អាជ្ញាធរខេត្តព្រះវិហារថា អះអាងថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT) និងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ពុំមានជាប់ពាក់ព័ន្ធ ការកាប់បំផ្លាញព្រៃឈើពីខាងក្រៅបរិវេណក្រុមហ៊ុនដូចការចោទប្រកាន់កន្លងមកនោះទេ។ ប៉ុន្តែ ប្រជាសហគមន៍មិនជឿលើការបកស្រាយនេះទេ ហើយពួកគាត់នៅតែអះអាងថា ក្រុមហ៊ុនទាំងនេះកំពុងកាប់ឈើ និងធ្វើអាជីវកម្មឈើដោយខុសច្បាប់ក្នុងតំបន់របស់ពួកគាត់។
អាជ្ញាធរខេត្តព្រះវិហារ ឱ្យដឹងនៅថ្ងៃទី១៩ វិច្ឆិកាថា ក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក និងក្រុមហ៊ុន ភីអ៊ិនធី រួចរាល់ហើយ កាលពីពេលថ្មីៗនេះ ប៉ុន្តែពុំឃើញមានការកាប់បំផ្លាញព្រៃឈើ ពីខាងក្រៅបរិវេណក្រុមហ៊ុន ដូចការចោទប្រកាន់នោះទេ។
អ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿង ប្រាប់អាស៊ីសេរីថា រដ្ឋបាលខេត្តបានចាត់មន្ត្រីជំនាញឱ្យចុះទៅពិនិត្យករណីនេះ ហើយមន្ទីរជំនាញបានរកឃើញថា ក្រុមហ៊ុនទាំងនេះ បានអនុវត្តត្រឹមត្រូវ តាមលិខិតអនុញ្ញាតរបស់ក្រសួងកសិកម្ម។ ទោះយ៉ាងណា លោកបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិតអំពីលទ្ធផល នៃការស៊ើបអង្កេតបទល្មើសព្រៃឈើរបស់ក្រុមហ៊ុនទាំងនេះទេ ៖ «យើងផ្ដល់អាជ្ញាប័ណ្ណក្រុមហ៊ុនធ្វើត្រឹមត្រូវតាមច្បាប់ តាមអាជ្ញាប័ណ្ណគេយកក្នុងតំបន់ដែរ ច្បាប់អនុញ្ញាតគេអត់មានយកអ្វីក្រៅពី អាជ្ញាប័ណ្ណបានកំណត់ទេ។ កាសែតសារព័ត៌មាន គាត់ទទួលព័ត៌មានមិនច្បាស់ការណ៍ គាត់ចុះផ្ទុយពីការពិត»។
ការចុះស៊ើបអង្កេតរបស់អាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធនេះ គឺបន្ទាប់ពីក្រុមសកម្មជន និងប្រជាសហគមន៍ បានចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះកំពុងកាប់ឈើធ្វើអាជីវកម្មដោយខុសច្បាប់។
ប្រជាសហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន អះអាងថា ពួកគេបានប្រទះឃើញឈើមូលធំៗជាង ៥រយដើម (៥០០) ភាគច្រើនជា ដើមត្បែង និងដើមខ្លុង មានមុខកាត់ ២តឹករហូតដល់ ៥តឹក ប្រវែង ៥ម៉ែត្រឡើងទៅ ត្រូវគេកាប់ចេញពីដីស្រែចម្ការរបស់ពលរដ្ឋ ដឹកជញ្ជូនចូលក្នុងការដ្ឋានរបស់ក្រុមហ៊ុនភីអ៊ិនធីជាបន្តបន្ទាប់ ដើម្បីអារច្រៀកធ្វើអាជីវកម្ម។ ក្រុមប្រជាសហគមន៍ និងពលរដ្ឋឱ្យដឹងទៀតថា ក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ៤គ្រឿង និងមានរថយន្តកែច្នៃជិត ១០គ្រឿង កំពុងធ្វើសកម្មភាពប្រមូលឈើ ពីខាងក្រៅចូលក្នុងការដ្ឋានជាង ១សប្ដាហ៍មកហើយ។ទោះយ៉ាងណា រដ្ឋបាលព្រៃឈើបានបំភ្លឺនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៣ វិច្ឆិកាថា ក្រសួងកសិកម្មបានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ ដើម្បីប្រមូលឈើក្នុងអនុតំបន់ ២.៣ និងអនុតំបន់ ៤ ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអ៊ិនធី(P.N.T Co., Ltd.)។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកបានចាត់មន្ត្រីជំនាញឱ្យចុះទៅពិនិត្យករណីនេះហើយ ហើយលទ្ធផលនៃការស្រាវជ្រាវនឹងចេញជាផ្លូវការនៅថ្ងៃទី១៩ វិច្ឆិកា។ រដ្ឋមន្ត្រីកសិកម្មរូបនេះអះអាងថា ការចុះពិនិត្យករណីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ក៏មានការចូលរួមពីព្រះរាជអាជ្ញាផងដែរ។
ប៉ុន្តែ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវណ្ណថាល់ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៩ វិច្ឆិកាថា លោកពុំបានចូលរួមស៊ើបអង្កេត និងចុះពិនិត្យករណីនេះនោះទេ៖ «មិនរាយការណ៍គឺជា កំហុសមួយដែរក្នុងនីតិវិធី ព្រោះគ្រប់បទល្មើសទាំងអស់ ឱ្យតែកើតមានឡើង ត្រូវតែរាយការណ៍ជូនព្រះរាជអាជ្ញាច្បាប់ តម្រូវអ៊ីចឹង»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺអំពីបញ្ហានេះ និងសាកសួរពីលទ្ធផលនៃការស៊ើបអង្កេតរបស់មន្ត្រីជំនាញក្រសួងកសិកម្ម តែលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទី១៩ វិច្ឆិកា។ លោក ស្រី វុឌ្ឍី គឺជាអ្នកនាំពាក្យមួយរូប ដែលអ្នកសារព័ត៌មានតែងត្អូញត្អែរថា ជាមន្ត្រីដែលពិបាកទាក់ទងសុំព័ត៌មាន និងមិនបំពេញតួនាទីរបស់ខ្លួនជាអ្នកនាំពាក្យឱ្យបានត្រឹមត្រូវឡើយ។
ផ្ទុយពីការអះអាងរបស់អាជ្ញាធរខេត្តព្រះវិហារ សមាជិកសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី អះអាងថា ក្នុងបរិវេណដីក្រុមហ៊ុនភីអ៊ិនធី ពុំមានឈើធំៗសម្រាប់ធ្វើអាជីវកម្មទៀតទេ មានតែឈើដែលដឹកចេញពីខាងក្រៅតែប៉ុណ្ណោះ។ លោកថា កម្មករក្រុមហ៊ុនទាំងនេះ បានលួចកាប់ឈើគ្រួសាររបស់លោក អស់ជិត ១០ដើមដែរ និងមានពលរដ្ឋជាច្រើនគ្រួសារទៀត បានបាត់បង់ដើមឈើធំៗដុះតាមដីស្រែចម្ការ ដែលពួកគេរក្សាទុកជាច្រើនឆ្នាំមកហើយ៖ «គម្រោងរបស់គេ គេប្រមូលឈើដែលប្រជាជនថែរក្សា នៅតាមស្រែចម្ការ ហើយគេកាប់អស់បាត់ទៅហើយ ឈើនៅតាមស្រែចម្ការ ដែលសេសសល់សម្រាប់។ ឡានដែលគេប្រើប្រាស់ ក្នុងក្រុមហ៊ុន មាន ៨គ្រឿង តែឡាន ១០គ្រឿងជាងក្នុងហ្នឹង»។
ក្រុមហ៊ុន ភីអ៊ិនធី (P.N.T Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត ៨ពាន់ហិកតារ ( ៧.៩០០) នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ ឆ្នាំ។ ក្រុមហ៊ុននេះ មានម្ចាស់ជាជនជាតិវៀតណាមឈ្មោះ ផាន់ ហួណាម (Phan Huu Nam)។ ក្នុងកិច្ចសន្យា ក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមច័ន្ទ ចន្ទី និងដំណាំរួមផ្សំផ្សេងៗទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ជាក់ស្ដែងក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ដោយផ្តោតលើការកាប់ឈើទៅវិញ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុននេះ ដើម្បីសុំការបំភ្លឺបានថា យ៉ាងណានៅឡើយទេ នៅថ្ងៃទី១៩ វិច្ឆិកា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ ថ្លែងថា លោកគ្មានជំនឿថា ក្រសួងកសិកម្មនឹងអាចដោះស្រាយសំណុំរឿងនេះ ដោយយុត្តិធម៌នោះឡើយ ព្រោះបទល្មើសនេះអាចមានជាប់ពាក់ព័ន្ធនឹងមន្ត្រីជំនាញដែលទទួលបានផលប្រយោជន៍ពីក្រុមជនល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments