RFA | លោក ហ៊ុន ម៉ាណែត បដិសេធ ព្រែកជីក​ហ្វូណន គឺជា​ឈ្នាន់​បម្រើ​នយោបាយ​របស់​ចិន | hot news

By , Comment
Share on Facebook Tweet on Twitter

លោក ហ៊ុន ម៉ាណែត បាន​ចេញមុខ​ការពារ​ព្រែកជីក​ហ្វូណន ជាថ្មី​ម្ដងទៀត ក្រោយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា​គម្រោង​ព្រែកជីក​ហ្វូណន គឺជា​ឈ្នាន់​បម្រើ​នយោបាយ​របស់​ចិន។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ច្រានចោល​ចំពោះ​ការ​លើកឡើង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ទាក់ទង​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ថា កម្ពុជា បាន​យល់​អំពី​អត្ថប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច និង​សង្គមជាតិ​កម្ពុជា ដែល​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ នឹង​ផ្ដល់​ឱ្យ​សម្រាប់​ប្រទេស និង​ពលរដ្ឋ​ខ្មែរ ក៏ប៉ុន្តែ​លោក​ថា បែរជា លោក សម រង្សី មិន​មាន​សមត្ថភាព​ក្នុង​ការ​មើល​ឃើញ ឬ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ល្អ​សម្រាប់​ខ្មែរ​ទៅវិញ។

ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ាណែត នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណេរ​ដើម​របស់ លោក សម រង្ស៊ី ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី២៤ ខែ​មេសា ដែល​លោក​លើកឡើង​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ខ្មែរ។ សំណេរ​របស់​លោក សម រង្ស៊ី បន្ត​ថា រដ្ឋាភិបាល បាន​សម្រេច​ធ្វើ​តាម​សំណើ​ចិន​កុម្មុយនិស្ត យ៉ាង​តក់ក្រហល់ និង​គ្មាន​ស្មារតី​ទទួលខុសត្រូវ ឱ្យ​ជីក​ព្រែក​បែបនេះ ដោយ​មិនទាន់​បាន​ធ្វើការ​សិក្សា គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ។ មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ លើកឡើង​ទៀត​ថា បំណង​ធំ នៃ​ព្រែក​នេះ មិនមែន​បម្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច ប្រទេស​កម្ពុជា​ទេ ក៏ប៉ុន្តែ​បម្រើ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​របស់​ចិន​កុម្មុយនិស្ត ដែល​ត្រូវការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន ទៅដល់​ឈូងសមុទ្រ​ថៃ(Thai) ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ (Lao) និង​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន រួច​ទៅ​ហើយ។

ទាក់ទិន​នឹង​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ថា គម្រោង​ព្រែកជីក​ហ្វូណន នឹង​ផ្ដល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ខាង​ដឹកជញ្ជូន​សម្រាប់​កម្ពុជា ហើយ​ព្រែកជីក​នេះ ក៏​នឹង​ធ្វើ​ឱ្យ​កម្ពុជា មាន​ឱកាស​ដណ្ដើម​ចំណូល​ពី​វៀតណាម តាមរយៈ​កប៉ាល់ ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា។ ក៏ប៉ុន្តែ លោក ម៉ែន ណាត ថ្លែង​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី ក៏​ជា​សារ​ដាស់តឿន​មួយ សម្រាប់​រដ្ឋាភិបាល ឱ្យ​សិក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​ប្រជាពលរដ្ឋ និង​មាន​ការ​ប្រយ័ត្នប្រយែង អំពី​ឥទ្ធិពល​ខ្លាំង​ហួសហេតុ របស់​ចិន នៅ​លើ​ទឹកដី​កម្ពុជា ផង​ដែរ។

លោក ម៉ែន ណាត៖ «ចំណុច​មួយទៀត ដែល​យើង​រម្លឹក​ជូន​ដល់​អ្នកនយោបាយ​កម្ពុជា កុំ​ឱ្យ​យក​បញ្ហា​ជុំវិញ​ព្រែកជីក​ហ្វូណន​ហ្នឹង ទៅ​ដាក់​បន្ទុក​ឱ្យ​គ្នា​ទៅវិញទៅមក។ កាលណា​យើង​យក​រឿង​ហ្នឹង​មក​ដាក់​បន្ទុក​ឱ្យ​គ្នា​ទៅវិញទៅមក ដំណោះស្រាយ​នយោបាយ គឺ​វា​អត់​មាន។ ខ្ញុំ​យល់ថា​អ៊ីចេះ! អ្នកនយោបាយ គួរតែ​គិត​ឱ្យ​វែងឆ្ងាយ បើ​ដឹង​ថា​លោក ហ៊ុន សែន ងាក​ទៅ​រក​ចិន​ហើយ អ្នកនយោបាយ​ខាង​ប្រជាធិបតេយ្យ​ហ្នឹង គួរតែ​មាន​ទំនាក់ទំនង​នយោបាយ​ការទូត​ល្អ​ដែរ ជាមួយ​ប្រទេស​មហាអំណាច​ក្នុង​តំបន់​ហ្នឹង ឱ្យ​វា​មាន​តុល្យភាព​ដែរ»

នេះ​មិនមែន​ជា​លើកទីមួយ​ឡើយ ដែល​រដ្ឋាភិបាល​ពីរ​នាក់ ឪពុក និង​កូន​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បាន​ចេញមុខ​ធានា ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដោយ​អះអាង​ថា កសាង​ឡើង​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក និង​ថា​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ យក​កម្លាំង​ទ័ព​មក​ដាក់ ដើម្បី​ប្រឆាំង​នឹង​ប្រទេស​មួយទៀត​ឡើយ។

ទាក់ទង​នឹង​គម្រោង​ព្រែកជីក​ដ៏​ចម្រូងចម្រាស​នេះ រដ្ឋាភិបាល​វៀតណាម និង​សហរដ្ឋអាមេរិក បាន​លើកឡើង​ពី​កង្វល់​ដែល​ថា ព្រែកជីក​នេះ​អាច​ជួយ​សម្រួល​ឱ្យ​មាន​វត្តមាន​យោធា​ចិន ចូល​ក្នុង​ទឹកដី​កម្ពុជា កាន់តែ​ជ្រៅ​តាម​ឈូងសមុទ្រ​ថៃ។ កាលពី​ដំណើរ​ទស្សនកិច្ច​របស់ លោក ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេស​វៀតណាម កាលពី​ចុង​ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាំ ម៉ិញជីញ (Pham Minh Chinh) បាន​ប្រាប់​កម្ពុជា ដោយ​ចំៗ អំពី​ក្ដី​បារម្ភ​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​នេះ ថា នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​បរិស្ថាន និង​ប្រព័ន្ធ​ទឹក​ទន្លេ​មេគង្គ ជាពិសេស​ទឹក​ទន្លេ​ខាងក្រោម ដែល​ហូរ​ពី​កម្ពុជា ទៅ​វៀតណាម។

ទាំង​វៀតណាម និង​ទាំង​សហរដ្ឋអាមេរិក បាន​ជំរុញ​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព និង​ធ្វើការ​ឱ្យ​បាន​ដិតដល់ ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ជុំវិញ​រឿងរ៉ាវ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នេះ។

កម្ពុជា​គ្រោង​នឹង​ដំណើរការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ប្រវែង ១៨០គីឡូម៉ែត្រ នៅ​ចុងឆ្នាំ២០២៤ នេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១ពាន់៧រយលានដុល្លារ។ រដ្ឋាភិបាល​ក៏​គ្រោង​ថា​នឹង​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ ក្រោម​កិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ដែល​មាន​រយៈពេល​សរុប ៥០ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments