RFA | កម្ពុជា​និង​ចិន​សម្ដែង​សិល្បៈ​ក្បាច់គុន​រួមគ្នា​ដើម្បី​បង្កើន​ទំនាក់ទំនង​វប្បធម៌ និង​វិស័យ​ទេសចរណ៍ | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ការសម្ដែង​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា និង​ក្បាច់គុន​សៅ​លីង​របស់​ចិន នៅ​ខេត្ត​សៀមរាប ដើម្បី​បង្កើន​ទំនាក់ទំនង​វប្បធម៌ កិច្ច​សហប្រតិបត្តិការ និង​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ។

មនុស្ស​ជាច្រើន​ពាន់​នាក់ កំពុង​ទស្សនា​ការសម្ដែង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​ក្បាច់គុន​សៅ​លីង​របស់​ចិន នៅ​បរិវេណ​ប្រាសាទ​បាយ័ន ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី យល់​ថា ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​និមិត្តរូប​វិស័យ​ទេសចរណ៍​ចិន និង​កម្ពុជា ប្រសិនបើ​មាន​ភ្ញៀវ​ទេសចរ​ចិន មក​ទស្សនា​កម្ពុជា​ច្រើន នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា។

តែ​យ៉ាងណា​លោក​ថា អាជ្ញាធរ​គួរតែ​ផ្ដោត​លើ ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទូទៅ នឹង​កាន់តែ​ប្រសើរ ដោយ​រៀបចំ​សណ្ដាប់ធ្នាប់​សន្តិសុខ​ល្អ ផ្តល់​សេវាកម្ម​ល្អ​ជូន​ភ្ញៀវ​ទេសចរ​ចៀសវាង​កេងប្រវ័ញ្ច​ភ្ញៀវ រៀបចំ​កុំឱ្យ​មាន​សំរាម​តាម​ទី​សាធារណៈ និង​បង្កើត​សួនឧទ្យាន​បន្ថែម​ទៀត ជាដើម៖

លោក ខឿវ ធី៖ «ចិន​មកលេង​ច្រើន ការងារ​យើង​ច្រើន​ដែរ មាន​ប្រយោជន៍​ចំពោះ​មិត្តភាព​កម្ពុជា​ចិន​។ យើង​គិត​ទេសចរ​ទូទៅ ទេសចរ​យើង​គិត​ពី​ភាព​មនោ​រម្យ កាលណា​ទេសចរ​អត់​មាន​ចោរ និង​បទល្មើស​ឧក្រិដ្ឋ​កើតឡើង គេ​លើកលែង​។ យើង​អាច​លើកលែង​វីហ្សា​បាន (Visa) បាន​កាន់តែ​ល្អ​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ»

ក្រសួងទេសចរណ៍​បង្កើត​ព្រឹត្តិការណ៍​នេះ ក្នុង​បំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា រវាង​ខេត្ត​ហឺណាន (Henan) ប្រទេស​ចិន និង​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ «​ទស្សនា​សៀមរាប ឆ្នាំ២០២៤» និង «​ឆ្នាំ​នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន ២០២៤»​ ក្នុង​គោលដៅ ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ និង​ទាក់ទាញ​វិនិយោគិន​ចិន​កាន់តែ​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន ថ្លែង​ក្នុង​ពិធី​នោះ​ថា ចំណងមិត្តភាព​កម្ពុជា​ចិន​កាន់តែ​ស្អិតល្មួត​បន្ថែម​ទៀត ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូតដល់​បច្ចុប្បន្ន ។ លោក​ថា ព្រឹត្តិការណ៍​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ជាពិសេស​កិច្ចសហការ​ប្រតិបត្តិការ​ល្អ រវាង​ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ហឺណាន (Henan) ប្រទេស​ចិន ក្នុង​ការ​ពង្រីក​ចំណងមិត្តភាព​កម្ពុជា​-​ចិន ស្របតាម​ស្មារតី​មិត្ត​ដែក​ខែ​ប និង​សហគមន៍​វាសនា​រួមគ្នា រវាង​កម្ពុជា​-​ចិន ប្រកបដោយ​ភាព​ស៊ីជម្រៅ។

លោក សុខ សូកេន៖ «អនាគត​វិស័យ​ទេសចរ​កម្ពុជា​មិនអាច​កាត់ផ្តាច់​បាន ពី​ការ​ស្រូប​ទាញ​កំណើន នៃ​លំហូរ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ឡើយ​។ កម្ពុជា​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ទទួលភ្ញៀវ​ទេសចរ និង​វិនិយោគ​ចិន តាមរយៈ​ការ​ទទួល​បដិសណ្ឋារៈ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន នៅ​កម្ពុជា»

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន ៥​លាន ៤សែន​នាក់ (.៤០០.០០០)​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ៥៤ម៉ឺន​នាក់​ (៥៤០.០០០)​។ រីឯ​ត្រីមាស​ទី១ ក្នុង​ឆ្នាំ២០២៤ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ១លាន​ ៥សែន​នាក់ (.៥០០.០០០) កើនឡើង ២២ភាគរយ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន ១៩ម៉ឺន​នាក់ (១៩០.០០០) កើនឡើង ៤៣ ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments