RFA | មេធាវី និង​អ្នកវិភាគ​ថា ប្រធាន​គណៈ​មេធាវី​ថ្មី លោក សាំង វណ្ណៈ ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច​នឹង​បន្ត​រឹតត្បិត​សិទ្ធិ​មេធាវី | hot news

By , Comment
Share on Facebook Tweet on Twitter

មេធាវី និង​អ្នកវិភាគ​ថា ប្រធាន​គណៈ​មេធាវី​ទើប​ជាប់​ឆ្នោត​ថ្មី លោក សាំង វណ្ណៈ ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច​​នឹង​​​បន្ត​រឹតត្បិត​​​សិទ្ធិ​​​សេរីភាព​មេធាវី។ ការ​លើក​ឡើង​នេះ គឺ​ដោយ​សារ​ពួកគេ​កត់​សម្គាល់​ឃើញ​ថា អតីត​ប្រធាន​គណៈ​មេធាវី​​​មុនៗ ដែល​​ជា​​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​​កន្លង​មក​តែង​រឹតត្បិត​​មិន​​ឱ្យ​មេធាវី​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ ឬ​រិះគន់​ទៅ​លើ​សំណុំ​រឿង​នយោបាយ​នោះ​ឡើយ។

ការ​លើក​ឡើង​របស់ មេធាវី និង​អ្នកវិភាគ ធ្វើ​ឡើង​ក្រោយ​ពេល លោក សាំង វណ្ណៈ កាលពី​ថ្ងៃ​ទី១៦ ខែតុលា បាន​ត្រូវ​បាន​សមាជិក​គណៈ​មេធាវី​បោះឆ្នោត​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ប្រធាន​គណៈ​មេធាវី​ សម្រាប់​អាណត្តិទី១៥ ជំនួស​ឱ្យ​លោក លី ច័ន្ទតុលា ដែល​ផុត​អាណត្តិ។

មេធាវី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​មេធាវី​នីមួយៗ មាន​ឯករាជ្យ​ភាព​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​នយោបាយ ឬ​ការ​ពារ​ក្ដី​ឱ្យ​បុគ្គល​ណា ក៏​បាន​ពិត​មែន ប៉ុន្តែ​លោក​ថា សម្រាប់​តួនាទី​ជា​ប្រធាន​គណៈ​មេធាវី​គួរ​តែ​ជា​បុគ្គល​ឯក​រាជ្យ និង​មិន​បម្រើ​ដល់​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ លោក​បារម្ភ​ថា ប្រធាន​គណៈ​មេធាវី​ថ្មី​គឺ លោក សាំង វណ្ណៈ អាច​នឹង​បន្ត​រឹតត្បិត​សិទ្ធិ​មេធាវី ដែល​ការពារ​ឱ្យ​មន្ត្រី​គណបក្សប្រឆាំង ឬ​សកម្មជន​មិន​ឱ្យ​ពួកគាត់​បញ្ចេញ​មតិ​បាន។ លោក​ថា​ការ​រឹតត្បិត​លើ​ករណី​បែប​នេះ​បាន​កើត​ឡើង​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ជា​ពិសេស ក្នុង​អាណត្តិ​របស់​អតីត​ប្រធាន​គណៈ​មេធាវី លោក លី ច័ន្ទតុលា។

ចំណែក​អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា សម្រាប់​តួ​នាទី​ជា​ប្រធាន​គណៈ​មេធាវី​គួរ​ប្រកាន់​ជំហរ​ឱ្យ​ស្ថាប័ន​នេះ​មាន​ភាព​ឯករាជ្យ ហើយ​​​​ត្រូវ​ធានា​ឱ្យ​បាន​ថា គ្មាន​ការ​រើស​អើង​ទៅ​លើ​មេធាវី​រូប​ណា ដែល​កាន់​សំណុំ​រឿង​បក្ស​ប្រឆាំង ឬ​សកម្មជន​សង្គម និង​នយោបាយ​នោះ​ទេ។

លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា កន្លង​មក ក្រុម​មេធាវី​ដែល​កាន់​សំណុំ​រឿង​ឱ្យ​គណបក្ស​កាន់​អំណាច​តែង​ឈ្នះ​ក្ដី​ទៅ​លើ​មេធាវី​ដែល​កាន់​សំណុំ​រឿង​របស់​មន្ត្រី ឬ​សកម្មជន​បក្ស​ប្រឆាំង។ លោក​ថា ប្រធាន​គណៈ​មេធាវី​ក៏​គួរ​តែ​ពង្រឹង​ស្ថាប័ន​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​សាធារណជន​អាច​ជឿជាក់​បាន ព្រោះ​តែ​កន្លង​មក​លោក​កត់​សម្គាល់​ឃើញ​ថា​មាន​មេធាវី​មួយ​ចំនួន​បាន​សូកប៉ាន់​ចៅក្រម ដើម្បី​ឈ្នះ​ក្ដី។

លោក ស៊ឹង សែនករុណា៖ «ប្រសិន​ជា​គណៈ​មេធាវី ទោះ​បី​ថា គាត់​នៅ​ក្នុង​អំណាច​តួនាទី​បក្ស​ណា​មួយ​ក៏​ដោយ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ខ្លួន​ប្រកាន់​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ត្រូវ​តែ​ធ្វើ​កិច្ច​ការងារ​ដោយ​អព្យាក្រឹត្យ ដោយ​ឯករាជ្យ ដោយ​មិន​លុះ​អគតិ​ទាំង ៤ដែរ ហើយ​យើង​ប្រើ​ប្រាស់​វិជ្ជាជីវៈ​តាម​ផ្លូវ​ច្បាប់​របស់​យើង​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ អា​ហ្នឹង​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ក្នុង​ការ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ល្អ​ប្រសើរ​ដែរ»

លោក សាំង វណ្ណៈ មាន​អាយុ ៤៩ឆ្នាំ។ លោក​ជាប់​ជា​មេធាវី​ពេញ​សិទ្ធិ​ក្នុង​ឆ្នាំ២០០៦។ លោក គឺ​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ ហើយ​លោក​ក៏​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ប្រធាន​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត ហើយ​ទីបំផុត​​តុលាការ​បាន​សម្រេច​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​ លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​ ចន្លោះ​ពី ២០ ទៅ ២៥ឆ្នាំ​ កាល​ពី​ខែកក្កដា ឆ្នាំ​មុន​ដែរ។ លោក​ សាំង វណ្ណៈ ជា​សមាជិក​ក្រុម​មេធាវី​នីតិរដ្ឋ និង​ជា​ប្រធាន​សារការី​​អង្គរ​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​គណៈ​មេធាវី លោក សាំង វណ្ណៈ បាន​ទេ នៅ​ថ្ងៃ​ទី១៧ ខែ​តុលា។

នៅ​មុន​អាណត្តិ​របស់​លោក សាំង វណ្ណៈ អតីត​ប្រធាន​គណៈ​មេធាវី​ដែល​ទើប​នឹង​ចប់​អាណត្តិ គឺ​ លោក លី ច័ន្ទ​តុលា គឺ​ជា​មេធាវី​មាន​ឥទ្ធិពល​ម្នាក់​ក្នុងចំណោម​ក្រុម​មេធាវី​របស់​លោក គី តិច ដែល​ជា​មេធាវី​រដ្ឋាភិបាល​និង​អតីតប្រធាន​គណៈ​មេធាវី​ផង​ដែរ។ លោក លោក លី ច័ន្ទតុលា ក៏​ជា​មេធាវី​ម្នាក់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សំណុំ​រឿងក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៧ និង​បាន​រៀបចំ​ឯកសារ​ស្នើសុំ​តុលាការ​កំពូល​បំបិទ​សិទ្ធិ​ធ្វើនយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​ ១១៨នាក់​រយៈ​ពេល ៥ឆ្នាំ។ ក្រោយ​ពេល​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជោគជ័យ​លោក លី ច័ន្ទតុលា ក៏​ជា​មេធាវី​ម្នាក់ ដែល​កំពុង​ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​នៅ​តុលាការ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments