ជើងហោះហើរត្រង់ពីទីក្រុងយ៉ាងហ្គន (Yangon) ប្រទេសមីយ៉ាន់ម៉ា (Myanmar) មកទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នឹងបើកដំណើរការនៅខែកក្កដា ឆ្នាំ២០១៧ ដែលនេះជាការហោះហើរត្រង់លើកទីមួយភ្ជាប់ទីក្រុងទាំងពីរ។
ក្រុមហ៊ុន អ៊ែមមៀរ៉ាត់ស៍ អ៊ែរឡាញ (Emirates Airlines) ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអារ៉ាប់រួម (United Arab Emirates) នឹងបើកការហោះហើរត្រង់នេះ ដោយប្រើយន្តហោះប្រភេទ Boeing 777-300ER ដោយមានសេវាកម្មពីរយ៉ាង គឺសេវាកម្មសម្រាប់អ្នកជំនួញ (Business Class) និងសេវាកម្មសន្សំសំចៃរួម (Economic Class)។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ កាលពីថ្ងៃទី២១ កុម្ភៈ ឲ្យដឹងថា ការហោះហើរត្រង់ភ្ជាប់ទីក្រុងយ៉ាងហ្គន និងភ្នំពេញ ដោយសារទីក្រុងភ្នំពេញកំពុងក្លាយជាទិសដៅសំខាន់មួយផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច។
ក្រុមហ៊ុននេះបញ្ជាក់ថា ទីក្រុងភ្នំពេញមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅប្រទេសកម្ពុជា ហើយក៏ជាច្រកចូលសំខាន់ទៅទស្សនាប្រាសាទអង្គរ ដែលជាបេតិកភណ្ឌពិភពលោកនៅខេត្តសៀមរាប។
ការហោះហើរដោយត្រង់ពីទីក្រុងយ៉ាងហ្គន មកភ្នំពេញនេះ នឹងប្រើខ្សែជើងហោះហើរពីទីក្រុងឌូបៃ (Dubai) ទៅទីក្រុងយ៉ាងហ្គន ហើយខ្សែហោះហើរនេះ នឹងបន្តហោះត្រង់ពីទីក្រុងយ៉ាងហ្គន មកទីក្រុងភ្នំពេញ។ ក្រុមហ៊ុន អ៊ែមមៀរ៉ាត់ស៍ អ៊ែរឡាញ អះអាងថា ការបើកជើងហោះហើរត្រង់នេះ ក៏នឹងផ្តល់លទ្ធភាពឲ្យអ្នកធ្វើដំណើរផ្សេងទៀតមកពីទីក្រុងយ៉ាងហ្គន ធ្វើដំណើរមកទីក្រុងភ្នំពេញ និងត្រឡប់ទៅវិញបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments