RFA | លោក ហ៊ុន ម៉ាណែត ប្រកាស​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ នឹង​ត្រូវ​ផ្លាស់ប្ដូរ ក្រោយ​បែក​ធ្លាយ​វីដេអូ​រាំ​ច្រៀង​ក្នុង​ពន្ធនាគារ | hot news

By , Comment
Share on Facebook Tweet on Twitter

លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី១ «ម១» នឹង​ត្រូវ​ផ្លាស់​ប្ដូរ ក្រោយ​បែក​ធ្លាយ​វីដេអូ​មាន​ជន​បរទេស​រាំ​ច្រៀង​ក្នុង​ពន្ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ផ្លូវ​ច្បាប់ បើ​រក​ឃើញ​ការ​បំពាន​ច្បាប់​ក្នុង​ពន្ធនាគារ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​ឯកភាព​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ក្នុង​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ដឹកនាំ​មណ្ឌល​អប់រំ​កែប្រែ​ទី១ «ម១» ឬ​ហៅ​ថា ពន្ធនាគារ​ព្រៃស ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ។

លោក ហ៊ុន ម៉ាណែត៖ «ម្សិលមិញ ឯកឧត្តម ស សុខា បាន​រាយការណ៍​មក ហើយ​ខ្ញុំ​ឯកភាព ទី១ គឺ​ពង្រឹង​ «ម១» នេះ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ ក្បាល​ម៉ាស៊ីន​ដឹកនាំ​តែ​ម្ដង ដើម្បី​ពង្រឹង​ស្ថាប័ន​នេះ ហើយ​យើង​បាន​ត្រៀម ធ្វើ​យ៉ាង​ណា ដើម្បី​ធានា​នូវ​ការ​ពង្រឹង​សន្តិសុខ»

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី ៣០ឆ្នាំ នៃ​ថ្ងៃ​បង្កើត​កងពល​តូច​លេខ ៧០ នៅ​បញ្ជាការដ្ឋាន​កងពល​តូច​លេខ ៧០ ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​តុលា។

ការ​សម្រេច​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​ដឹកនាំ​ពន្ធនាគារ​ព្រៃ​ស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​វីដេអូ​បែក​ធ្លាយ​មួយ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ពេល​ថ្មីៗ នេះ បង្ហាញ​ថា មាន​ជន​បរទេស​មួយ​ក្រុម ក្នុង​នោះ ក៏​មាន​ជនជាតិ​បរទេស​កំពុង​ប្រើប្រាស់​គ្រឿងញៀន និង​ចាក់​ភ្លេង​ច្រៀង​រាំ​ក្នុង​ពន្ធនាគារ។ វីដេអូ​មាន​រយៈ​ពេល ១៥វិនាទី​នោះ​បង្ហាញ​ថា បន្ទប់​មួយ​ក្នុង​ពន្ធនាគារ ដែល​មាន​បណ្ដោយ និង​ទទឹង​ប្រមាណ​៤ម៉ែត្រ មាន​កន្ត្រក​តូច​ធំ​សម្រាប់​ដាក់​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ ទូរ​ដាក់​ខោ​អាវ ទូរ​ដាក់​សម្ភារៈ តុ​មូល​សម្រាប់​បរិភោគ​អាហារ ធុង​ស្នោ​ដាក់​ទឹកកក និង​ធុង​បាស​មាន​កម្ពស់​ស្មើ​ចង្កេះ សម្រាប់​ចាក់​ភ្លេង​ជាដើម។ វីដេអូ​ដដែល​នេះ បង្ហាញ​ទៀត​ថា ក្នុង​បន្ទប់​នោះ មាន​ជន​ជាប់​ឃុំ​ជាង​១០​នាក់​ប៉ុណ្ណោះ ដែល​ក្នុង​ចំណោម​ពួកគេ​នោះ មាន​ជន​ជាប់​ឃុំ​ម្នាក់​កំពុង​អង្គុយ​កិន​ម្សៅ​ក្រាម​ពណ៌​ស ជន​ជាប់ឃុំ​ម្នាក់​ទៀត​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ និង​ជន​ជាប់ឃុំ​ផ្សេង​ទៀត​កំពុង​រាំ​ឡក​ក្នុង​បន្ទប់។

អ្វី ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ អ្នក​ជាប់​ឃុំ​មនសិការ​មួយ​ចំនួន​ឲ្យ​ដឹង​ថា បន្ទប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​របស់​ជនជាតិ​ចិន​ខាង​លើ ខុសគ្នា​ទៅ​នឹង​បន្ទប់​ជន​ជាប់​ឃុំ​ទូទៅ ឬ​ជន​ជាប់​ឃុំ​មនសិការ ដូច​ជា​បន្ទប់​ទូទៅ​មាន​ជន​ជាប់​ឃុំ​ច្រើន ចាប់​ពី២០ ដល់​ជាង​៣០នាក់ មិន​អាច​ដាក់​ខ្សែ​ស្នួ​ហាល​ខោ​អាវ​តាម​ជញ្ជាំង​បាន​ឡើយ បន្ទប់​ចង្អៀត​ណែន ខណៈ​បន្ទប់​ជនជាតិ​ចិន​វិញ មាន​ទាំង​តុ​អង្គុយ​សម្រាប់​ហូប​ចំណី​អាហារ និង​កៅអី​សម្រាប់​អង្គុយ​លេង​ជា​ច្រើន និង​មាន​ធុងបាស​សម្រាប់​ចាក់​ភ្លេង​រាំរែក​នៅ​ក្នុង​បន្ទប់​ថែម​ទៀត​ផង។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា​ថា ក្រោយ​មាន​ការ​បែក​ធ្លាយ​វីដេអូ​ជនជាតិ​បរទេស​រាំ​ច្រៀង​ក្នុង​ពន្ធនាគារ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ឲ្យ​ធ្វើ​អធិការកិច្ច និង​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​ផ្ទៀងផ្ទាត់​ថា ជា​វីដេអូ​ចាស់ ឬ​ថ្មី ព្រោះ​កន្លង​ទៅ​ក្រសួង​មហាផ្ទៃ ធ្លាប់​បោសសម្អាត​ករណី​ខាង​លើ​នេះ​រួច​ហើយ តាម​ពន្ធនាគារ​មួយ​ចំនួន។ អ្នក​នាំ​ពាក្យ​រូប​នេះ អះអាង​ថា ផ្អែក​តាម​ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ផ្លូវ​ច្បាប់ ក្នុង​ករណី​រក​ឃើញ​ថា មន្ត្រី​ពន្ធនាគារ មាន​ជាប់​ពាក់ព័ន្ធ និង​បង្ក​ឱកាស​ឲ្យ​ជន​ជាប់​ឃុំ ប្រព្រឹត្ត​ដូច​ឃើញ​ក្នុង​វីដេអូ ដែល​បែក​ធ្លាយ។

លោក ទូច សុឃៈ៖ «ជា​លទ្ធផល​បឋម គឺ​យើង​រក​ឃើញ​ថា ក្នុង​ចំណោម​នោះ គឺ​មាន​ម្នាក់​ដែល​បាន​ចេញ​ពី​ពន្ធនាគារ​រួច​ស្រេច​ទៅ​ហើយ បន្ទាប់​ពី​គាត់​បាន​អនុវត្ត​ទោស​រយៈ​ពេល ២ឆ្នាំ​ចប់​សព្វគ្រប់។ អីចឹង​យើង​បន្ត​ស្រាវជ្រាវ​បន្ត​ទៅ​ទៀត ក្នុង​ការ​ប្រមែប្រមូល​នូវ​វីដេអូ​ផ្សេងៗ និង​អ្វីៗ​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត»

ក្រោយ​បែក​ធ្លាយ​វីដេអូ​នេះ​ដែរ ពន្ធនាការ​តាម​ខេត្ត​មួយ​ចំនួន ដូច​ជា​តាកែវ និង​ពោធិ៍សាត់ ក៏​បាន​ប្រជុំ​ពង្រឹង​ការ​ចុះ​ឆែកឆេរ ស្វែងរក​វត្ថុ​ហាមឃាត់​ក្នុង​ពន្ធនាគារ​ផង​ដែរ កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែតុលា​ថា ស្ថានភាព​ទូទៅ​នៃ​ពន្ធនាគារ​ទូទាំង​ប្រទេស មាន​ជន​ជាប់​ឃុំ​ច្រើន​ក្នុង​បន្ទប់​នីមួយៗ ហើយ​រស់នៅ​ក្នុង​លក្ខខណ្ឌ​ចង្អៀត​ណែនណាន់​តាន់តាប់ ខុស​ពី​រូបភាព ដែល​បាន​បែក​ធ្លាយ ហើយ​មហាជន​មើល​ឃើញ​ថា ជន​ជាប់​ឃុំ​ទាំង​នោះ​រស់នៅ​សប្បាយ​រាំ​ច្រៀង​នៅ​ក្នុង​ពន្ធនាគារ។ លោក​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ចាត់​វិធានការ​ច្បាប់​លើ​ករណី​នេះ និង​វិធានការ​រដ្ឋបាល បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ស្នើ​ដល់​រដ្ឋាភិបាល ស្វែងរក​វិធាន​ការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

លោក អំ សំអាត៖ «ក្រៅពី​ហ្នឹង​ក៏​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ការ​ស៊ើបអង្កេត​បើ​សិន​ជា​មាន​ភាព​មិន​ប្រក្រតី​ផ្សេងៗ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ទាក់ទង​នឹង​បទ​ល្មើស​ផ្សេង​ទៀត ត្រូវ​អនុវត្ត​តាម​វិធានការ​ផ្លូវ​ច្បាប់ គឺ​វិធានការ​ព្រហ្មទណ្ឌ»

ភាព​មិន​ប្រក្រតី និង​បញ្ហា​ពុករលួយ ត្រូវ​គេ​សង្កេត​ឃើញ​បន្ត​កើត​មាន​ក្នុង​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​មួយ​ចំនួន ខណៈ​វិធានការ​ដោះស្រាយ ហាក់​នៅ​ពុំ​ទាន់​ឆ្លើយតប​នៅ​ឡើយ​ទេ ដែល​បណ្ដាល​ឲ្យ​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន ឆក់​យក​ឱកាស​នេះ ធ្វើ​ជា​មុខ​របរ​រកស៊ី​ថែម​ទៀត​ផង។ ជាក់​ស្ដែង អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ព្រុំ ចាន់នី ដែល​ពាក់​ផ្កាយ​បី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បើក​ការ​ស៊ើប​អង្កេត ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​បណ្ដោះ​អាសន្ន  នៅ​មណ្ឌល​កែប្រែ​ទី១ កាល​ពី​ថ្ងៃ​ទី២៩ ខែកក្កដា ពី​បទ​សម​គំនិត​ក្នុង​អំពើ​ស៊ីសំណូក រំលោភ​អំណាច និង​បទ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ពុំ​ត្រឹម​ត្រូវ ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ពេទ្យ ដើម្បី​ស្នើ​សុំ​ការ​លើកលែង​ទោស​ឱ្យ​​ទណ្ឌិត​​មាន​ជំងឺ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments