តុលាការ​លើក​ពេល​កាត់ក្តី​អតីត​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង តាម​ការស្នើ​សុំ​របស់​មេធាវី

By , Comment
Share on Facebook Tweet on Twitter
តុលាការ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​លើក​ពេល​ការ​កាត់​ក្តី​សំណុំ​រឿង​ឧប​ឃាត ឬ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ ពាក់​ព័ន្ធ​នឹង​ក្រុម​អតីតថ្នាក់​ដឹកនាំគណ​បក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​ ដោយ​សារ​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ជន​ជាប់​ចោទ។ ជន​ជាប់​ចោទ​៩នាក់ដែល​ត្រូវបាន​តុលាការ​កោះ​ឲ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​១១​ ខែ​វិច្ឆិកា​នេះ​ រួម​មាន​អតីត​មេដឹក​នាំ​បក្ស​ប្រឆាំង លោក​ សម រង្ស៊ី និង​អតីត​អនុ​ប្រធាន​ពីរ​រូបគឺ លោកស្រី មូរ​ សុខហួរ និង​លោក​ អេង​ ឆៃ​អ៊ាង និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​រូម​មាន​លោក​អ៊ូ ច័ន្ទ​ឬទ្ធិ​ លោក​ហូរ វ៉ាន់​ លោក​ ម៉ែន​ សុថាវរិន្រ្ទ​ លោក​ ឡុង រី លោក​ នុត រំដួល​ និង​លោក​ស្រី ​ជូ ឡុង ​សូមួរ៉ា ភរិយា​លោក​សម រង្ស៊ី។ កា​រចោទ​ប្រកាន់​នេះ​ពាក់ព័ន្ធ​នឹង​គម្រោង​ប៉ុន​ប៉ង​ចូល​ប្រទេស​កម្ពុជា​វិញរបស់​លោក សម រង្ស៊ី និង​មន្រ្តី​គណបក្ស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំមុន។ សវនា​ការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ចាប់​ផ្តើម​នៅ​ម៉ោង​៨ និង​៣០នាទី ដោយ​មាន​លោក​ចៅក្រម ឌុច សុខសារិន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជនុំជម្រះ​ តំណាង​អយ្យការ​គឺ​លោក​ សេង ហៀង និង​មេធាវី​២​រូប តំណាង​ឲ្យ​ជន​ជាប់​ចោទ និង​២​រូប​ទៀត​តំណាង​ខាង​ភាគី​រដ្ឋា​ភិបាល។ តំណាង​អយ្យការ​លោក​សេង ហៀង​ ​និង​លោក​សួង ចាន់​ថន មេធាវី​តំណាង​ឲ្យរដ្ឋាភិបាល បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ដំណើរ​ការ​នីតិវិធី​កាត់​ក្តី​ ក្រោម​ហេតុ​ផល​ថា​ ការ​កោះ​ហៅ​ជនជាប់​ចោទ​មក​ចូល​រួម​សវនាការមាន​រយៈ​ពេល​គ្រប់គ្រាន់ ​ដើម្បី​ឲ្យ​ជន​ជាប់​ចោទ​ត្រៀម​ខ្លួន​ចូលរួម​ស​វនាការ។ ប៉ុន្តែ​លោក​ សំ សុគង់​ មេធាវី​ការពារ​ក្តី​ឲ្យ​ក្រុម​ថ្នាក់​ដឹកនាំ​និង​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជំទាស់​ភ្លាមៗ​នឹង​ការ​លើកឡើង​របស់​តំណាង​អយ្យការ​ និង​មេធាវីតំណាង​ឲ្យ​រដ្ឋាភិបាល​ ដោយ​បាន​ពន្យល់​អង្គ​សវនាការ​ថា​ ការ​កោះ​ហៅ​ជន​ជាប់​មាន​ភាព​មិន​ប្រក្រីតី​មួយ​ចំ​នួន​ ពាក់ព័ន្ធ​នឹង​អាសយដ្ឋាន​របស់​ជន​ជាប់​ចោទ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស និង​ត្រូវ​ហាម​ឃាត់​ពី​សំណាក់រដ្ឋាភិបាលមិន​ឲ្យធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស។ លោកមេធាវី​បាន​ប្រាប់​អង្គសវនាការ ដែល​មាន​មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់​ពីរ​រូប​ចូល​រួម​ថា​នីតិវិធី​បញ្ជូន​ដីកា​កោះ​ហៅ​ជន​ចោទ​ជាប់ ធ្វើ​ឡើង​នៅ​ពេល​ជន​ជាប់​ចោទ​បន្ត​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ហើយ​ដីកា​ដែល​បាន​យក​ទៅ​បិទ​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​មិន​ត្រឹមត្រូវ​តាមច្បាប់​ ដោយសារ​ទីស្នាក់ការ​នោះ ​ត្រូវ​បាន​បញ្ជា​បិទ​ដោយ​អំណាច​តុលាការ។ ដូច្នេះ​លោក​ថា​ទីស្នាក់​ការ​នោះ​មិន​ដំណើរ​ការ​ និង​គ្មាន​បុគ្គលិក ឬ​សន្តិសុខ​នៅ​បម្រើ​ការ​ផងដែរ។ ​ លោក​លើក​ឡើង​ថា៖ «ខ្ញុំ​សុំ​ឲ្យ​តុលាការ​លើក​ពេល​សវនាការ​នៅ​ថ្ងៃ​នេះ។...ក្នុង​រយៈ​ពេល​បញ្ជូន​ដីកា​កោះ​ គាត់​ពុំ​ស្នាក់​នៅ​ក្នុង​ប្រទេស។ ស្នាក់​ការ​បក្សត្រូវ​បាន​បិទ​ដោយ​តុលាការ​ នាំ​ឲ្យ​គ្មាន​អ្នក​នៅ​ធ្វើ​ការ ឬសន្តិ​សុខ​ធ្វើ​ឲ្យ​ខុស​នីតិវិធី»។ លោក​បាន​ប្រាប់​តុលាការ​បន្ថែម​ថា​ សំណុំ​រឿង​ឧបឃាត​នេះ​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ស្មើ​នឹង​បទ​ក្បត់​ជាតិដែល​អាច​ធ្វើ​ឲ្យ​កូន​ក្តី​លោក​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០ឆ្នាំ។ ដូច្នេះ​លោក​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​កូន​ក្តី។ លោក​បញ្ជាក់​ទៀត​ថា​ កូន​ក្តី​បាន​ខិត​ខំ​រក​ច្រក​ចូល​មក​ក្នុង​ប្រទេស​វិញ ដោយ​ស្នើ​ឲ្យមាន​ការ​សម្រប​សម្រួល​រវាង​រដ្ឋា​ភិបាល​ និង​អាជ្ញាធរ​លើក​បម្រាម​ឲ្យ​យន្តហោះ​ដឹក​ពួក​គេ​វិល​ចូល​ប្រទេស​វិញ។​ ប៉ុន្តែ​លោក​ថា​ក្រសួង​ការបរទេស​កម្ពុជា​នៅមិន​ព្រមផ្តល់​សុពល​ភាព​ទិដ្ឋាការ​របស់​ពួក​គេ​ដើម្បី​បាន​មក​ចូលរួម​សវនាការ​នា​ថ្ងៃ​ពុធ​នេះ។ លោក​សំ សុគង់​ បាន​ពន្យល់​តុលាការ​ទៀត​ថា លោក​ទើប​តែត្រូវបាន​ផ្ទេរ​សិទ្ធិ​ពី​មេធាវី​មួយ​រូប​ឲ្យ​កាន់​សំណុំ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២ ខែវិ​ច្ឆិកា ហេតុ​ដូច្នេះ​លោក​ត្រូវការ​ពេល​វេលា​បន្ថែម ដើម្បី​សិក្សា​សំណុំ​រឿង​នេះ។ ​ តំណាង​អយ្យការ​លោក​ សេង ហៀង​ បាន​ជំទាស់​នឹង​ការ​អធិប្បាយ​របស់​លោក​មេធាវី សំ សុគង់​ ដោយ​លើក​ឡើង​ថា​ជន​ជាប់​ចោទ​មាន​ឱកាស​និង​លទ្ធភាព​វិល​មក​ប្រទេស​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន។ លោក​បន្ត​ថា ផ្ទុយ​ទៅ​វិញ​ ​ជន​ជាប់​ចោទ មាន​ចេតនា​គេច​ពី​ការ​ប្រឈម​មុខ​នឹង​ការ​អនុវត្ត​ច្បាប់​របស់កម្ពុជា។ លោក​អយ្យកា​រថ្លែង​ថា៖ «​ដីកា​កោះ​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​អាសយដ្ឋាន​ចុង​ក្រោយ[របស់​ជន​ជាប់​ចោទ​] ហើយ​មាន​ការ​ផ្សព្វផ្សាយ​ពី​បណ្តាញ​ព័ត៌មាន​ជាតិ​ និង​អន្តរ​ជាតិ​ នាំ​ឲ្យ​ជន​ជាប់ចោទដឹង​ហើយ»។ មេធាវី​តំណាង​ឲ្យ​ភាគី​រដ្ឋាភិបាល ​លោក​ សួង ចាន់​ថន​ បាន​និយាយ​ក្នុង​សវនាការ​ថា​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​បាន​សិក្សា​រួច​ទៅ​ហើយ​លើ​សំណុំ​រឿង ទើប​ហ៊ាន​មក​បង្ហាញ​មុខ​នៅ​តុលាការ។ លោក​ការពារ​ថា​នីតិវិធី​កោះ​ហៅ​ជន​ជាប់​ចោទ​មក​ចូលរួម​សវនាការ​នោះ​ ក៏​អាច​ទទួល​យក​បាន​ ប៉ុន្តែលោក​ថា​ជន​ជាប់​ចោទ​មិន​ព្រម​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន។ លោក​និយាយ​ថា៖ «រដ្ឋាភិបាល​ស្វាគមន៍​ការ​មក​តតាំង​ក្តី។ នីតិវិធី​នៃ​ការ​អញ្ជើញ​នោះ​ គឺ​គ្រប់​គ្រាន់​ហើយ...សុំ​ឲ្យ​តុលាការ​បន្ត​[សវនាការ]​ទៀត»។ ទាំង​តំណាង​អយ្យការ​ និង​អ្នកការពារ​ក្តី​របស់​រដ្ឋាភិបាល​ មិន​មាន​ការ​ជជែក​វែកញែក​លម្អិត​លើ​ចំណុច​ពាក់​ព័ន្ធ​នឹង​បម្រាម​ធ្វើ​ដំណើរ​របស់​ក្រុម​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ។ បន្ទាប់​ពី​ការ​ត​ទល់​គ្នា​រវាង​តំណាង​អយ្យការ និង​ក្រុម​មេធាវី​ប្រមាណ​៣០​នាទី​ លោក​ចៅក្រម ឌុច សុខសារិន បាន​ប្រកាស​ថយ​ទៅ​ពិចារណា​លើ​ការ​ទាមទារ​របស់​លោក​មេធាវី​សំ សុគង់។ ៥​នាទីក្រោយ​មក​ចៅ​ក្រម ឌុច សុខសារិន បាន​ប្រកាស​លើក​ពេល​កាត់​ក្តី​ទៅ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ជន​ជាប់​ចោទ។​ លោក​ចៅ​ ឌុច សុខសារិន ​បន្ថែម​ថា​ តុលាការ​មិន​ស្គាល់​អាសយដ្ឋាន​ច្បាស់​លាស់​របស់​ជន​ជាប់​ចោទ​ដែល​រស់​នៅប្រទេស​បារំាំង និង​ប្រទេស​ផ្សេង​ទៀត និង​ស្នើ​ឲ្យ​មេធាវី​ផ្តល់​ឲ្យ​អាស័យដ្ឋាន​ពិត​បា្រកដ។ ប្រសិន​បើ​មេធាវី​ប្រគល់​អាសយ​ដ្ឋាន​ជន​ជាប់​ចោទ​ដើម្បី​ធ្វើ​ការ​កោះ​ហៅ​ម្តង​ទៀត​នោះ​ តុលាការ​នឹង​ប្រើ​នីតិវិធី​រយៈពេល​បី​ខែ ដើម្បី​កោះ​ហៅ និង​បើក​សវនាការ។ ប៉ុន្តែ​បើ​មេធាវី​មិន​ផ្តល់​ជូន​ទេ​ តុលាការ​នឹង​បើក​សវនាការ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។​ លោក​ សំ សុគង់​ បាន​ប្រាប់​វីអូអេ​បន្ថែម​នៅ​ក្រៅ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ លោក​នឹង​ពិចារណា​ជូន​អាសយ​ដ្ឋាន​របស់​កូន​ក្តី​លោក​ទៅ​តុលាការ ហើយ​នឹង​ស្នើ​ឲ្យ​ក្រសួង​ការបរទេស​ផ្តល់​សុពលភាព​លិខិត​ឆ្លង​ដែន​ និង​ទិដ្ឋាការ​ជូន​កូនក្តី​លោក​ផង​ដែរ។ ​ «ខ្ញុំ​គិត​ថា​ ខ្ញុំ​នឹង​ជូន​អាសយដ្ឋាន​របស់​កូនក្តី​ទៅ​តុលាការ​ទី​មួយ។​ ហើយ​ទីពីរ​ ខ្ញុំ​នឹង​ស្នើ​សុំ​ទៅ​តុលាការ ​ដើម្បី​ឲ្យ​ក្រសួង​ការ​បរទេស​ហ្នឹង​ឲ្យ​សុពលភាព​ប៉ាស្ព័រ​ ក៏​ដូច​វីហ្សា​ទៅ​កូន​ក្តី​ខ្ញុំ​...ដើម្បី​ឲ្យ​មាន​ឱកាស​ក្នុង​ការ​ចូលរួមសវនាការ ក៏ដូច​ជា​ប្រើ​សិទ្ធិ​ក្នុងនាម​ជា​ជន​ជាប់​ចោទ​ហ្នឹង»។ វិធានការ​តុលាការ​លើ​អតីត​ក្រុម​មេដឹកនាំ​ និង​មន្ត្រី​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល បាន​កើត​ម្តង​ទៀត​ បន្ទាប់​ពី​លោក​ សម រង្ស៊ី​ បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​ខែ​កញ្ញា​ថា ​លោក​គ្រោង​នឹង​វិល​មក​ប្រទេស​កម្ពុជា​ម្តង​ទៀត។ នៅ​លើក​នេះ ​លោក​មិន​ជូន​ដំណឹង​ជា​មុន​អំពី​ថ្ងៃ​ខែ​ជាក់​លាក់​សម្រាប់​ផែន​ការ​វិលចូល​ស្រុក​របស់​លោក​នោះ​ទេ។ ​លោក ​អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​សៀមរាប​ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រ​ទេស​ បានប្រាប់​វីអូអេ​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​ ដើម្បី​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ផ្តល់​សុពលភាព​លិខិត​ឆ្លង​ដែន​ដល់​ពួក​គេ ដើម្បី​អាចធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា។ «តុលាការ​គាត់​ចង់​ឲ្យ​យើង​ចូល​ប៉ុន្តែ​ ខាង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​គាត់​មិន​ឲ្យ​ចូល។ តើៗ​យើង​ចូល​តាម​វិធី​ណា? ទីមួយ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ គាត់​បាន​បញ្ចប់​សុពលភាព​លិខិត​ឆ្លង​ដែន​របស់​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ។ ទី​ពីរ​លោក​ហ៊ុន សែន​ គាត់​បាន​បម្រាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ដើម្បី​ដឹក​លោក​ប្រធាន​ សម រង្ស៊ី​ ចូល​ទៅប្រទេស​កម្ពុជា​វិញ»។ យ៉ាង​ណា​ក៏ដោយ​ លោក អ៊ុំ សំអាន ដែល​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន បង្ហាញ​ក្តីសង្ឃឹម​ថា​ក្រុម​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​គណបក្ស​ប្រឆំាង​ផ្សេង​ទៀត ​នឹង​បាន​វិលត្រឡប់​មក​កម្ពុជាវិញ​ មុន​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ឆ្នាំ​២០២២ និង​ថា្នក់​ជាតិ​ឆ្នាំ​២០២៣​ ដោយលោក​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​ នឹង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ពី​ប្រទេស​ប្រជាធិប​តេយ្យ​ធំៗ ដូច​ជា​សហរដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប។ បើ​តាម​លិខិត​ដែល​បាន​ដាក់​ជូន​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តាម​រ​យៈ​ស្ថានទូត​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​ក្រុម​មន្ត្រី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១នាក់ដែល​ស្នើ​សុំ​សុពលភាព​ទិដ្ឋាការ​របស់​ពួកគេ​វិញ ​រួម​មាន​លោក​ អេង​ ឆៃអ៊ាង​ និង​លោក​ស្រី មូរ​ សុខហួរ​ ជាដើម។ លោក ​អេង ឆៃអ៊ាង​ បាន​អធិប្បាយ​លើ​ទំព័​រហ្វេស​ប៊ុក​របស់​លោក​នា​ថ្ងៃ​ពុធ​នេះ​ថា៖ «តុលាការ​របប​លោក​ ហ៊ុន សែន​ចេញ​ដីកា​ កោះ​ហៅ​យើង​ខ្ញុំ។ ឯ​ទូត​របស់​លោក​ ហ៊ុន សែន​ ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ បាន​បិទ​ទ្វារ​ មិន​ទទួល​សំណើ​យើង​ខ្ញុំ ដែល​ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្តល់​សុពលភាព​លិខិត​ឆ្លងដែន​ឡើង​វិញ​របស់​យើង​ខ្ញុំ»។ វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។ លោក អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការលីកាដូ យល់​ថា​ករណី​ទាំង​អស់​នេះ​ជា​រឿង​នយោបាយ ដូច្នេះ​ដំណោះ​ស្រាយ​អាស្រ័យ​លើ​ការ​ស្រុះ​ស្រួល​ខាង​នយោបាយ។ ក្រៅ​ពី​សំណុំ​រឿង​ឧបឃាត​នេះ​ លោក​ស​ម រង្ស៊ី​ ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ខាង​មុខ​ ក្រោមបទ​ចោទ​ «រួមគំនិត​ក្បត់​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍» ។ អតីត​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ តំណាង​រាស្ត្រ និង​សកម្មជន​ថ្នាក់​ឃុំ​សង្កាត់​ យ៉ាង​ហោច​ណាស់៦០​នាក់​ទៀត​ ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​មក​ចូល​រួម​ការ​កាត់​ក្តី​ក្នុង​សំណុំ​រឿង​នេះ​ដែរ៕

from កម្ពុជា - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments