
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន រំលាយចោលមួយចំនួននៅតែប្រកាន់ជំហរគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ជាមេដឹកគណបក្សប្រឆាំងដ៏រឹងមាំបំផុត នៅក្នុងបេះដូងរបស់ពួកគាត់។ អ្នកវិភាគលើកឡើងថា ការសាមគ្គីនេះ ជាចំណុចខ្លាំងរបស់គណបក្សប្រឆាំង ដែលធ្វើឲ្យបក្សកាន់អំណាចភ័យខ្លាច។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សប្រឆាំងភាគច្រើនលើកឡើងថា ទោះបីគណបក្សសង្គ្រោះជាតិត្រូវរបបលោកហ៊ុន សែនរំលាយចោលបានមួយឆ្នាំហើយក្ដី ក៏ពួកគេនៅតាមមូលដ្ឋាននៅតែសាមគ្គីគ្នាយ៉ាងស្អិតល្មួតដដែល គឺគ្រាន់តែមិនសូវបានជួបជុំគ្នាដូចពេលគណបក្សនៅមានដង្ហើមតែប៉ុណ្ណោះ ប៉ុន្តែបានទាក់ទងគ្នាតាមរូបបែបផ្សេងក្នុងនាមជាប្រជាពលរដ្ឋវិញម្ដង។
ចៅសង្កាត់អូរចារ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា បើទោះបីជាកញ្ញាត្រឹមតែជាចៅសង្កាត់ដែលបញ្ចប់តំណែងដោយសារការរំលាយគណបក្សប្រឆាំងក្ដី ចំពោះស្មារតីស្មោះស្ម័គ្រចំពោះប្រជាពលរដ្ឋឥតងាករេ ព្រោះស្រលាញ់គោលនយោបាយរបស់គណបក្ស។ កញ្ញា រ៉ូហ្សេត ប្រកាន់ជំហរទៀតថា មានតែលោក កឹម សុខា និងលោកសម រង្ស៊ីទេ ដែលអាចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការរីកចំរើន ហើយប្រជាពលរដ្ឋមានការងារមិនសូវមានអ្នកធ្វើចំណាកស្រុកច្រើនដូចសព្វថ្ងៃ៖ «គ្មានអ្វីដែលជាអមត និងឋិតថេរក្នុងលោកនោះទេ គឺអំពើល្អនឹងឈ្នះអំពើអាក្រក់ ហើយទឹកចិត្តនឹងឈ្នះទឹកលុយតាមរយៈសេចក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរ ឲ្យតែយើងគិតពីជាតិមាតុរបស់យើងពេលនោះជាតិយើងអត់សាបសូន្យទេ។ ប៉ុន្តែសុំឲ្យបងប្អូនទាំងអស់គាំទ្រក្នុងចិត្តបើមិនហានគាំទ្រដោយការនិយាយជាសាធារណៈទេសូមគាំទ្រដោយអារម្មណ៍ថា លោកប្រធានទាំង២ មិនបែកបាក់គ្នាទេ ហើយជាក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរ»។
ចំណែកសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សប្រឆាំងឃុំខ្នាចរមាសលោក ឡុង នឹម លើកឡើងថា ទោះបីជាថ្មីៗ នេះមានមនុស្សមួយចំនួនបានរិះគន់លោក សម រង្ស៊ី ដែលយកលោក កឹម សុខា ធ្វើជាល្បែងភ្នាល់ជាមួយលោក ហ៊ុន សែន ក្ដី ប៉ុន្តែលោកជឿជាក់ថា អ្នកទាំង ២ ជាមេដឹកនាំគណបក្សមនុស្សតែមួយ។ លោក ឡុង នឹម បន្តទៀតថា លោក កឹម សុខា និងលោក សម រង្ស៊ី សព្វថ្ងៃស្ថិតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋជានិច្ច ហើយលោកក៏នៅតែគាំទ្រអ្នកទាំង ២ ជាមេដឹកនាំគណបក្ស ដែលមានចំណេះដឹងខាងប្រជាធិបតេយ្យដែលសង្គមកម្ពុជាកំពុងត្រូវការ៖ «បាទ! មូលហេតុព្រោះការដឹកនាំបម្រើពលរដ្ឋកន្លងមកគឺពួកគាត់ទាំង២ ធ្វើដើម្បីប្រយោជន៍រួម ដើម្បីសេចក្ដីសុខរបស់ពលរដ្ឋខ្មែរយើងទាំងអស់ ហើយពួកគាត់មិនដែលគិតបញ្ហាបុគ្គលឬបក្សពួកយកធ្វើជាធំនោះទេ»។
កាលលើកឡើងរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សប្រឆាំងនេះ ដោយសារកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានចេញសេចក្ដីថ្លែងការណ៍ រិះគន់នឹងការយកសេរីភាពលោក កឹម សុខា ភ្នាល់គ្នា ហើយមានជំនឿថា ពលរដ្ឋខ្មែរ រួមទាំងអ្នកដឹកនាំផង នឹងមិនវាយតម្លៃលើការភ្នាល់នេះទេ ហើយក៏មិនទាមទារឲ្យអនុវត្តតាមខសន្យាភ្នាល់នេះដែរ តែចង់បានការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិខ្មែរទាំងមូល។
ថ្មីៗ នេះលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានព្រមព្រៀងភ្នាល់រឿងដោះលែង ឬមិនដោះលែងលោក កឹម សុខា មុនថ្ងៃទី៣ ខែមីនា ឆ្នាំក្រោយ។
សហមេធាវីថា បើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងឲ្យមានសេរីភាពឆាប់ៗ នោះមិនមានន័យថា លោក ហ៊ុន សែន ចាញ់ការភ្នាល់ទេ។
ទោះជាយ៉ាងណា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត យល់ថា ការចេញសេក្តីថ្លែងការណ៍របស់សហមេធាវីលោក កឹម សុខា ប្រៀបដូច ចង់ងាកចេញពីលោកសម រង្ស៊ី ហើយជាការធ្វើឲ្យគណបក្សប្រឆាំងបែកបាក់សាមគ្គីគ្នា ព្រោះសហមេធាវីមិនយល់ពីចេតនារបស់លោក សម រង្ស៊ី នោះឡើយ។
ចំណែកអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាមគណបក្សសង្គ្រោះជាតិ លោក ថាន សុរិទ្ធ មានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សប្រឆាំងនៅខេត្តកំពង់ចាមប្រមាណ ៩០ភាគរយនៅតែសាមគ្គីគ្នាស្អិតល្មួតនៅឡើយ ហើយសព្វថ្ងៃនៅរងចាំសញ្ញាជួងពីមេដឹកនាំគណបក្សបក្ស ដើម្បីនាំគ្នាទៅតម្រង់ជួរធ្វើនយោបាយបន្តទៅទៀត។ លោក ថាន សុរិទ្ធ បន្ថែមទៀត គណបក្សប្រឆាំងរឹងមាំដោយសារអ្នកគាំទ្រស្រលាញ់ការធ្វើនយោបាយលោក កឹម សុខា និងលោក សម រង្ស៊ី ដែលអ្នកទាំងមានមនសិការស្នេហាជាតិពិតប្រាកដ ហើយសុខចិត្តជាប់គុកប្រសើរជាងការលក់ឧត្ដមគតិទៅចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួន៖ «បើសិនជាលោកប្រធានទាំង២គាត់បែកគ្នាមានន័យថាចាញ់បក្សកាន់អំណាចហើយ ដូច្នេះបើសិនជាគាត់បែកគ្នាមែនគឺមានសមាជិកភាគច្រើននឹងឈប់ធ្វើនយោបាយហើយ ពីព្រោះពួកគាត់សង្ឃឹមថា លោក កឹម សុខា និងលោក សម រង្ស៊ីជាគេអ្នកសង្គ្រោះជាតិ ដូច្នេះបើបែកបាក់គ្នាគាត់ឈប់គាំទ្រហើយ»។
ចំណែកនៅខេត្តកំពង់ឆ្នាំងឯណោះវិញ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងលោក កែវ ថៃ មានប្រសាសន៍ថា រហូតមកទល់ថ្ងៃទី១២ វិច្ឆិកា ទើបតែសមាជិកគណបក្សខ្លួននៅក្នុងខេត្តកំពង់ឆ្នាំងប្រមាណ ១០ភាគរយប៉ុណ្ណោះ ដែលបានទៅរួមរស់ជាមួយគណបក្សកាន់អំណាច តែការដែលចាកចេញនេះដោយសារពួកគេចង់រក្សាសុវត្ថិភាពផ្ទាល់ ព្រោះត្រូវបានមន្ត្រីគណបក្សកាន់អំណាចគំរាមកំហែង៖ «មកដល់ម៉ោងនេះខ្ញុំនៅតែគាំទ្រលោកប្រធាន សម រង្ស៊ី និងលោក កឹម សុខាដដែល ពីព្រោះក្នុងស្ថានភាពនេះគ្មានឥស្សរជនណាមកជំនួសពួកគាត់បាន និយាយបែបនេះមិនមែនចាត់ទុកពួកគាត់ជាព្រះទេ ប្រសិនបើមានអ្នកណាមួយមានឥទ្ធិពលអាចជំនួសគាត់បានខ្ញុំមិនថាទេ តែវាអត់មានអ្នកណាមានឥទ្ធិពលដែលអាចដណ្ដើមជ័យជំនះពីគណបក្សកាន់អំណាចបានទេ»។
អ្នកនាំពាក្យរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការសាមគ្គីគ្នារបស់សមាជិកគណបក្សប្រឆាំងដែលស្រលាញ់គាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ីនោះជាផលប្រយោជន៍បុគ្គល ប៉ុន្តែលោកថា គណបក្សប្រជាជនកម្ពុជាមិនចាប់អារម្មណ៍ចំពោះបញ្ហានេះទេ៖ «អ្វីដែលយើងចាប់អារម្មណ៍ខ្លាំងគឺចាប់អារម្មណ៍បម្រើសេវាមហាជនឲ្យមានប្រសិទ្ធភាពហើយឆ្លើយតបពីមហាជន ហើយទទួលស្គាល់រដ្ឋាភិបាល និងគណបក្សប្រជាជននេះឯង នេះហើយដែលអាទិភាពសម្រាប់យើងខ្ញុំទាំងអស់គ្នា»។
ប៉ុន្តែអ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា គណបក្សប្រជាជនកម្ពុជាភ័យខ្លាចបំផុតចំពោះការសាមគ្គីរបស់សមាជិកគណបក្សប្រឆាំង មិនមែនមិនចាប់អារម្មណ៍ដូចការលើកឡើងរបស់លោក ផៃ ស៊ីផាន នោះទេ ព្រោះកន្លងទៅភ័យរហូតរបបលោក ហ៊ុន សែន រំលាយគណបក្សមួយនេះចោលហើយបង្កើតការបោះឆ្នោតក្លែងក្លាយដើម្បីគ្រប់គ្រងអំណាចតទៅមុនទៀត៖ «សូម្បីតែប្រតិកម្មរបៀបលេងសើចសុំភ្នាល់គ្រាន់តែជាសារនយោបាយកំដរអារម្មណ៍លោក សម រង្ស៊ី ផង លោកហ៊ុន សែននៅចេញប្រតិកម្មហើយមុខក្នុងការភ្នាល់ទៅទៀត ដូច្នេះតើចាប់អារម្មណ៍ឬអត់។ មួយសកម្មជនមូលដ្ឋានអ្នកដឹកនាំគណបក្សសង្គ្រោះជាតិតើមានអ្នកណាអាចធ្វើសកម្មភាពបានទេនៅពេលបច្ចុប្បន្ននេះ មានន័យថាការបំបិទសិទ្ធិ សេរីភាពពួកគាត់ទាំងនោះហើយ គឺជាការចាប់អារម្មណ៍មួយយ៉ាងធំ រហូតទៅដល់ថាអ្នកណាចេញមួយដាក់មួយចេញ២ដាក់ពីរដូចលោកហ៊ុន សែនបានប្រកាសនោះ»។
អ្នកវិភាគរូបនេះបន្ថែមទៀត សព្វថ្ងៃគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានរឹងមាំខ្លាំង ហើយគ្មានគណបក្សណាអាចបំបែកបំបាក់អ្នកគាំទ្របាននោះទេ ព្រោះពួកគាត់យល់ថា ប្រសិនជាពួកគាត់លក់ឧត្ដមគតិគឺជាកំហុសដ៏ធំចំពោះគណបក្សប្រឆាំង ដែលធ្វើឲ្យបរាជ័យក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ លោក គឹម សុខ អះអាងទៀតថា មេដឹកនាំគណបក្សប្រឆាំងទាំង ២រូបយល់ច្បាស់ពីរបត់នយោបាយដែលត្រូវដើរសម្រាប់ប្រទេសជាតិ ពោលគឺការរួបរួមគ្នាដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ចំណែកឯការប្រទាញប្រទង់គ្នានៅក្នុងបក្សរបស់សមាជិកមួយចំនួនតូចកន្លងមកនោះ ដោយសារអ្នកទាំងនោះមិនយល់ពីចេតនារបស់មេដឹកគណបក្សទាំង ២រូបឲ្យបានច្បាស់លាស់តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments