ក្រុមយុវជនគ្រោងលើកគ្នាទៅកាយដីឆ្នេរព្រែកត្រែងដែលរងការចាក់លុបដោយក្រុមហ៊ុនឯកជន នៅពេលខាងមុខ ប្រសិនបើអាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបន្តព្រងើយកន្តើយចំពោះករណីនេះ។ ការព្រមានរបស់ក្រុមយុវជននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខកខានមិនបានអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន និងបញ្ជារបស់លោក ហ៊ុន សែន ទាក់ទងនឹងការលុបឆ្នេរខុសច្បាប់។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា ក្រុមយុវជន និងពលរដ្ឋទូទៅ មានសិទ្ធិ និងករណីយកិច្ចស្របតាមច្បាប់ក្នុងការចូលរួមថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ក្រុមយុវជនសម្ដែងការខកចិត្តនឹងអាជ្ញាធរខេត្ដព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធទាំងឡាយ ចំពោះការអូសបន្លាយមិនចាត់វិធានការលើក្រុមហ៊ុនឯកជនដែលចាក់ដីលុបឆ្នេរព្រែកត្រែង ត្រង់ភូមិសាស្ត្រភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ក្រៅពីនេះ អាជ្ញាធរក៏មិនបានដាក់កំហិតឱ្យក្រុមហ៊ុនកាយដីដែលបានចាក់លុបរួចនោះ ចេញវិញដែរ ដែលបញ្ហានេះបង្កជាក្ដីព្រួយបារម្ភថា អាចនឹងមានការត្រូវរ៉ូវគ្នារវាងអាជ្ញាធរ និងក្រុមហ៊ុន។
សកម្មជនបរិស្ថាន កញ្ញា ផេង ស្រីស ថ្លែងថា កញ្ញា និងយុវជនដទៃទៀត នឹងចុះធ្វើសកម្មភាពនេះនៅពេលឆាប់ៗខាងមុខ ហើយកញ្ញារំពឹងថា អាជ្ញាធរខេត្តព្រះសីហនុនឹងមិនហាមឃាត់ ឬរារាំងសកម្មភាពរបស់ក្រុមយុវជនឡើយ។ កញ្ញាថ្លែងថា ប្រសិនបើអាជ្ញាធររារាំងសកម្មភាពរបស់ក្រុមយុវជននោះ មានន័យថា អាជ្ញាធរការពារទង្វើមិនស្របច្បាប់របស់ក្រុមហ៊ុន ដ្បិតករណីចាក់លុបឆ្នេរព្រែកត្រែងនេះ ធ្វើឡើងដោយខុសច្បាប់៖ «កន្លងមក គឺគាត់លើកហេតុផលថា មន្ត្រីជំនាញកំពុងតែត្រួតពិនិត្យ អ៊ីចឹងរយៈពេលរហូតមកដល់ពេលនេះ វាជាង ៦ ខែហើយ អ៊ីចឹងសូមឱ្យគាត់ពិនិត្យមើលរឿងហ្នឹងម្តងទៀត។ បើរយៈពេលត្រឹម ១ខែទៀត គាត់នៅតែមិនមានវិធានការជាក់លាក់ណាមួយ ឬក៏ប្រើហេតុផលដដែលៗដើម្បីគេចវេះ ឬក៏ព្យាយាមមិនអនុវត្តតាមច្បាប់ នោះពួកខ្ញុំនឹងចុះទៅម្តងទៀត»។
ក្រុមហ៊ុនដែលចាក់ដីលុបឆ្នេរព្រែកត្រែងនោះ ត្រូវបានគេដឹងថា ជារបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់លោកឧកញ៉ា ឡាវ ម៉េងឃីន ម្ចាស់ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែលបានចាក់ដីលុបតំបន់បឹងកក់កណ្ដាលក្រុងភ្នំពេញដ៏ចម្រូងចម្រាស កាលពីប៉ុន្មានឆ្នាំមុននេះ។
អាស៊ីសេរីមិនទាន់អាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុនអ្នកស្រី ជឹង សុភាព ដើម្បីសាកសួរពីករណីចាក់ដីលុបឆ្នេរព្រែកត្រែងបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ ធ្លាប់បានអះអាងថា ការចាក់ដីលុបឆ្នេរព្រែកត្រែងនេះ គឺជារឿងខុសច្បាប់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ លោក ថោង ខុន បានថ្លែងថា ក្រុមហ៊ុនអភិវឌ្ឍនៅឆ្នេរព្រែកត្រែងនោះ បានរំលោភបំពានច្បាប់ ហើយអាជ្ញាធរកំពុងតែពិនិត្យមើលទិដ្ឋភាពច្បាប់លើករណីនេះ។
ក្រោយពេលមានប្រតិកម្មច្រើនពីសាធារណជន មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ លោក ជា សុផារ៉ា កាយដីដែលក្រុមហ៊ុនបានចាក់លុបនោះចេញវិញ ដើម្បីរក្សាឆ្នេរធម្មជាតិឱ្យបានដូចដើម។ ក៏ប៉ុន្តែបទបញ្ជានេះ ហាក់មានឥទ្ធិពលតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយអាជ្ញាធរបានផ្អាកសកម្មភាពរបស់ក្រុមហ៊ុនភ្លាមៗក្រោយមានបទបញ្ជា ប៉ុន្តែបន្ទាប់ពីនោះមក ករណីនេះបានស្ងប់ស្ងាត់បាត់ឈឹងអស់រយៈពេលជាច្រើនខែមកនេះ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត មិនធ្វើអត្ថាធិប្បាយរឿងនេះទេ ដោយលោកបង្វែរសំណួរទៅអ្នកនាំពាក្យសាលាខេត្តព្រះសីហនុវិញ ព្រោះលោកអះអាងថា លោក ជា សុផារ៉ា បានប្រគល់កិច្ចការនេះឱ្យខាងអាជ្ញាធរខេត្តព្រះសីហនុជាអ្នកដោះស្រាយហើយ៖ «សួរទៅគេតិចទៅណា។ សួរគេអ្នកនៅមើលទីតាំងហ្នឹងទៅ ព្រោះគាត់បានប្រគល់ឱ្យខេត្តចាត់ចែងហើយ កាលពីថ្ងៃចុះទៅ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន ជាច្រើនដង តាំងពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ មករា ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះធ្លាប់បានអះអាងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១១ មករា ថា មន្ត្រីជំនាញកំពុងពិនិត្យមើលករណីនេះ។ លោកបញ្ជាក់ថា អាជ្ញាធរនៅតែប្រកាន់ជំហរឱ្យក្រុមហ៊ុនកាយដីដែលបានចាក់លុបនោះចេញវិញ ប៉ុន្តែត្រូវរង់ចាំការសម្រេចពីថ្នាក់លើជាមុនសិន។ លោកក៏បានផ្ដាំទៅយុវជនវិញដែរថា កុំឱ្យធ្វើសកម្មភាពណាដែលអាចបង្កភាពអានាធិបតេយ្យនៅតំបន់នោះ៖ «សូមឱ្យគាត់ធ្វើអ្វីៗទៅតាមគោលការណ៍ច្បាប់ ដើម្បីចៀសវាងភាពអានាធិបតេយ្យ។ ប្រសិនបើរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានមិនអនុវត្ត អាហ្នឹងសមនឹងគាត់ធ្វើ ប៉ុន្តែឥលូវអាជ្ញាធរ និងរដ្ឋបាលមូលដ្ឋាន ក៏ដូចមន្ត្រីជំនាញដែរ គេបានឆ្លើយតបទៅប្រជាពលរដ្ឋទូទៅ និងពួកគាត់ហើយតើ ថានឹងអនុវត្តច្បាប់ហ្នឹងឱ្យបានល្អប្រសើរ គ្រាន់តែថាបើបានតាមពេលវេលាភ្លាមៗហ្នឹង វាមិនទាន់បាន។ ប៉ុន្តែជាគោលការណ៍រួម គឺយើងនៅតែជំរុញឱ្យក្រុមហ៊ុនគាត់ធ្វើ(កាយដី)អ៊ីចឹង»។
ថ្វីត្បិតតែអាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ជំហរបែបនេះមែន ក៏ប៉ុន្តែក្រុមយុវជនមើលឃើញថា អាជ្ញាធរខេត្តព្រះសីហនុហាក់គ្មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយរឿងនេះឡើយ។
កញ្ញា ផេង ស្រីស អះអាងថា ក្រុមយុវជននឹងយកច្បាប់ និងឯកសារពាក់ព័ន្ធ ព្រមទាំងចំណាររបស់ ហ៊ុន សែន ជាមូលដ្ឋានក្នុងការចុះធ្វើសកម្មភាពកាយដីឆ្នេរព្រែកត្រែងនោះ។ កញ្ញាអះអាងថា ការចាក់ដីលុបឆ្នេរកើតមានជាច្រើនកន្លែងនៅខេត្តព្រះសីហនុ និងនៅខេត្តជាប់មាត់សមុទ្រដទៃទៀត ដូច្នេះប្រសិនបើករណីឆ្នេរព្រែកត្រែងនេះ មិនអាចដោះស្រាយបានទេនោះ វានឹងផ្ដល់ជាគំរូអាក្រក់ និងជាការលើកទឹកចិត្តដល់ក្រុមហ៊ុនដទៃទៀតឱ្យហ៊ានប្រព្រឹត្តទង្វើល្មើសច្បាប់ចាក់ដីលុបឆ្នេរសមុទ្របន្តទៅទៀត៖ «ក្រុមហ៊ុន និងអ្នកមានអំណាចកាន់តែមានឥទ្ធិពលខ្លាំងឡើងក្នុងសង្គម ជាក់ស្ដែងការចាក់ដីលុបឆ្នេរ ដែលសម្ដេចផ្ដល់បទបញ្ជាមកឱ្យកាយដីចេញវិញ ទីបំផុតក៏នៅតែក្រុមហ៊ុន ឬក៏អ្នកមានអំណាចមិនអនុវត្តតាម។ យើងជាប្រជាពលរដ្ឋ ជាយុវជន យើងឃើញសកម្មភាពដែលធ្វើបំពានច្បាប់ ខុសនឹងច្បាប់ហើយ យើងឈរឱបដៃមើល អ៊ីចឹងមានន័យថា យើងបណ្ដោយឱ្យបក្ខពួកក្រុមអ្នកមានអំណាច ក្រុមហ៊ុន ឬក៏អ្នកធំមួយចំនួនហ្នឹង បន្តការបំផ្លិចបំផ្លាញសម្បត្តិជាតិ ហើយនិងបម្រើតែផលប្រយោជន៍បក្ខពួកខ្លួនអ៊ីចឹងទៅ»។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ការរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺជាទង្វើល្មើសនឹងច្បាប់ ដែលអាជ្ញាធរត្រូវមានវិធានការតឹងរ៉ឹងលើជនប្រព្រឹត្ត។ លោកថ្លែងទៀតថា ករណីឆ្នេរព្រែកត្រែងនេះ បង្ហាញថា អាជ្ញាធរមិនទាន់បានអនុវត្តនូវតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅឡើយទេ។ លោកអះអាងថា ក្រុមយុវជន និងប្រជាពលរដ្ឋទូទៅ មានសិទ្ធិ និងករណីយកិច្ចក្នុងការចូលរួមថែរក្សាទ្រព្យសម្បត្តិរបស់ជាតិ ហើយសកម្មភាពដែលក្រុមយុវជនគ្រោងធ្វើនៅឆ្នេរព្រែកត្រែងនោះ គឺជារឿងស្របច្បាប់៖ «បើបញ្ហាហ្នឹងវាធ្វើឱ្យប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអ៊ីចឹង ក្រុមយុវជនក៏ដោយ ប្រជាពលរដ្ឋក៏ដោយមានសិទ្ធិក្នុងការទាមទារ ឬក៏ធ្វើយ៉ាងណាដោយសន្តិវិធី ដើម្បីឱ្យរដ្ឋាភិបាលហ្នឹងអនុវត្តច្បាប់ ហើយរក្សាភាពដើមនៃទ្រព្យសម្បតិ្តរដ្ឋហ្នឹងឡើងវិញផងដែរ។ ការឈឺឆ្អាល ប្រជាពលរដ្ឋចូលរួម គឺជាការល្អ អាហ្នឹងវាគួរតែមានការលើកទឹកចិត្តក្នុងការចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋ»។
ការចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹកដោយគ្មានការអនុញ្ញាត ត្រូវបានកំណត់ក្នុងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិថា ជាបទល្មើសឧក្រិដ្ឋ ដែលជនល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥ លានរៀល ទៅ ១៥០ លានរៀល។
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានស្នើអភិបាលខេត្តជាប់មាត់សមុទ្រទាំងអស់ ឱ្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅសមុទ្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ការពារ និងអភិរក្សទ្រព្យសម្បត្តិសាធារណៈទាំងអស់នេះប្រកបដោយចិរភាព។ ទោះជាយ៉ាងជាណា សកម្មជនបរិស្ថានមិនមានជំនឿលើយន្តការនេះឡើយ ដោយសារតែអាជ្ញាធរ និងមន្ត្រីជំនាញខ្វះការអនុវត្តជាក់ស្ដែង ជាពិសេសភាពទន់ខ្សោយនៃការអនុវត្តច្បាប់នៅពេលមានបទល្មើសកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments