RFA | ថ្ងៃ​អុំទូក​ដំបូង​នៅ​ខេត្ត​បាត់ដំបង មាន​ពលរដ្ឋ​មក​ទស្សនា​ច្រើន តែ​អ្នក​លក់​ថា មិន​សូវ​ដាច់ | hot news

By , Comment
Share on Facebook Tweet on Twitter

អាជីវករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ថា ពួកគេ​លក់​មិនសូវ​ដាច់​ក្នុង​ពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប និង​បុណ្យ​ចេញ​ព្រះវស្សា នៅ​ដងស្ទឹង​សង្កែ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ប្រកួត​ដំបូង ដោយសារ​អ្នក​មក​ដើរលេង​ត្បិតត្បៀត​មិនសូវ​ហ៊ាន​ចំណាយ និង​អាកាសធាតុ​មិន​អំណោយ​ផល។

ពិធី​បុណ្យអុំទូក នៅ​ខេត្ត​បាត់ដំបង ក្នុង​ថ្ងៃ​ប្រកួត​ថ្ងៃ​ដំបូង កាលពី​ម្សិលមិញ មាន​ទូកង​ចំណុះ​វែង​ខ្លី​តាម​បណ្ដា​ស្រុក បាន​អុំ​មក​ជុំ​គ្នា នៅ​ក្បែរ​សួន​វិមាន​ឯករាជ្យ ដើម្បី​ចាប់​គូ​ប្រណាំង ខណៈ​ប្រជាពលរដ្ឋ នាំគ្នា​អង្គុយ​សងខាង​ស្ទឹង​សង្កែ ចាប់ពី​ទី​ចាប់ផ្ដើម​ប្រណាំង នៅ​ស្ពាន ស ខេង រហូត​ដល់​ស្ពាន​ថ្ម​ថ្មី ដែល​ជា​កងព័ន្ធ​ចុងក្រោយ ដើម្បី​ទស្សនា​ការ​ប្រកួត ចំណែក​ខ្លះ​ទៀត ដើរ​កម្សាន្ត​តាម​សួន ខ្លះ​ទិញ​នំចំណី និង​សម្ភារៈ​ជាដើម។

យុវជន​ម្នាក់​មក​ពី​ខេត្ត​បន្ទាយមានជ័យ លោក ម៉ាន់ រាហ៊ូ ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា លោក​មក​លេង​បុណ្យអុំទូក​នៅ​ក្រុង​បាត់ដំបង ដើម្បី​គាំទ្រ​ដល់​ទូកង ឈ្មោះ “មង្គលបុរី​មានជ័យ បារមី​ស្ដេចកន​សន្តិភាព” ស្ថិត​ក្នុង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ ទោះ​យ៉ាងណា យុវជន​រូប​នេះ ប្រាប់​ថា ភាព​សប្បាយ​រីករាយ​ក្នុង​បុណ្យអុំទូក​នេះ មិនមែន​ស្ថិត​លើ​ការ​ប្រណាំង​ទូកង​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​មាន​មនុស្ស​អ៊ូអរ និង​កន្លែង​លក់​ទំនិញ​ចម្រុះ​ទៅវិញ។

លោក ម៉ាន់ រាហ៊ូ៖ «ចង់​និយាយ​ថា នៅ​បាត់ដំបង​សប្បាយ​ណាស់។ បើ​ចង់​មកលេង មកលេង​បាន ពិធី​បុណ្យអុំទូក​របស់​ខ្មែរ​យើង សប្បាយ ហើយ​ល្អមើល»

យ៉ាងណាមិញ ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​បុណ្យអុំទូក នៅ​ខេត្ត​បាត់ដំបង ឆ្នាំនេះ ហាក់​មិនសូវ​មាន​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​ខ្ញៀវខ្ញារ ដូច​កាលពី​មុន​នោះ​ទេ ទាល់តែ​យូរៗម្ដង នៅ​ពេល​ដល់​គូ​ទូក​ចំណុះ​វែង ដូច​ជា ទូកង “នរិន្ទរង្សី ពីជ័យចិត្របុត្រ” របស់​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ និង​ទូកង ឈ្មោះ “សុវណ្ណភេត្រា បាត់ដំបង​សជ័យ” ជាដើម ដែល​មាន​ការ​ប្រណាំង​មាន​ល្បឿន​ប្រដេញ​ប្រកិត​គ្នា ទើប​មាន​បន្លឺ​សំឡេង​ហ៊ោ​អបអរសាទរ។

ក្រឡេក​មើល​ការ​លក់ដូរ​របស់​អាជីវករ​វិញ ទោះបី​មាន​អ្នក​មក​លេង​បុណ្យអុំទូក​ច្រើន​ក៏ដោយ ប៉ុន្តែ កន្លែង​លក់​ចំណីអាហារ ដូចជា​ប្រហិត ពោត​ស្ងោរ ម្ជូរ វត្ថុ​អនុស្សាវរីយ៍ និង​របស់​ក្មេង​លេង​ជាដើម មិនសូវ​មាន​អ្នកទិញ​នោះ​ទេ ដោយ​អ្នក​មក​ទស្សនា​ភាគច្រើន ទិញ​តែ​ទឹកបរិសុទ្ធ និង​ភេសជ្ជៈ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ក្នុង​នោះ លោកស្រី សាន ស្ដើង ជា​អ្នក​លក់​មួក​ស្លឹក​ត្នោត មកពី​ខេត្ត​កណ្ដាល បាន​ត្អូញត្អែរ​ថា លោកស្រី​មក​លក់​មួក​នៅ​កន្លែង​បុណ្យអុំទូក​ចំនួន ៣ថ្ងៃ​ជាប់គ្នា​មក​ហើយ ប៉ុន្តែ​លោកស្រី​លក់​មិន​បាន ១០០មួក​ឡើយ ទោះបី​មេឃ​បើក​ថ្ងៃ​ក្ដៅ​យ៉ាងណាក្ដី។

លោកស្រី សាន ស្ដើង៖ «ឆ្នាំមុន​គ្រាន់​លក់​ដាច់​បាន​ខ្លះ ឥឡូវ​អត់។ បើសិនជា​យើង​លក់​មួយ​ថ្ងៃ​ដល់​ល្ងាច បើសិនជា​ដាច់ យើង​ចំណេញ​បាន ១៥ម៉ឺន ទៅ​ជាង ២០ម៉ឺន នេះ​បើសិនជា​យើង​លក់ដាច់។ ប្រសិនបើ​លក់​អត់​ដាច់ រក​តែ ៥ម៉ឺន មិន​បាន​ផង»

មិន​ខុស​ពី​អ្នក​លក់​មួក​ស្លឹក​ត្នោត​ឡើយ អ្នក​លក់​នំពុម្ព នៅ​ខាង​ក្រោយ​រូបសំណាក ព្រះគណេស លោកស្រី កៅ ចន្ថា រៀបរាប់​ថា លោកស្រី​លក់​នំពុម្ព​មិន​សូវ​ដាច់​នោះ​ទេ ដោយ​អ្នក​មក​ដើរលេង ច្រើន​តែ​ដើរ​ហួស ទោះបី​លោកស្រី ខំ​ពពាយនាយ​យ៉ាងណាក្ដី។

លោកស្រី កៅ ចន្ថា៖ «វា​មិន​ដឹង ដាច់​ឬ​មិន​ដាច់ មិនទាន់​ដឹង​ទេ ព្រោះ​មិនសូវ​មាន​មនុស្ស។ ប៉ុន្តែ​មិនទាន់​ដល់ម៉ោង​អ្នក​មក​លេង ក៏​មិន​ដឹង»

ភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ថ្លែង​នៅ​ក្នុង​វេទិកា​ពិធី​បុណ្យអុំទូក​ថា ពិធី​បុណ្យអុំទូក បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ។ លោក សុខ លូ បន្ត​ថា ការ​រៀបចំ​ពិធី​បុណ្យអុំទូក​ឆ្នាំនេះ​មាន​លក្ខណៈ​ប្លែក​ជាង​ឆ្នាំ​មុនៗ ដោយ​មាន​ការ​តុបតែង​លម្អ​ភ្លើង​ពណ៌​តាម​ទី​សាធារណៈ និង​ការ​តាំង​បង្ហាញ​ប្រទីប​ខ្នាត​ធំ​ចំនួន៧ នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ។

ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​ថ្ងៃ​ចេញ​ព្រះវស្សា នៅ​ចុង​ខែ​ភទ្របទ នៅ​ឆ្នាំ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​រៀបចំ​ផ្គូផ្គង​ទូកង ចូលរួម​ប្រកួត​សរុប​ចំនួន ៤២ទូក ដោយ​បែងចែក​ចំណុះ​ខ្នាត​វែង​ខ្លី ៥ប្រភេទ​ផ្សេងៗគ្នា មាន​ដូចជា ទូកមួង ឬ​ទូក​ផ្កាចារ​ចំនួន ៦ទូក ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន​២ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន ៦ទូក ទូក​ខ្នាត​ខ្លី​ប្រពៃណី​ជាតិ ចំនួន ២៣ទូក និង​ប្រភេទ​ទូកង ខ្នាត​វែង​ប្រពៃណី​ជាតិ ចំនួន ៥ទូក និង​មាន​កីឡាករ កីឡា​ការិនី ត្រៀម​ចូលរួម​សរុប​ជាង ១ពាន់ ៤រយនាក់(១.៤៩០នាក់)។

ទោះជា​បែបនេះ​ក្ដី ពលរដ្ឋ​មួយ​ចំនួន សង្កេត​ឃើញ​ថា ទូកង​ដែល​ចូលរួម​ប្រណាំង​មួយ​ចំនួន បាន​បាត់បង់​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ចាស់ និង​ការ​តាំង​លម្អ​សំខាន់ៗ មាន​ដូចជា អ្នក​រាំ​ដៀវ​នៅ​ក្បាលទូក ត្រៃ អ្នក​កាន់​កន្សៃ​ទូក និង​កន្សែង​បំពាក់​ក្បាល​ទូក ដែល​ធ្វើ​ឱ្យ​ទូកង បាត់បង់​សម្រស់ ភាព​ទាក់ទាញ និង​ឫទ្ធានុភាព។ ជាមួយគ្នា​នេះ ពួកគាត់​ចង់​ឱ្យ​មាន​ការ​ប្រណាំង​ទូក​ចែវ​ឡើងវិញ ដែល​ជា​ទូក​តំណាង​ឱ្យ​ព្រះទីន័ង​របស់​ព្រះរាជា​សម័យ​បុរាណ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments