RFA | អ្នកវិភាគ​ថា ការ​ផ្ដល់​ជំនួយ​គ្រឿង​យោធា​របស់​ឥណ្ឌូណេស៊ី​មក​ឱ្យ​កម្ពុជា គឺ​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​ចិន | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកវិភាគ​យល់​ថា ការ​ផ្ដល់​ជំនួយ​ផ្នែក​យោធា​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី (Indonesia) ឱ្យ​កម្ពុ​ជាថ្មីៗ​នេះ គឺ​សំដៅលើ​ការ​ទប់ទល់ និង​កាត់បន្ថយ​ឥទ្ធិពល​ចិន​ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​អ្នកឃ្លាំមើល​ថា ការ​ផ្ដល់​ជំនួយ​ផ្នែក​យោធា​របស់​ឥណ្ឌូណេស៊ី​មក​កម្ពុជា​មាន​សញ្ញា​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​កម្ពុជា។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែ​កញ្ញា​ថា តាមរយៈ​ការ​ផ្ដល់​ជំនួយ​យោធា​របស់​ឥណ្ឌូណេស៊ី​ឱ្យ​កម្ពុជា​នា​ពេល​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ទំនង​ចង់​ស្វែងរក​ឱកាស​បង្កើន​កិច្ចសហការ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កម្ពុជា ដើម្បី​ត្រៀម​ទប់​ទល់នឹង​ស្ថានភាព​តានតឹង និង​ធ្វើជា​តួអង្គ​សម្របសម្រួល ក្នុងករណី​ដែល​អាច​កើតមាន​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់។

លោក គឹម សុខ៖ «ក្នុងករណី​ក្ដៅ​ណាមួយ​ឥណ្ឌូណេស៊ី​អាច​ដើរ​តួនាទី​សម្របសម្រួល​ទប់​ស្ថានការណ៍​បាន​ខ្លះ​ពីព្រោះ​ឥណ្ឌូណេស៊ី​មិន​លម្អៀង​ជ្រុល​ពេក​ទៅ​បស្ចិម​លោក ហើយ​ក៏​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន និង​រុស្ស៊ី​។ ម្យ៉ាងទៀត​ឥណ្ឌូណេស៊ី​ក៏​ធ្លាប់​មាន​ប្រវត្តិ​ជា​សហប្រធាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សម្រាប់​ដំណោះស្រាយ​វិបត្តិ​នៅ​ប្រទេស​កម្ពុជា​ដែរ​។ យ៉ាងណា​ជំនួយ​អាវុធ​ក្នុង​ស្ថានភាព​ក្ដៅ​ក៏​អាច​ជា​ផែនការ​ត្រៀម​តតាំង​ដែរ​អាច​ឥណ្ឌូណេស៊ី​សម្លឹង​ឃើញ​តួនាទី​សំខាន់​មួយទៀត​គឺ​បើ​មានការ​ប៉ះទង្គិច​គ្នា​ក្នុង​តំបន់​ចេញពី​ទឹកដី​កម្ពុជា ការសម្រេច​របស់​ឥណ្ឌូណេស៊ី​នៅ​ខាង​ប្លុក​ណាមួយ ប្លុក​នោះ​អាច​មាន​ប្រៀប​ព្រោះ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​ខ្លាំង និង​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​តំបន់​អាស៊ាន»

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​២៩ ខែ​សីហា បាន​ផ្ដល់​ជំនួយឥតសំណង​ផ្នែក​យោធា​ឱ្យ​កម្ពុជា​ក្នុង​នោះ​រួមមាន​អាវុធ​វែង​ចំនួន ១៥០​ដើម អាវុធ​ខ្លី​ចំនួន ២០​ដើម និង​គ្រាប់កាំភ្លើង​ចំនួន ១​លាន​គ្រាប់។

ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​លោក សាន់តូ ដាម៉ូស៊ូម៉ាត់តូ (Santo Darmosumarto) ថ្លែង​ក្នុង​ពិធី​ប្រគល់​អាវុធ​នេះ​ដោយ​សង្ឃឹម​ថា ប្រទេស​ទាំងពីរ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ទ្វេភាគី ដើម្បី​អាច​រួម​ចំណែក​ជា​វិជ្ជមាន​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល​។ លោក​បន្ថែម​ថា ក្នុង​ស្ថានភាព​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​លើ​សកលលោក​កាន់តែ​ឡើង​កម្ដៅ និង​មិនអាច​ទាយ​ទុក​មុន ឥណ្ឌូណេស៊ី​ចាត់ទុក​កម្ពុជា ជា​ប្រទេសជិតខាង​ក្នុងនាម​សមាជិក​នៃ​ប្រជាជាតិ​អាស៊ាន​ដូចគ្នា ដើម្បី​គាំទ្រ​ក្នុង​ការ​បង្កើន​សមត្ថភាព​យោធា​ជាមួយគ្នា។

អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​លោក ម៉ៅ សុផាន់ ចាត់ទុក​ការ​ផ្ដល់​ជំនួយ​ផ្នែក​យោធា​របស់​ភាគី​ឥណ្ឌូណេស៊ី​គឺជា​តម្រូវការ​ជាក់ស្ដែង​សម្រាប់​ហ្វឹកហ្វឺន និង​ពង្រឹង​សមត្ថភាព កងទ័ព​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក ថោង សូលីម៉ូ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នេះ​នៅ​ថ្ងៃទី​២ ខែ​កញ្ញា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ កម្ពុជា​តែងតែ​ខិតខំ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក ដើម្បី​បញ្ចៀស​ការរិះគន់​ពី​ប្រទេស​លោក​សេរី​ថា កម្ពុជា​ពឹងផ្អែក ឬ​លម្អៀង​ទៅ​រក​ប្រទេស​ចិន​តែ​ម្ខាង​។ លោក​អះអាង​ថា យុទ្ធសាស្ត្រ​ឥណ្ឌូណេស៊ី​ផ្ដល់​ជំនួយ​ឱ្យ​កម្ពុជា​នា​ពេល​នេះ ក្រៅពី​ចេតនា​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​បន្ថែម ឥណ្ឌូណេស៊ី​ក៏​ទំនង​ចង់​សម្ញែង​ឥទ្ធិពល​យោធា​របស់​ខ្លួន​ប្រាប់​ទៅ​ប្រទេស​ចិន​ដែរ។

លោក សេង វណ្ណលី៖ «ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូណេស៊ី​គឺជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ឥណ្ឌូណេស៊ី​ផង ជា​មេដឹកនាំ​ដែល​ផ្ដោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​គឺ​ចង់​បង្ហាញ​ឥទ្ធិពល​ផ្នែក​សន្តិសុខ​យោធា​របស់​ឥណ្ឌូណេស៊ី ហើយ​ចង់​បង្ហាញ​ភាពជា​បងធំ​មាន​ឥទ្ធិពល​ផ្នែក​យោធា​ក្នុង​តំបន់​។ ការ​ធ្វើ​ទំនើបកម្ម ឬ​ពង្រឹងពង្រីក​វិស័យ​សន្តិសុខ​យោធា​របស់​ឥណ្ឌូណេស៊ី​នេះ គឺ​ចង់​បង្ហាញ​ប្រទេស​ក្នុង​តំបន់​ជាពិសេស​ចិន​តែ​ម្ដង​ថា ឥណ្ឌូណេស៊ី​ជា​ប៉ូល​មួយ​ដែល​អព្យាក្រឹត្យ ឯករាជ្យ ហើយ​ជា​ប៉ូល​មួយ​ចង់​រក្សា​តុល្យភាព​របស់​អាស៊ាន​ក្នុង​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ចិន និង​អាមេរិក ហើយ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​មិន​ចុះ​ញ៉ម​នឹង​ការ​វាតទី​ទៅលើ​ភូមិសាស្ត្រ​នយោបាយ ជាពិសេស​តំបន់​សមុទ្រ​ចិន​ខាងត្បូង»

ក្រុម​អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហាក់​ក្លាយជា​ទីកន្លែង​ត្រៀមប្រយុទ្ធ​របស់​បណ្ដា​ប្រទេស មួយចំនួន​ដែល​តែងតែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត​កាន់តែ​ស្អិតល្មួត រហូត​ធ្វើ​ឱ្យ​ពិភពលោក​ព្រួយបារម្ភ និង​សង្ស័យ​អំពី​ការ​ផ្ដល់​មូលដ្ឋាន​កងទ័ព​ចិន​ឈរជើង​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments