មជ្ឈមណ្ឌលបុប្ជាណា ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីឌីជីថល ឬហៅថា អែប (App) ថ្មីមួយនៅថ្ងៃទី២៥ កក្កដា សម្រាប់ការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមលើទូរស័ព្ទស្មាតហ្វូន (Smart Phone)។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ជាណា ដែលធ្វើការផ្នែកចងក្រងធនធានសោតទស្សន៍ទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម គឺលោក ជា សុភាព បញ្ជាក់ថា ព័ត៌មានក្នុងកម្មវិធី ឬអែប នេះ ត្រូវបានបែងចែកជា ៨ជំពូកធំ ហើយជំពូកនីមួយៗ មានឯកសារប្រវត្តិសាស្ត្រជាច្រើនយកពីប័ណ្ណសារឯកសារសរសេរក្នុង និងក្រោយរបបខ្មែរក្រហម៖ «»។
ព័ត៌មានក្នុង ៨ជំពូកធំៗ មានជាអាទិ ការឡើងអំណាចរបស់ខ្មែរក្រហម ការដួលរលំនៃទីក្រុងភ្នំពេញ ការដ្ឋានការងារជាសមរភូមិថ្មី គោលនយោបាយ និងមនោគមវិជ្ជាខ្មែរក្រហម ប្រព័ន្ធសន្តិសុខ ការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជំពូកទី៨ ដំណើរឆ្ពោះទៅរកយុត្តិធម៌។
លោក ជា សុភាព បន្តថា អែប ឬកម្មវិធីសិក្សាប្រវត្តិខ្មែរក្រហមនេះ ជាគម្រោងស្នើសុំមួយសម្រាប់ភាគីដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២ វគ្គ ២ នៅសាលាក្ដីខ្មែរក្រហម។ កម្មវិធីនេះ ជាគម្រោងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រខ្មែរក្រហមទូលំទូលាយតាមប្រព័ន្ធអ៊ីនធឺណិតឥតបង់ថ្លៃ។ កម្មវិធីនេះ ក៏ជាឧបករណ៍បន្ថែមមួយសម្រាប់កម្មវិធីសិក្សាថ្នាក់ជាតិ ដែលជួយដល់គ្រូបង្រៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហមក្នុងថ្នាក់រៀន។ គម្រោងនេះ ក៏ដើម្បីអប់រំយុវជនអំពីប្រវត្តិខ្មែរក្រហម តាមការប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិត មានភាពសុក្រឹត និងស្តង់ដារមួយដែលពិនិត្យដោយអ្នកជំនាញកម្ពុជា និងអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីយុត្តិធម៌ សិទ្ធិមនុស្ស និងសន្តិភាព ដោយបង្កើតឲ្យមានការសន្ទនាឆ្លងជំនាន់រវាងអ្នករស់រានពីរបបខ្មែរក្រហម និងយុវជន។
នៅថ្ងៃទី២៥ កក្កដា ដដែល សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម បានចេញដីកាបញ្ជូនសំណុំរឿងលេខ ០០៣ ទៅឲ្យសហព្រះរាជអាជ្ញាពិនិត្យ។ ការបញ្ជូនសំណុំរឿងលេខ ០០៣ គឺដើម្បីស្នើសុំឲ្យសហព្រះរាជអាជ្ញាដាក់ដីកាសន្និដ្ឋានស្ថាពររបស់ខ្លួនលើសំណុំរឿងនេះក្នុងរយៈពេល ៣ខែ។
មេធាវីការពារក្ដីឲ្យជនជាប់ចោទក៏នឹងត្រូវផ្ដល់ជូនពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លើយតបដីកាសន្និដ្ឋានស្ថាពររបស់សហព្រះរាជអាជ្ញាមុនពេលចេញដីកាដំណោះស្រាយថា ត្រូវបញ្ជូនទៅជំនុំជម្រះ ឬក៏ត្រូវលើកលែងការចោទប្រកាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments