RFA | សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ខេត្តកំពត​ឱ្យ​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​បំផ្ទុះ​ភ្នំ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តកំពត​ ពិនិត្យ​ឡើង​វិញ និង​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​​ឯកជន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​កាយ​ថ្ម​ភ្នំ ប៉ះពាល់​បរិស្ថាន និង​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ។

សំណើ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ក្រុមហ៊ុន​ផលិត​ថ្ម​កំបោរ​មួយ បាន​ប្រើ​សារធាតុ​គីមី​បំផ្ទុះ​ភ្នំ ខ្វះ​បច្ចេកទេស បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ និង​ប៉ះពាល់​លំនៅ​ឋាន​អ្នកភូមិ។

មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពត និង​ក្រសួង​ពាក់ព័ន្ធ​ចាត់​វិធានការ​ច្បាប់​ លើ​ក្រុមហ៊ុន​ផលិត​ថ្ម​កំបោរ​មួយ​ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ​បាន​ប្រើ​សារធាតុ​គីមី​បំផ្ទុះ​ថ្ម​ភ្នំ បណ្ដាល​ឱ្យ​កម្ទេច​កន្ទី​ថ្ម​ហុយ​គ្រប​ដណ្ដប់​មួយ​ផ្នែក លើ​ភូមិឋាន​របស់​អ្នកស្រុក។

បាតុភាព​នេះ​កើត​ឡើង ក្នុង​ភូមិ​ច្រក​ឃ្លៃ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ​មាស បណ្ដាល​ឱ្យ​ពលរដ្ឋ ៤នាក់​រង​របួស និង​ខូចខាត​លំ​នៅ​ឋាន ព្រម​ទាំង​ងាប់​គោ​ចំនួន ២ក្បាល កាល​ពី​ថ្ងៃ​ទី ១៤ តុលា ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្តកំពត លោក យន់ ផល្លី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ តុលា​ថា មន្ត្រី​ជំនាញ​ត្រូវ​ចាត់​វិធានការ​ឱ្យ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​ករណី​នេះ និង​ផ្ដល់​សំណង​ប៉ះប៉ូវ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រុក។

លោក​ថា ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅ​ជុំវិញ​ភ្នំ ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​សុខភាព ដោយសារ​ថ្ម​ហុយ និង​សំឡេង​រំខាន ដែល​អាជ្ញាធរ​គួរតែ​ដោះស្រាយ ឱ្យ​ច្បាស់លាស់​ ចៀសវាង​បាតុភាព​នេះ​កើត​មាន​ជា​ថ្មី​ទៀត។

លោក យន់ ផល្លី៖ «អត់​ទេ គាត់​ថា បច្ចេកទេស​អ៊ីចឹង​ដែរ។ គាត់​ថា គេ​ធ្វើ​ខុស​បច្ចេកទេស ឮ​និយាយ​តែ​ប៉ុណ្ណឹង ហើយ​ខាង​ក្រសួង​ខាង​មន្ទីរ​គេ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​រឿង​ទាំង​អស់​នោះ»

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា  នៅ​ខេត្ត​កំពត​មាន​ភ្នំ​យ៉ាង​ហោច​ណាស់ ១៥ភ្នំ​កំពុង​ប្រឈម​ការ​កាយ​កម្ទេច​ធ្វើ​អាជីវកម្ម ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច។ ភ្នំ​ខ្លះ​កាយ​យក​ថ្ម ភ្នំ​ខ្លះ​ទៀត​កាយ​ធ្វើ​សំណង់ និង​ថ្ម​កំបោរ ធ្វើ​ឱ្យ​ប៉ះពាល់​សម្រស់​ធម្មជាតិ និង​អត្តសញ្ញាណ​ភូមិ​កំណើត​របស់​អ្នក​ស្រុក។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន និង​រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និង​ថាមពល លោក កែវ រនតៈ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី ១៦​ តុលា​ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក​ ។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ លោក អ៊ឹង ឌីប៉ូឡា ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ចុង​ឆ្នាំ២០២៣ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក កែវ រតនៈ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ បញ្ជា​ឲ្យ​មន្ត្រី​បញ្ឈប់​ផ្ដល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​​កាយ​ភ្នំ​យក​ថ្ម​ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ប្រសិន​បើ​ក្រុមហ៊ុន​ណា​មួយ មិន​អនុវត្ត​នីតិវិធី​របស់​ក្រសួង​ និង​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ត្រឹមត្រូវ។ 

លោក​ថា ក្រសួង​ពាក់ព័ន្ធ​ត្រូវ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់ មុន​នឹង​អនុញ្ញាត​ឱ្យ​កាយ​ភ្នំ​ធម្មជាតិ​ ដែល​ជា​ទ្រព្យ​សម្បត្តិ​ជាតិ និង​ជា​កេរ​មរកត​ដូនតា។

ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ចំណាត់ការ​របស់​ក្រសួង​សាមី​ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ដោយ​សារ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​មិន​អនុវត្ត​តាម និង​មាន​អំពើ​ពុករលួយ។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង យល់​ថា ក្រុមហ៊ុន​ឯកជន​ដែល​ធ្វេស​ប្រហែស បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​មិន​អាច​លើក​លែង​បាន​ឡើយ។

លោក ហេង គឹមហុង៖ «អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត ការពារ​កុំ​ឱ្យ​កើត​មាន​ករណី​នេះ​ត​ទៀត។ ឯ​ក្រុមហ៊ុន​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំង​ការ​ខូចខាត​ ហើយ​បើ​សិន​ជា​ពលរដ្ឋ​មាន​ទុក្ខ​ធ្ងន់ធ្ងរ​ទៀត។ ត្រូវ​ឡើង​ដល់​ព្រហ្ម​ទណ្ឌ​ ព្រោះ​ការ​ធ្វើ​ស្ងាត់​បែប​នេះ​មិន​អាច​លើក​លែង​បាន​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​បន្ថែម​ថា សកម្មភាព​កាយ​ភ្នំ​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​កំពត​ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ទី​តាំង​ប្រវត្តិសាស្ត្រ និង​សម្រស់​ធម្មជាតិ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ បច្ចុប្បន្ន​ភ្នំ​ដែល​ក្រុមហ៊ុន​កំពុង​កាយ​កម្ទេច​ធ្វើ​អាជីវកម្ម​រួម​មាន ភ្នំ​ស្ដេច​គង់ ភ្នំ​ទទឹង​ទូកមាស ភ្នំមាស ភ្នំច្រលួញ ភ្នំកូនសត្វ ភ្នំខ្លុង និង​ភ្នំទិព្វ ជា​ដើម។

ច្បាប់​ភូមិ​បាល​ឆ្នាំ២០០១ មាត្រា ១៦ ចែង​ថា ភ្នំជាទ្រព្យ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់​ដូរ​បាន​ទេ​ ហើយ​ទ្រព្យ​កម្ម​សិទ្ធិ​ទាំង​នោះ មិន​អាច​កំណត់​អាជ្ញាយុកាល​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments