RFA | ពលរដ្ឋ​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​លើ​លោក ហ៊ុន សែន ករណី​ផ្ដល់​លុយ​ឱ្យ​តារា​ចម្រៀង​ចំនួន ៣០​ម៉ឺន​ដុល្លារ | hot news

By , Comment
Share on Facebook Tweet on Twitter

សាធារណជន​ទទូច​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​លើ​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។ ការ​ទាមទារ​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​សារភាព​ថា លោក​ផ្ដល់​លុយ​ឱ្យ​តារាចម្រៀង លោក សាពូន មីដាដា ចំនួន ៣០​ម៉ឺន​ដុល្លារ​កាលពី ១០​ឆ្នាំមុន។

ប្រតិកម្ម​របស់​មហាជន​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​សារភាព​ថា លោក​បាន​ផ្ដល់​លុយ ឱ្យ​តារាចម្រៀង សាពូន មីដាដា ចំនួន ៣០​ម៉ឺន​ដុល្លារ មិនមែន​ជិត ៧​លាន ដុល្លារ ដូច​ការ​អះអាង​របស់​លោក សាពូន មីដាដា ឡើយ។

ប៉ុន្មាន​ម៉ោង​ក្រោយពី​ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក កាលពី​ថ្ងៃ​២៤ ខែ​មេសា លោក សាពូន មីដាដា បាន​កែ​វិញ​ថា លោក ហ៊ុន សែន ផ្ដល់​លុយ​ជាង ៤០​ម៉ឺន​ដុល្លារ​ដល់​តារាចម្រៀង​រូប​នេះ​និង​ក្រុម​គ្រួសារ។

លោក ហ៊ុន សែន សារភាព​ថា បាន​ផ្ដល់​លុយ​ឱ្យ​លោក សាពូន មីដាដា ចំនួន ៣០​ម៉ឺន​ដុល្លារ​នេះ បន្ទាប់ពី​លោក សាពូន មីដាដា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃទី​២៣ ខែមេសា រៀបរាប់​ថា កាលពី​ជាង ១១​ឆ្នាំមុន លោក ហ៊ុន សែន បាន​ផ្ដល់​ចំនួន ៦ លាន ៧ សែន ដុល្លារ ព្រមទាំង​ផ្ទះ​វីឡា នៅ​បុរី​ប៉េងហួត​បឹងស្នោ ឡាន ហើយ​ខ្សែក ៥ តម្លឹង​ស្រោប​ពេជ្រ ១២ ការ៉ាត់ ដល់​លោក​និង​គ្រួសារ។

ទោះបីជា​លុយ​ចំនួន ៣០​ម៉ឺន​ដុល្លារ ឬ​ជិត ៧ លាន​ដុល្លារ​ក៏ដោយ ប៉ុន្តែ​នៅតែ​ជា ចម្ងល់​របស់​យុវជន​និង​ប្រជាពលរដ្ឋ រួម​ទាំង​អ្នក​ប្រើ​បណ្ដាញ​សង្គម​ថា លុយ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឱ្យ​លោក សាពូន មីដាដា បាន​មក​ពី​ប្រភព​ណា​? តើ​ហេតុអ្វី មិន​មាន​ការស៊ើបអង្កេត?

សមាជិក​ក្រុម​អ្នក​បន្តដំណើរ លោកស្រី យ៉ឹង នីម ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ ខែ​មេសា ថា លោកស្រី​និង​ពលរដ្ឋ​ផ្សេងទៀត ចង់​ឱ្យ​មាន​ការ​បង្ហាញ​ពី​ប្រភព​លុយ ដែល​ផ្ដល់​ឱ្យ​តារាចម្រៀង ពីព្រោះ​លុយ​នេះ គឺជា​ច្រើនជាង​ប្រាក់ខែ​របស់​គាត់​ទៅទៀត​។ លោកស្រី​ថា ប្រសិន​គ្មាន​ការ​ស៊ើបអង្កេត និង​បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​យុវជន​មាន​មន្ទិលសង្ស័យ។

លោកស្រី យ៉ឹង នីម៖ «ខ្ញុំ​គិតថា គួរតែ​មាន​ការ​បង្ហាញ​នូវ​ភស្តុតាង ឬ​មូលហេតុ ឱ្យ​បាន​ច្បាស់​បន្ថែម​ទៀត ជុំវិញ​ការ​ផ្ដល់​លុយ​ទិញ​ផ្ទះ​នោះ ថា តើ​ក្នុង​លក្ខខណ្ឌ​អ្វី ដែល​ផ្ដល់​លុយ​ឱ្យ​ទិញ​ហ្នឹង? ជៀសវាង​ដែល​យើង​មើល​ឃើញ​ថា កុំឱ្យ​ប្រជាពលរដ្ឋ​គាត់​មានការ​សង្ស័យ ឬ​យល់​ច្រឡំ ជុំវិញ​ការ​ផ្ដល់​លុយ​យ៉ាងច្រើន​ហ្នឹង។ យើង​មើលឃើញ​ប្រសិនបើ​លុយ ៣០ម៉ឺន​ហ្នឹង យក​ទៅ​ជួយ​ប្រជាពលរដ្ឋ ដែល​គាត់​កំពុងតែ​ខ្វះខាត​ពិតប្រាកដ​។ ខ្ញុំ​គិត​ថា វា​មាន​ប្រយោជន៍ និង​ល្​ច្រើន​សម្រាប់​សង្គមជាតិ​យើង»

រីឯ​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី លើកឡើង​ដែរ​ថា ការ​ផ្ដល់​លុយ​ឱ្យ​លោក សាពូន មីដាដា ចំនួន ៣០​ម៉ឺន​ដុល្លារ គឺ​ដូចជា​ការ​ផ្ដល់​រង្វាន់ ឱ្យ​ប្រឹង​វាយប្រហារ​គូប្រជែង​នយោបាយ និង​ពលរដ្ឋ​ដែល​មាន​មតិ​មិន​ស្រប​នឹង​រដ្ឋាភិបាល ហើយក៏​ជា​គំរូ​មិនល្អ ដែល​ហាក់ដូចជា លើកទឹកចិត្ត​ដល់​អ្នក​សិល្បៈ និង​មនុស្ស​ល្បីៗ​មួយចំនួន ឱ្យធ្វើ​ដូច​លោក សាពូន មីដាដា ដើម្បី​បាន​រង្វាន់ និង​តួនាទី។

កញ្ញា​បាន​លើកឡើងថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​កំពូល​របស់​ប្រទេស ដូច្នេះ រាល់​ការចាយវាយ​របស់​លោក ត្រូវតែ​បង្ហាញ​ពី​តម្លាភាព ថា​តើ​ប្រភព​លុយ​នោះ មាន​ប្រភព​មកពីណា​ខ្លះ?

កញ្ញា ភួន កែវរស្មី៖ «កាលពី​ជាង ១០ ឆ្នាំមុន ដែល​គាត់​យក​ទៅ​ឱ្យ​លោក សាពូន មីដាដា តើ​ជា​លុយ​របស់​ជាតិ ឬ​ជា​លុយ​ក្រុម​ឧកញ៉ា ឧបត្ថម្ភ​ផ្ទាល់ ឬ​ជា​លុយ​ដែល​គាត់​បាន​ពី​តំណែង ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​ត្រឹមតែ ១០ លាន​រៀល​ទេ នៅក្នុង​មួយ​ខែ ហើយ​បើ​គាត់​ឱ្យ​លោក សាពូន មីដាដា ៣០​ម៉ឺន​ដុល្លារ គឺ​ស្មើនឹង​គាត់​ឱ្យ​ប្រាក់ខែ​គាត់​ចំនួន ១៦​ខែ ទៅ​ឱ្យ​លោក សាពូន មីដាដា។ ហេតុ​អី​ក៏​គាត់​មាន​សប្បុរសធម៌​ខ្លាំង​ម្ល៉េះ?»

កញ្ញា​មាន​ចម្ងល់​ថា តើ​អាច​មាន​ការ​ផ្ដល់​លុយ​ទាក់ទាញ​ទឹកចិត្ត​ដូច​ករណី​លោក សាពូន មីដាដា ដែរ​ឬទេ សម្រាប់​ពួក​សកម្មជន​បរិស្ថាន សកម្មជន​បក្ស​ប្រឆាំង និង​បណ្ឌិត​បញ្ញវន្ត​មួយចំនួន ដែល​បាន​ប្ដូរ​គោលជំហរ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្ត​បន្ទាប់មក​នោះ?

កញ្ញា ភួន កែវរស្មី៖ «ពួកគេ​មិនបាន​បង្ហោះ​ជា​សាធារណៈ​ទេ ថា​តើ​ពួកគេ​ទទួល​បាន​លុយ​ចំនួន​ប៉ុន្មាន ជា​ថ្នូរ​នឹង​ការផ្លាស់ប្ដូរ​គោលជំហរ​របស់​ពួកគេ​? ហើយ​បើសិន​មនុស្ស​គ្រប់គ្នា ដែល​ទទួល​បាន​ការទិញ​ទឹកចិត្ត ហើយ​ជា​មនុស្ស​បាន​ផ្លាស់ប្ដូរ​ឆន្ទៈ​ខ្លួន ហើយ​គំនិត​ឯង ដើម្បី​ទទួល​បាន​ថវិកា​នោះ បង្ហោះ​ជា​សាធារណៈ​ទាំងអស់គ្នា​។ យើង​អត់​ដឹង​ទេ ថា​តើ​លុយ​ប៉ុន្មាន​លាន​ដុល្លារ ដែល​គណបក្ស​ប្រជាជន ឬ​រដ្ឋាភិបាល​បាន​ប្រើប្រាស់ ដើម្បី​គ្រាន់តែ​ទិញ​ទឹកចិត្ត​មនុស្ស គ្រាន់តែ​ចង់ឱ្យ​គេ​សរសើរ គ្រាន់តែ​ឱ្យ​គេ​និយាយ​ពី​ភាព​វិជ្ជមាន​របស់​រដ្ឋាភិបាល​ហ្នឹង»

ក្រៅពី​យុវជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នោះ​ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ ដីធ្លី​នៅ​តំបន់​បឹង​តា​មោក លោកស្រី ស៊ា ដាវី ក៏​បង្ហាញ​ចម្ងល់​ដែរ។

លោកស្រី ស៊ា ដាវី៖ «សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ផ្ទះ​ខ្លះ​រកតែ​លុយ ១០០ ដុល្លារ​នៅ​លើ​ក្នុងផ្ទះ​គ្មាន អ្នកខ្លះ​មានកូន​មាន​ចៅ សម្រាប់​អ្នកក្រ​នេះ ចែក​ឱ្យ​តែ ១​ពាន់​ដុល្លារ គ្មាន​ចែក​ឱ្យ​កូន​ផង​ការ​ហើយ​។ ហេតុ​អី​គាត់​មាន​លុយ​សំបូរ​លុយ​យ៉ាងនេះ​? ជា​ចម្ងល់​ដែល​សម្រាប់​ខ្ញុំ គ្រាន់តែ​កូនធម៌​ចែក​វាល់​លាន​ដុល្លារ​ទៅ​ហើយ ចុះ​ទ្រាំ​កូនបង្កើត​ទៀត គាត់​ចែក​ប៉ុន្មាន​សិប​លាន ប៉ុន្មាន​រយ​លាន​ដុល្លារ​ទៅ​។ គាត់​បាន​លុយ​ហ្នឹង​មកពីណា​? សម្ដេច​នាយក​រដ្ឋមន្ត្រី​គាត់​រកស៊ី បាន​សំបូរ​លុយ​យ៉ាងហ្នឹង»?

ពលរដ្ឋ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ លោក ឆៃ វ៉ិ​ត លើកឡើង​ដែរ​ថា ប្រសិនបើ​លុយ​លោក ហ៊ុន សែន ផ្ទាល់ខ្លួន​នោះ គឺជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​លោក​ព្រួយបារម្ភ​ថា លុយ​នេះ ជា​លុយ​របស់​ជាតិ​។ លោក​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ចំពោះ​រឿង​នេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ឱ្យ​ប្រជាពលរដ្ឋ​អស់ចិត្ត។

លោក ឆៃ វ៉ិត៖ «ពលរដ្ឋ​ឥឡូវនេះ គាត់​មន្ទិល​ច្រើនណាស់ បើសិន​គ្មាន​បង្ហាញ ឬក៏​បកស្រាយ​ពី​អង្គភាព​របស់​រដ្ឋ​ទេ។ អាហ្នឹង​ពលរដ្ឋ​នៅតែ​មាន​មន្ទិល»

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​ទៅ​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក សយ ច័ន្ទវិចិត្រ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

កន្លងមក អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន តែងតែ​ប្រើ​លុយ និង​ឥទ្ធិពល​របស់​លោក ដើម្បី​ទាក់ទាញ​តារាចម្រៀង និង​មនុស្ស​ល្បីៗ​មួយចំនួន ជា​ថ្នូរ​ដែល​ពួកគេ​វាយប្រហារ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​សកម្មជន​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments