RFA | តុលាការ​ខេត្ត​ព្រះវិហារ​កោះ​ហៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ១១នាក់ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់ | hot news

By , Comment
Share on Facebook Tweet on Twitter

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​កោះ​ហៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ១១នាក់ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ញុះញង់ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា តើ​អ្នក​ណា​ជា​ភាគី​ដើម​បណ្ដឹង​នោះ​ទេ។ ប្រជា​សហគមន៍​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ ដើម្បី​គំរាម​កំហែង​ពួក​គេ​មិន​ឱ្យ​ឈឺឆ្អាល​រឿង​បទ​ល្មើស​ព្រៃ​ឈើ។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​រស់នៅ​ឃុំ​ម្លូ​ព្រៃ ១ ស្រុក​ឆែប ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ ខែវិច្ឆិកា​ថា សមាជិក​សហគមន៍ ៨នាក់ បាន​ចូល​បំភ្លឺ​នៅ​សាល​ដំបូង​ខេត្ត​ព្រះវិហារ​រួច​ហើយ កាល​ពី​ពេល​ថ្មីៗ នេះ នៅ​សល់​តែ ៣នាក់​ទៀត​ទេ នឹង​ត្រៀម​ខ្លួន​ទៅ​បំភ្លឺ នៅ​ថ្ងៃ​ទី៦ និង​ទី១១ ខែវិច្ឆិកា​ខាង​មុខ​នេះ។

តំណាង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា លោក ណែត ណៃ ប្រាប់​អាស៊ី​សេរី​ថា លោក​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី១១ ខែវិច្ឆិកា​ខាង​មុខ​នេះ ដោយ​មាន​ពលរដ្ឋ​ចំនួន ៨ភូមិ​ទៅ​ឃ្លាំមើល​ដល់​តុលាការ។ លោក​ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ​ថា ជា​ការ​បំបាក់​ស្មារតី​ប្រជា​សហគមន៍ ដែល​តែងតែ​ប៉ះទង្គិច​ជាមួយ​ក្រុម​ឈ្មួញ និង​មន្ត្រី​ជំនាញ ព្រោះ​ពួក​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លោក​បន្ថែម​ថា ក្នុង​ដីកា​កោះ​ហៅ​នេះ ពុំ​មាន​ឈ្មោះ​ដើម​បណ្ដឹង​នោះ​ទេ តែ​លោក​សង្ស័យ​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ គឺជា​ដើម​បណ្ដឹង៖ «យើង​អត់មាន​ឆបោក ឬ​អត់មាន​ញុះញង់​អី​ផង ខ្ញុំ​គ្រាន់តែ​កៀរគរ​កម្លាំង​ទៅ​ល្បាត​ព្រៃ ឬ​សម្រាប់​ពង្រឹង​សហគមន៍​របស់​ខ្ញុំ​តែប៉ុណ្ណោះ ខ្ញុំ​មាន​ជំហរ​មួយ​ថា ខ្ញុំ​ពង្រឹង​សហគមន៍​ខ្ញុំ ដើម្បី​ល្បាត​ព្រៃ​ការពារ​ព្រៃ​ឈើ​សត្វព្រៃ​ ​និង​ការពារ​ច្បោះ​ជ័រ​របស់​ពួក​ខ្ញុំ»

សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​ម្នាក់ទៀត គឺ​លោក លៀម សាឃីន វ័យ ៦០ឆ្នាំ ថ្លែង​ថា ពាក្យ​បណ្ដឹង​នេះ​ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន ហាក់​ចងគំនុំ​ជាមួយ​ប្រជា​សហគមន៍ ដែល​ប្រមូល​គ្នា​ឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ និង​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ។លោក​ថា លោក​នឹង​ត្រៀម​ខ្លួន​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី៦ ខែវិច្ឆិកា​ខាង​មុខ​នេះ ព្រោះ​ពួក​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ទេ៖ «មាន​ភ័យ​អី​ទេ​បើ​ខ្ញុំ​អត់មាន​ខុស​អី​ផង បើ​គេ​ឃុំ​ក៏​ឃុំ​ទៅ​ ​តែ​ខ្ញុំ​អត់មាន​ខុស​អី​បើ​ថា គេ​ចេះ​ឃុំ​ក៏​ឃុំ​ទៅ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៤ វិច្ឆិកា។

កាលពី​អំឡុង​ខែ​តុលា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក សេង ម៉េង ស្រ៊ុន បាន​ចេញដីកាកោះ​ហៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ១១រូប ឱ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ពី​បទ​ឆបោក និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ ក្នុង​ដីកា​កោះ​ហៅ​នោះ បាន​កំណត់​កាល​បរិច្ឆេទ​ចាត់​ឱ្យ​ប្រជា​សហគមន៍ ១១រូប​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ផ្សេងៗ គ្នា ចាប់​ពី​ដើម​ខែ រហូត​ដល់​ថ្ងៃ​ទី១១ ខែវិច្ឆិកា។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ​ខេត្ត​ព្រះវិហារ លោក ទី សុវណ្ណថាល់ មានប្រសាសន៍​ថា ដីកាកោះ​ហៅ​នេះ គ្រាន់តែ​ជា​ការស៊ើបអង្កេត​ជាបឋម​តែប៉ុណ្ណោះ​ ​ពុំ​មែន​ជា​បទល្មើស​ជាក់​ស្ដែង​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រជា​សហគមន៍​ទាំង​នោះ មិនមែន​ជា​ជនជាប់ចោទ​នោះ​ទេ គ្រាន់តែ​ជា​ជន​សង្ស័យ​រង​បណ្ដឹង​ពី​អ្នក​ដទៃ ឬ​មន្ត្រី​ជំនាញ​ណា​មួយ ហេតុនេះ​ស្ថាប័ន​អយ្យការ​នឹង​មិន​ឃាត់ខ្លួន​ពួកគាត់​នោះ​ទេ។ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា នរណា​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ​ទេ៖ «ចូល​មក​ឆ្លើយ​មក​អា​ហ្នឹង​គ្រាន់តែ​អង្កេត​បឋម​តើ​មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​ណា ដូច្នេះ​មិន​អាច​ឃាត់ខ្លួន​ឡើយ។ អាច​សំណុំរឿង​ប្ដឹង​ចូល​សមត្ថកិច្ច​នគរបាល ឬ​អាវុធហត្ថ​អាវុធហត្ថ​អង្កេត​បឋម​កសាង​សំណុំរឿង​រុញ​មក​ខាង​ខ្ញុំ ហើយ​ជូន​កាល​អាច​គេ​ដើម​បណ្ដឹង​ប្ដឹង​ផ្ទាល់​មក​ខាង​ខ្ញុំ»

ទោះ​ជា​យ៉ាងនេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ចាត់​ទុក​ដីកាកោះ​ហៅ​នេះ ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ការពារ​ព្រៃឈើ និង​ឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា។ លោក​សង្កេតឃើញ​ថា អ្នក​កាប់​ឈើ និង​ដឹក​ឈើ​ខុស​ច្បាប់​កម្រ​ឃើញ​តំណាង​អយ្យការ​កោះហៅ​មក​សួរនាំ​ណាស់។

សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​អះអាង​ថា ព្រៃ​ព្រះ​រកា​នៅ​តែ​ទទួល​រង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ពេល​យប់ ដោយ​គ្មាន​ការ​រារាំង​ពី​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​មូលដ្ឋាន។ ប្រជា​សហគមន៍​ប្ដេជ្ញា​ថា ពួក​គេ​នៅ​តែ​បន្ត​ការពារ​ព្រៃ​ឈើ​ស្រប​តាម​រដ្ឋធម្មនុញ្ញ បើ​ទោះបី​រង​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​តុលាការ​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments