RFA | គ្រួសារ​ជន​រង​គ្រោះ និង​មន្រ្តី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ជូន​កុមារី​រង​គ្រោះ ពី​ការ​បៀតបៀន និង​រំលោភ​សេពសន្ថវៈ | hot news

By , Comment
Share on Facebook Tweet on Twitter

គ្រួសារ​ជន​រង​គ្រោះ និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​តុលាការ​បើក​ការ​ស៊ើបអង្កេត ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ ពាក់ព័ន្ធ​កូន​អ្នក​ឧកញ៉ា សុះ កំរី ដែល​ជា​មេ​ដឹកនាំ​សាសនា​ឥស្លាម​កម្ពុជា ដែល​មាន​កូន​ប្រុស​ឈ្មោះ កាមារ៉ូទីន ស៊ូហៃមី បាន​ជាប់​ពាក់ព័ន្ធ ករណី​បៀតបៀន​ផ្លូវ​ភេទ​កុមារី​ជនជាតិ​ចាម ១៨នាក់ និង​ផ្ដល់​សំណង់ ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ។

ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ បើក​ការ​ស្រាវជ្រាវ និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ឃុំខ្លួន លោក កាម៉ារូទីន ស៊ូហៃមី ជា​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

គ្រួសារ​កុមារី​រង​គ្រោះ អំពាវនាវ​ឱ្យ​តុលាការ​ស្វែងរក​យុត្តិធម៌​ជូន​កុមារ​រង​គ្រោះ ពី​ការ​រំលោភ និង​បៀតបៀន​កេរខ្មាស​ឱ្យ​បាន​គ្រប់​គ្នា។

ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​គិត​អំពី​សុវត្ថិភាព បាន​ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង កាល​ពី​យប់​ថ្ងៃ​ទី១៦ តុលាថា ក្មួយ​ស្រី​របស់​លោកស្រី​បាន​រៀបរាប់​ប្រាប់​អ្នកស្រី​ថា ជន​សង្ស័យ​ឈ្មោះ កាម៉ារូទីន ស៊ូហៃមី បាន​បៀតបៀន​ក្មួយ​អ្នកស្រី និង​សិស្ស​ដទៃ​ទៀត ដែល​ស្នាក់នៅ​ក្នុង​អន្តេវាសិកដ្ឋាន នៅ​ក្នុង​សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ការ​លើក​ឡើង​របស់​ម្ដាយមីង​ជន​រង​គ្រោះ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ជន​សង្ស័យ​មិន​ទាន់​សារភាព ក្នុង​ពេល​សមត្ថកិច្ច​សួរ​ចម្លើយ កាល​ពី​ថ្ងៃ​ទី១៥ តុលា។ ក្រោយ​ពី​សួរ​ចម្លើយ ព្រះរាជអាជ្ញា​បាន​ចេញ​ដីកា​ឱ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ត ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លួវ​ច្បាប់។

មក​ទល់​ពេល​សមត្ថកិច្ច​បាន​រក​ឃើញ​ជន​រង​គ្រោះ ៤នាក់ ជា​អនីតិជន ដែល​មាន​អាយុ​ពី ១៣ឆ្នាំ ទៅ ១៥ឆ្នាំ។ រីឯ​ជន​សង្ស័យ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ប្រទូស្ត​កេរខ្មាស និង​រំលោភ​សេពសន្ថវៈ ឈ្មោះ សូហ៊ៃមី នេះ អាយុ ៣៣ឆ្នាំ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត និង​លោក​ឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការ​រង​នគរបាល​ជាតិ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​នៅ​ឡើយ​ទេ។ រីឯ​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​ទាក់ទង ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ដែរ កាល​ពី​ថ្ងៃ​ទី១៦ តុលា។

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ស៊ូហៃមី យក​​មក​សួរ​ចម្លើយ កាល​ពី​ថ្ងៃ​ទី១៥ តុលា​នេះ ក្រោយ​ពេល​សាធារណជន និង​ពលរដ្ឋ​ជា​ច្រើន បាន​បង្ហោះ​សារ​រិះគន់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំពី​បៀតបៀន​កេរខ្មាស និង​រំលោភ​កុមារី ដែល​រឿង​នេះ បាន​បែក​ធ្លាយ និង​គេ​ចែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំលែក​ពាសពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ពេល​ថ្មីៗ នេះ។

ជន​សង្ស័យ ស៊ូហៃមី ជា​កូន​ប្រុស​របស់​អ្នក​ឧកញ៉ា សុះ កំរី (Sos Kamry) ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា លោក សុះ កំរី ។

ម្ដាយមីង​ជន​រង​គ្រោះ​ដដែល​អះអាង​ថា ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ​នេះ ថ្នាក់​ដឹកនាំ​សាលា អាន់នៀកម៉ះ ភ្នំពេញ (Madrasah-An-ni’man-Al-Islamiyah-Al-Thanawiyah) ឈ្មោះ អារ៉ាហ្វាត (Arafat) និង កូន​ប្រសា​របស់​អ្នក​ឧញ៉ា សុះ កំរី ឈ្មោះម៉ូត យូសុះ ជា​អ៊ីម៉ាំខែត្រ ឬ​មេគណ​ខែត្រ បាន​ទៅ​បញ្ចុះបញ្ចូល​ឱ្យ​ក្មួយ​របស់​អ្នកស្រី វិល​ទៅ​រៀន​វិញ។

ក្រុម​អ្នក​​​​​​​​​​​​​​​​​​​លេង​បណ្ដេញ​សង្គម និង​ប្រភព​អ្នក​រស់​នៅ​ក្បែរ​សាលា​បង្រៀន​មួយ​នេះ​រិះគន់​ថា ថ្នាក់ដឹកនាំ​សាលា និង​ក្រុម​គ្រួសារ អ្នកឧកញ៉ា សុះ កំរី មិន​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​នាំ​ខ្លួន​ជន​សង្ស័យ​មក​សួរ​ចម្លើយ ដើម្បី​ឱ្យ​តុលាការ​ចាត់​នីតិវិធី​តាម​ផ្លូវ​ច្បាប់ បែរ​ជា​អ្នក​នាំ​គ្នា​ការពារ​ជន​សង្ស័យ​ទៅ​វិញ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ដែល​បាន​តាមដាន​លើ​រឿង​នេះ​ដែរ ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៦ ខែតុលា​ថា ការ​ចាប់​ខ្លួន លោក កាមារ៉ូទីន ស៊ូហៃមី ដែល​ជា​ជន​សង្ស័យ​នេះ គឺ​ជា​ការ​ល្អ ដើម្បី​ស៊ើប​អង្កេត​រក​យុត្តិធម៌​ពិត​ប្រាកដ។ ក៏ប៉ុន្តែ លោក​ថា ករណី​សំណុំ​រឿង​បៀតបៀន​ផ្លូវ​ភេទ​នេះ តុលាការ ឬសមត្ថកិច្ច ត្រូវ​ឈរ​លើ​គោលការណ៍​ផ្ដល់​យុត្តិធម៌​ទាំង​សង​ខាង ទទួល​បាន​អយុត្តិធម៌ ។

លោក​បន្ថែម​ថា ករណី​បៀតបៀន​ផ្លូវ​ភេទ​សិស្ស​សាលា​នេះ ពុំ​មែន​ទើប​តែ​កើត​មាន​នោះ​ទេ លោក​ថា បើ​មើល​តាម​សាវតារ​រឿង ករណី​នេះ បាន​កើត​មាន​ជា​យូរ​មក​ហើយ ប៉ុន្តែ ជន​រងគ្រោះ មិន​ហ៊ាន​ប្ដឹង ព្រោះតែ​ខ្លាច​អំណាច​ជន​បង្ក។ លោក​សង្ឃឹម​ថា តុលាការ​នឹង​កាត់ក្ដី​ឈរ​លើ​ភាព​យុត្តិធម៌ ដោយ​ពុំ​ស្ថិត​ក្រោម​អំណាច​បុគ្គល​ណា​មួយ​នោះ​ឡើយ។

ជំនួយការ​របស់​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម មិន​បាន​បកស្រាយ​រឿង​នេះ​ទេ កាល​ពី​ថ្ងៃ​ទី១៦ តុលា។

កាល​ពី​ថ្ងៃ​ទី១១ ខែតុលា ថា លោក សុះ កំរី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ក្រោយ​ពី​ឃើញ​ពាក្យ​ចចាមអារ៉ាម​នៅ​តាម​បណ្ដាញ​សង្គម អំពី​ករណី​សិស្ស​នារី ត្រូវ​បាន​រំលោភបំពាន នៅ​សាលា​រៀន​ អាន់នៀកម៉ះ ភ្នំពេញ (An-Nikmah Al-Islamiyah Phnom Penh) ដែល​មាន​ពាក់ព័ន្ធ​ដល់​កូន​ប្រុស​របស់​លោក ឈ្មោះ ស៊ូហៃមី។ ក្រោយ​មក លោក​ក៏​បាន​ហៅលោក ស៊ូហៃមី មក​សាក​សួរ​ជា​ច្រើន​លើក ដើម្បី​រក​ការ​ពិត ប៉ុន្តែ លោក ស៊ូហៃមី បាន​បដិសេធ​ថា ពុំ​បាន​ប្រព្រឹត្ត ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ឡើយ។

រីឯ​ពលរដ្ឋ​ជនជាតិ​ចាម ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​អំពី​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បើ​ទោះ​ជា​លោក ស៊ូហៃមី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ​ក្ដី ប៉ុន្តែ ករណី​នេះ នៅ​មិន​ទាន់​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ នៅ​ឡើយ​ទេ។ កញ្ញា សង្ឃឹមថា តុលាការ​នឹង​មាន​ភស្តុតាង រឹងមាំ ដើម្បី​រក​ការ​ពិត ហើយ ជន​បង្ក​ត្រូវ​ទទួល​ខុស​ត្រូវ ផ្ដល់​សំណង​ជំងឺ​ចិត្ត​ជូន​ជន​រងគ្រោះ

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា នៅ​មាន​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត ដែល​ក្រុម​គ្រួសារ​របស់​ពួក​គេ​ខ្មាស​គេ​ផង និង​ខ្លាច​អំណាច​ក្រុម​គ្រួសារ​អ្នក​ឧកញ៉ា សុះ កំរី និង​បក្ខពួក​ផង ពួក​គេ​ទាំង​នោះ មិន​ចេញ​មុខ​ប្ដឹង​ជន​សង្ស័យ​នោះ​ទេ។

ប្រធាន​អង្គការ អាហ្វេស៊ីប (AFESIP Cambodia)) អ្នកស្រី ម៉ម សុម៉ាលី ដែល​ឥឡូវ​នេះ មាន​ជន​រង​គ្រោះ​កុមារី​ជា​ជនជាតិ​ចាម​ម្នាក់ បាន​ទៅ​ស្នាក់នៅ​ក្នុង​មណ្ឌល​របស់​អ្នកស្រី បាន​បង្ហោះ​សារ លើ​ទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ខែ តុលា នៅ​តែ​អំពាវនាវ​ឱ្យ​កុមារី​រង​គ្រោះ​ទាំង​អស់ ដែល​ចង់​បាន​យុត្តិធម៌​ឱ្យ​ខ្លួន​ឯង និង​គ្រួសារ ត្រូវ​តែ​ងើប​ឈរ និយាយ​ការ​ពិត ប្រាប់​ទៅ​សមត្ថកិច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments