RFA | ទូកង​នៅ​ខេត្ត​បាត់ដំបង ជាច្រើន​គ្រឿង កំពុង​ត្រៀមលក្ខណៈ​ចូលរួម​ការ​ប្រណាំង | hot news

By , Comment
Share on Facebook Tweet on Twitter

ពិធី​បុណ្យ​អុំទូក​នៅ​ខេត្ត​បាត់ដំបង កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ឯ​ទូកង​គ្រប់​ខ្នាត មកពី​តំបន់​ផ្សេងៗ​គ្នា បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច រង់ចាំ​ការ​ប្រណាំងប្រជែង​ដណ្ដើម​ជយលាភី។ ទោះ​យ៉ាងណា កីឡាករ​អុំទូក​ចាត់​ទុក​ការ​ប្រណាំង​ទូកង លើស​ពី​ប្រជែង​យក​ពានរង្វាន់ ដោយសារ​ពិធី​កម្ម​ទាក់ទិន​នឹង​ពិធី​បុណ្យអុំទូក​នេះ បាន​ផ្សារភ្ជាប់​នឹង​វប្បធម៌​ប្រពៃណី សិល្បៈ ជំនឿ និង​កម្លាំង​សាមគ្គី ដែល​មាន​លក្ខណៈ​ប្លែក​គ្នា​ទៅតាម​តំបន់​នីមួយៗ។

បាំង​តែ ១ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប និង​ចេញ​ព្រះវស្សា​ចុង​ខែ​ភទ្របទ នៅ​ខេត្ត​បាត់ដំបង នឹង​ឈាន​ចូល​មកដល់។ ទូកង​ចំណុះ​វែង​ខ្លី​តាម​បណ្ដា​ស្រុក បាន​លូន​ចេញ​ពី​វត្តអារាម ដឹក​តាម​គោយន្ត និង​ធ្វើ​ពិធី​សែនព្រេន​ទម្លាក់​ចូល​ក្នុង​ស្ទឹង​សង្កែ បណ្ដើរៗ​ហើយ ខណៈ​កីឡាករ​អុំទូក​ស្រី​ប្រុស បាន​បោះ​រោង​រៀបចំ​កន្លែង​ដេក ដើម្បី​ត្រៀម​កម្លាំង​ដៃ​សម្រាប់​ថ្ងៃ​ប្រកួត។

ប្រធាន​ក្រុម​ទូកង​ឈ្មោះ “កញ្ញា​កន្ត្រប់​មាន​ជ័យ” របស់​វត្ត​នទីសេដ្ឋា ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់

លោក សុខ ប៉ក់ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុម​ទូក​បាន​ធ្វើដំណើរ​មក​ដល់​ទឹកដី​ខេត្ត​បាត់ដំបង តាំងពី​

ថ្ងៃទី១៣ ខែ​តុលា ព្រោះ​ផ្លូវ​ឆ្ងាយ និង​ដើម្បី​ទុក​ឱកាស​ឱ្យ​កីឡាករ បាន​សម្រាក​គ្រប់គ្រាន់។ លោក​បន្ត​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ទូក “កញ្ញា​កន្ត្រប់​មាន​ជ័យ” បាន​ចុះឈ្មោះ​មក​ចូលរួម​ប្រណាំង​នៅ​លើ​ដង​ស្ទឹង​សង្កែ នា​ខេត្ត​បាត់ដំបង ក្រោយ​ចៅអធិការ​វត្ត ដឹកនាំ​ធ្វើ​ទូក​ថ្មី ដោយ​យក​ឈ្មោះ​ទូក​ពី​សម័យ​បុរាណ​មក​ដាក់ ដើម្បី​បន្ត​កេរ្តិ៍​ឈ្មោះ​ទូក​ចាស់។

លោក សុខ ប៉ក់៖ «នឹក​ឃើញ​ចង់​មក ចៅអធិការ​លោក​ដាក់​ពាក្យ​មក​ខេត្ត​បាត់ដំបង ហ្នឹង​មក​ប្រណាំង​លេង​នៅ​ខេត្ត​បាត់ដំបង»។

នៅមុន​ការ​ប្រកួត ទូកង​ចម្រុះ​ពណ៌ និង​ក្បូរក្បាច់​រចនា មកពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​បណ្ដែត​ខ្លួន​នៅ​លើ​ផ្ទៃ​ទឹក​ជាមួយ​នឹង​បាយសី ធូប​ទៀន ដែល​គ្រូ​អាចារ្យ​សែនព្រេន​នៅ​លើ​ក្បាលទូក ដើម្បី​សុំ​ពរជ័យ និង​បញ្ចៀស​ភាព​ចង្រៃ។ ចំពោះ​កីឡាករ​អុំទូក​ អត្ថន័យ នៃ​ការ​ប្រណាំង​ទូក​នេះ មិនមែន​ដើម្បី​ការ​សប្បាយ ឬ​ទទួល​រង្វាន់​នោះ​ទេ ក៏ប៉ុន្តែ ការ​ប្រជែង គឺ​ដើម្បី​បង្ហាញ​សម្រស់​រចនាបថ ប្រវត្តិ​កេរដំណែល និង​ឈ្មោះ​របស់​ទូកង ដែល​រំលេច​ជាមួយ​ឈ្មោះ​វត្តអារាម និង​និគម​ស្រុក​របស់​ពួកគេ។

ខុស​ពី​ទូក​តំបន់​ឆ្ងាយ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីតាំង​យ៉ាងហោចណាស់ ១ថ្ងៃ មុន​ការ​ប្រកួត ទូកង “នរិន្ទរង្សី ពិជ័យចិត្របុត្រ” នៅ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ នៅតែ​នាំគ្នា​ហ្វឹកហាត់ បន្ទាប់​ពី​រៀបចំ​រណ្ដាប់​សែនព្រេន និង​ធ្វើ​ពិធី​ទម្លាក់​បង្គង​រួចរាល់​ហើយ។

កីឡាករ​ទូកង នរិន្ទរង្សី ពិជ័យចិត្របុត្រ លោក សំបឿន សេដ្ឋា ឱ្យ​ដឹង​ថា គណៈ​គ្រប់គ្រង​នឹង​ហែ​ទូក​ទៅ​ប្រកួត​នៅ​ព្រឹក​ថ្ងៃទី១៦ ដើម្បី​ទុក​ពេល​ឱ្យ​ចំណុះ​ទូក​បាន​ហាត់​សម​ផង និង​ដើម្បី​សុវត្ថិភាព​ទូក​ផង។ លោក​បន្ត​ថា ទោះបី​ការ​ប្រណាំង​ទូក​គឺ​ដើម្បី​ទទួល​បាន​ជ័យជំនះ តែ​សម្រាប់​លោក ពិធីបុណ្យ​នេះ មាន​តម្លៃ​ដែល​បង្កប់​ទៅ​ដោយ​ការ​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ដូនតា​ជំនាន់​មុន។

លោក សំបឿន សេដ្ឋា៖ «ដំបូង​ក្នុង​ការ​ដែល​យើង​ជា​ចំណុះ​ថ្មីៗ ភាគច្រើន​គឺ​ភ័យ។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​អុំ​បាន​មួយ​ឆ្នាំ​ពីរ​ឆ្នាំ យើង​មាន​អារម្មណ៍​ថា នឹងន​ជាង​មុន​ហើយ​និង​ប្រមូល​បាន​ស្មារតី​ក្នុង​ការ​ប្រណាំង​ទូក»។

យ៉ាងណាមិញ ការ​អុំទូក ដែល​មាន​បណ្ដោយ​វែង​ដូច​ខ្លួន​សត្វ​នាគ នៅ​លើ​ផ្ទៃ​ទឹក​នេះ មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ដោយ​អ្នក​អុំ បាន​រៀបចំ​ក្បួន​ដូច​យុទ្ធសាស្ត្រ​កងទ័ព​ដែរ មាន​ដូច​ជា អ្នក​រាំ​ដៀវ​នៅ​ក្បាលទូក ដែល​មាន​តួនាទី​កាច់​ចង្វាក់ ក្រុម​អ្នក​អុំ​សម្រុក​នៅ​ខាងមុខ អ្នក​អុំ​ជំរុញ​នៅ​ខាងក្រោយ រីឯ​ខាង​ក្រោយ​គេ​បង្អស់ គឺជា​អ្នក​កាច់​ចង្កូត​តម្រង់​ទិសដៅ​ទូក។

យ៉ាងណា​ក៏ដោយ​ចុះ ជាង​ធ្វើ​ទូកង នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ លោក ម៉ា ផុង កត់សម្គាល់​ឃើញ​ថា នៅ​ឆ្នាំ​នេះ ហាក់​មិនសូវ​ឃើញ​វត្តមាន​ប្រភេទ​ទូក​ចែវ​នោះ​ឡើយ ដោយ​ភាគច្រើន​ជា​ប្រភេទ​ទូក​អុំ ខណៈ ទូក​អុំ​ចាស់ៗ ដែល​ធ្លាប់​មាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ពី​មុន​មក បាន​អវត្តមាន ដោយ​ជំនួស​មក​វិញ​នូវ​ទូក​ថ្មីៗ មកវិញ។ ទោះ​យ៉ាងណា លោក​ថា គ្រប់​ទូក​ទាំងអស់​នៅតែ​មាន​តម្លៃ​ខាង​ផ្នែក​សិល្បៈ ជំនឿ ទំនៀមទម្លាប់ និង​សាមគ្គីភាព ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

លោក ម៉ា ផុង៖ «ពីសី​មាន​ជ័យ​បារមី​ស្រី​ស្អាត នោះ​ឯង! មក​អុំ​ពីរ​ដង​បី​ដង​ហើយ មក​អុំ​នៅ​នេះ ទើប​ខាន​ឆ្នាំ​ទៅ​មិញ និង​ឆ្នាំ​នេះ​នោះ​ឯង។ ឆ្នាំ​ទៅ​មិញ​យក​មក​ឱ្យ​ពួក​អា​ជាប់គុក ពួក​ញៀន​ថ្នាំ​ញៀន​នោះ​អុំ។ អុំ​នោះ​មិនមែន​ថា​អុំ​យក​ចាញ់​យក​ឈ្នះ​អី​ទេ គ្រាន់តែ​ថា​អុំ​លេង​សប្បាយ»។

ពិធី​រៀបចំ​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​ថ្ងៃ​ចេញ​ព្រះវស្សា នៅ​ចុង​ខែ​ភទ្របទ នៅ​ឆ្នាំ​នេះ ខេត្ត​បាត់ដំបង មាន​ទូកង ចូលរួម​ប្រកួត​សរុប​ចំនួន ៤២ទូក ដោយ​បែងចែក​ចំណុះ​ខ្នាត​វែង​ខ្លី ៥ប្រភេទ​ផ្សេងៗ​គ្នា មាន​ដូចជា ទូកមួង ឬ​ទូក​ផ្កា​ចារ​ចំនួន ៦ទូក ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន២ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន ៦ទូក ទូក​ខ្នាត​ខ្លី​ប្រពៃណី​ជាតិ ចំនួន ២៣ទូក និង​ប្រភេទ​ទូកង ខ្នាត​វែង​ប្រពៃណី​ជាតិ ចំនួន ៥ទូក និង​ដោយ​មាន​កីឡាករ កីឡា​ការិនី ត្រៀម​ចូលរួម​សរុប​ជាង ១ពាន់ ៤រយនាក់ (១.៤៩០នាក់)។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង។

ពិធី​បុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ក្នុង​អំឡុង​ឆ្នាំ ១១៧៧ នៅ​គ្រា​ដែល​ព្រះអង្គ​បាន​រំដោះ​ទឹកដី​ឱ្យ​រួចផុត​ពី​ការ​ឈ្លានពាន​របស់​ពួក​ចាម ដែល​បាន​គ្រប់គ្រង​អាណាចក្រ​ខ្មែរ អស់​រយៈពេល ៤ឆ្នាំ​រហូត​ទទួល​បាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រងរាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេសជាតិ​មាន​ការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល។

ប្រវត្តិសាស្ត្រ​ត្រង់​នេះ​ហើយ ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​ជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី ពី​ការ​ជិះ​ជាន់​របស់​ពួក​ចាម។ ក៏ប៉ុន្តែ ចំណេរ​ក្រោយ​មក ដូនតា​ខ្មែរ​បាន​ផ្សារភ្ជាប់​ពិធីបុណ្យ​អុំទូក​នេះ ទៅ​នឹង​ពិធី​កម្ម​ព្រះពុទ្ធសាសនា ដោយ​ប្រជាពលរដ្ឋ​ខ្មែរ តែង​ធ្វើ​ពិធី​បណ្ដែតប្រទីប នៅ​យប់​ពេញបូណ៌មី​ខែ​អស្សុជ ដើម្បី​បូជា​ចំពោះ​ព្រះ​ចង្កូ​មកែវ​ពិភព​នាគ នៅ​ស្ទឹង​នម្មទា ដោយ​ពុទ្ធសាសនិក ជឿ​ថា នឹង​ទទួល​បាន​កុសល​ផលបុណ្យ និង​​​​​​​​​​​​​​​​​សេចក្ដី​សុខ​ចម្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments