RFA | អតិថិជន​បុរី​ពិភព​ថ្មី​គ្មាន​ជំនឿ​ថា ក្រសួង​ដែន​ដី​នឹង​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ទទួល​ទិញ​ផ្ទះ​ពួកគាត់ | hot news

By , Comment
Share on Facebook Tweet on Twitter

អតិថិជន​ទិញ​ផ្ទះ​បង់​រំលស់​ពី​ម្ចាស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​មិន​រំពឹង​ថា ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ អាច​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ទទួល​ទិញ​ផ្ទះ​របស់​ពួកគាត់​តាម​កិច្ចសន្យា​ឡើយ។ ពួក​គាត់​អះអាង​បែប​នេះ គឺ​ដោយសារ​ពួកគាត់​ធ្លាប់​ជួប​ជជែក​ពិភាក្សា​ជាមួយ​ក្រសួង​ដែនដី និង​ភាគី​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ជា​ច្រើន​លើក ប៉ុន្តែ​ក្រសួង​នៅតែ​គ្មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគាត់។

ក្រុម​អតិថិជន​ដែល​អស់​លទ្ធភាព​បង់​ប្រាក់​បន្ត​ឱ្យ​ទៅ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​អស់​ទំនុក​ចិត្ត​លើ​កិច្ច​អន្តរាគមន៍​របស់​ក្រសួង​ដែន​ដី បន្ទាប់​ពី​ពួកគាត់​រង់ចាំ​ដំណោះស្រាយ​អស់​រយៈ​ពេល​​ជិត១ឆ្នាំ​នៅតែ​គ្មាន​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​របស់​ពួកគាត់។

អតិថិជន​បង់​រំលស់​បុរី​ពិភព​ថ្មី​នៅ​ខណ្ឌ​ដង្កោ លោកស្រី គង់ លីដា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២២ ខែមីនា ថា លោកស្រី​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​លុយ​ត្រឡប់​មក​វិញ​នោះ​ទេ ពីព្រោះ​ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ដែន​ដី​កន្លង​ទៅ​គឺ​គ្មាន​ដំណោះស្រាយ​ឡើយ ។ ផ្ទុយ​ទៅ​វិញ​លោកស្រី​ថា ក្រសួង​ដែន​ដី​បែរជា​យល់ស្រប​ជាមួយ​ភាគី​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ដោយ​ឱ្យ​អតិថិជន​បង់​រំលស់​ផ្ទះ​បន្ត។

លោកស្រី គង់ លីដា៖ «ខ្ញុំ​ពិបាក​ក្នុង​ការ​និយាយ​និយាយ​ត្រង់​ហ្មង​មិន​ដឹង​រំពឹង​យ៉ាង​ម៉េច​ទេ​ឥឡូវ​ហ្នឹង។ ជឿជាក់​ថា​ក្រសួង​ដែន​ដី​លោក​ដោះស្រាយ​ឱ្យ​ប៉ុន្តែ​ចូលរួម​ប្រជុំ​ប៉ុន្មាន​ដង​ហើយ​នៅ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ ខាង​ខណ្ឌ​ក៏​មិន​ទាន់​មាន​ដំណោះស្រាយ​ហើយ​ខាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថ្ងៃ​មុន​ចុះ​មក​យក​ញាតិ​របស់​ពួកខ្ញុំ​នៅ​ខណ្ឌ​កំបូល​ទាំង​យប់​រហូត​មក​ដល់​ឥឡូវ​ស្ងាត់ឈឹង​ដំណោះស្រាយ​អត់​ទាន់​ឃើញ​មាន​រហូត​ដល់​ឥឡូវ​ដែរ»

កាលពី​ថ្ងៃ​ទី១៣ ខែមីនា កន្លងទៅ​ក្រសួង​ដែនដី​បាន​អញ្ជើញ​ភាគី​ថៅកែ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី អ្នក​ឧកញ៉ា ហុង ពីវ ដើម្បី​ជួប​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន។ ការ​ជួប​ពិភាក្សា​នេះ​គឺ​ក្រោយ​ពេល​ដែល​ក្រុម​អតិថិជន​បុរី​ពិភព​ថ្មី​បាន​ដាក់​ញាតិ​ទៅ​ក្រសួង​ដែន​ដី​ជា​ច្រើន​លើក ហើយ​ការ​ជួប​ពិភាក្សា​នោះ​គ្មាន​ដំណោះស្រាយ​សមរម្យ​ឡើយ។

ដោយឡែក​អតិថិជន​បុរី​ពិភព​ថ្មី​ម្នាក់​ទៀត ដែល​ត្រូវ​បាន​ក្រុមហ៊ុន​រឹបអូស​យក​ផ្ទះ​ជា​ស្ថាពរ លោកស្រី បាន សុផល រៀបរាប់​ទាំងអស់​សង្ឃឹម​ថា លោកស្រី​បាន​ស្វែង​រក​អន្តរាគមន៍​តាំង​ពី​ថ្នាក់​ខណ្ឌ​រហូត​ដល់​ក្រសួង​ដែន​ដី ប៉ុន្តែ​មក​ទាល់​ពេល​នេះ​គ្មាន​តម្រុយ​ដោះស្រាយ​អ្វី​សោះ។ ស្ត្រី​វ័យ ៥៧ឆ្នាំ​រូប​នេះ​បន្ត​ថា លោកស្រី​ធ្លាក់​ខ្លួន​ឈឺ ហើយ​ចៅ ៤នាក់​ទៀត​ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​ដោយសារ​ក្រុមហ៊ុន​មិន​ទូទាត់ប្រាក់​សំណង​ត្រឡប់​មក​វិញ។

លោកស្រី បាន សុផល៖ «ខ្ញុំ​រាល់ថ្ងៃ​តវ៉ា​ឡើង​ឈឺ​ហើយ​ហ្នឹង​ទៅ​តវ៉ា​ដាច់​បាយ​ដាច់​ទឹក​ហត់​ពិបាក​យើង​ចាស់​ហើយ​ការ​ដោះស្រាយ អត់​មាន​ការ​ដោះស្រាយ​អត់​មាន​ខ្ញុំ​ទៅ​ជួប​ខាង​ការិយាល័យ [office] គេ​គេ​ថា​អត់​មាន​គោលការណ៍​ទេ​មាន​សំណង​មាន​អី​អត់​ទេ​អា​ហ្នឹង​គេ​លុប​ចោល​អស់​ហើយ កាល​ខ្ញុំ​ទិញ​នៅ​បុក​គ្រឹះ​គេ​ថា កាលណា​យើង​អស់​លទ្ធភាព​គេ​ឱ្យ​យើង ៥០ភាគ​រយ​វិញ​កាល​ហ្នឹង​មិន​អស់​លទ្ធភាព​អី​កាល​ហ្នឹង​ខ្ញុំ​ខាន​បង់​តែ​មួយ​ខែ​ជាង​ឱ្យ​ខ្ញុំ​រើចេញ​ហ្មង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី និង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២២ ខែមីនា ។

ទោះ​ជា​យ៉ាង​ណា​គណនី​ហ្វេសប៊ុក (Facebook) របស់​អ្នកឧកញ៉ា ហុង ពីវ បាន បង្ហោះ​កាល​ពី​ថ្ងៃ​ទី១ ខែមីនា បង្ហាញ​ថា ក្នុង​រយៈ​ពេល ៤ខែ​លោក​បាន​ទិញ​ផ្ទះ​ចូល​វិញ​ចំនួន ជិត ២ពាន់​ខ្នង​ផ្ទះ (១៨៧.) ដែល​ចំណាយ​អស់​ទឹក​ប្រាក់​សរុប​ចំនួន​ជិត ២លាន​ដុល្លារ (១៩.៦១៩.៨១៨)។ ប៉ុន្តែ​អតិថិជន​ថា អ្នក​ឧកញ៉ា ហុង ពីវ មិន​បាន​ទទួល​ទិញ​ផ្ទះ​ពី​អតិថិជន​ដូច​ការ​អះអាង​ឡើយ ។

ជុំវិញ​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ពន្លឿន​នីតិវិធី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់។ លោក​បន្ត​ថា ការ​អូស​បន្លាយ​ការ​ដោះស្រាយ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ធ្លាក់​ខ្លួន​ក្រីក្រ និង​បាត់បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល។

លោក អំ សំអាត៖ «ប្រសិនបើ​ពលរដ្ឋ​គាត់​អស់​លទ្ធភាព​បង់​តែ​ការ​ក៏​អស់​លទ្ធភាព​ហើយ​បើ​នៅ​តែ​បង្ខំ​អា​ហ្នឹង​អាច​នឹង​មិន​មាន​ដំណោះស្រាយ​អាច​ចេញ​រួច​ត​ទៅ​ទៀត។ អ៊ីចឹង​ជម្រើស​អាច​ជ្រើសរើស​ជម្រើស​ផ្សេង ដែល​អាច​ទទួល​យក​បាន ហើយ​ពលរដ្ឋ​លោក​មាន​លទ្ធភាព អា​ហ្នឹង​វា​ជម្រើស​ល្អ​ជា​ជាង​ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា ហើយ​បង្ក​ឱ្យ​មាន​បញ្ហា​ហ្នឹង​ត​ទៅ​ទៀត ហើយ​ពលរដ្ឋ​លោក​ជួប​ទុក្ខ​លំបាក​បន្ត​ទៀត»

អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​អ្នក​ឧកញ៉ា ហុង ពីវ រក​ស៊ី​បំពាន​កិច្ចសន្យា​លក់​អចលនទ្រព្យ​យ៉ាង​ណា​ក្ដី ក៏​ឧកញ៉ា​រូប​នេះ​នៅ​តែ​អាច​រស់នៅ​ដោយ​សុខ​ស្រួល ពោល​គឺ គ្មាន​អាជ្ញាធរ​ណា​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ដក​ហូត​គោរមងារ​ជា​ឧកញ៉ា​ឡើយ។ ផ្ទុយ​ពី​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ចេញ​តវ៉ា​ស្វែង​រក​ដំណោះស្រាយ​តែងតែ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា និង​បិទ​ផ្លូវ​មិន​ឱ្យ​ពួក​គាត់​តវ៉ា ខណៈ​ផ្ទះ​របស់​អតិថិជន​មួយ​ចំនួន ត្រូវ​បាន​ក្រុមហ៊ុន​ផ្សារដែក​បិទ ឬ​ចាក់​សោ​ពី​ខាង​ក្រៅ និង​ដាក់​ស្លាក​ថា ផ្ទះ​របស់​ក្រុមហ៊ុន​អនុវត្ត​តាម​កិច្ចសន្យា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments