលាការបានកាត់ទោស លោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានរបស់TVFB ឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ដោយសារតែការដកស្រង់ពាក្យសម្តីរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះតាមហ្វេសប៊ុករបស់លោក រឿងដែលនាយករដ្ឋមន្រ្តីឲ្យលក់ម៉ូតូទប់ទល់នឹងជីវភាពសិន ប្រសិនបើប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ព្រោះរដ្ឋាភិបាលមិនអាចជួយប្រជាពលរដ្ឋគ្រប់គ្នាទេ។ ប៉ុន្តែទោសរបស់លោក សុវណ្ណ រិទ្ធី ដែលនៅសេសសល់ ត្រូវបានព្យួរ មានន័យថាលោកត្រូវដោះលែងឲ្យមានសេរីភាពវិញ។ ចំណែកលោក សុខ ឧត្តម ដែលជាអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំងមួយរូប ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ដូចគ្នាចំពោះសេចក្តីរាយការណ៍របស់លោកទាក់ទងនឹងជម្លោះដីធ្លី ដែលត្រូវបានប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់។ ក្រសួងព័ត៌មានក៏បានសម្រេចបិទស្ថានីយវិទ្យុរបស់លោកផងដែរ។ សាលក្រមរបស់លោក សុខ ឧត្តម នឹងត្រូវប្រកាសនៅថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាត់ទុកការកាត់ទោសអ្នកសារព័ត៌មានជាបន្តបន្ទាប់ ជាសញ្ញានៃការរឹតត្បិតកាន់តែខ្លាំងលើសេរីភាពរបស់អ្នកសារព័ត៌មាន ដែលនឹងនាំឲ្យពួកគេខ្លាចក្នុងការបញ្ចេញមតិ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាការកាត់ទោសទៅលើអ្នកកាសែតជាបន្តបន្ទាប់នេះ ចង់មិនចង់ វាអាចលេចចេញជារូបភាពគំរាមកំហែងមួយទៅអ្នកសារព័ត៌មានផ្សេងទៀត ក្នុងការបំពេញវិជ្ជាជីវៈរបស់គាត់»។ កាលពីដើមខែវិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងបណ្តុំសមាគមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិជាង៥០ទៀត បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីសារព័ត៌មានឯករាជ្យនិងផ្តល់សេរីភាពពេញលេញដល់ពួកគេ។ ពួកគេបានស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន ដែលពួកគេថា«គ្មានមូលដ្ឋាននិងដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។ ជាការឆ្លើយតប នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងព័ត៌មានលើកឡើងថាការចាប់ខ្លួនអ្នកសារព័ត៌មានគឺ«អនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់» មិនមែនរំលោភបំពាន និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ៕
from កម្ពុជា - Voice of America | VOA
via_IFTTT
Home
កម្ពុជា - Voice of America
អ្នកកាសែតខ្មែរម្នាក់ទៀត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ក្រោយរិះគន់លោក ហ៊ុន សែន
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments