RFA | ពលរដ្ឋ​រិះគន់​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ថា​បណ្ដោយ​ឲ្យ​ជនជាតិ​ចិន​បើកបរ​ល្មើស​ច្បាប់ | hot news

By , Comment
Share on Facebook Tweet on Twitter

អាណាព្យាបាល និង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ឥរិយាបថ​របស់​អ្នក​បើកបរ​ជនជាតិ​ចិន នៅ​តាម​ផ្លូវ​សាធារណៈ ដែល​បើកបរ​ក្នុង​អាការៈ​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ជាដើម ដែល​បាន​ទុក​បណ្តោយ​ឲ្យ​ជនជាតិ​ចិន អាច​បើកបរ​ក្នុង​ល្បឿន​លឿន​ល្មើស​ច្បាប់​ចរាចរណ៍​កម្ពុជា ប៉ុន្តែ​គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។

ពលរដ្ឋ​អះអាង​ថា ការ​បើកបរ​របស់​ជនជាតិ​ចិន ភាគច្រើន​នៅ​តាម​ផ្លូវ​សាធារណៈ​នា​ទី​ប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ រាល់​ថ្ងៃ​នេះ គឺ​មាន​ល្បឿន​លឿន និង​ក្នុង​អាការៈ​ស្រវឹង ពិសេស​នៅ​ពេល​រាត្រី។ ប្រជាពលរដ្ឋ​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ពិនិត្យ​ការ​បើកបរ​របស់​ជនជាតិ​ចិន នា​មូលដ្ឋាន​នេះ។

ចំណែក​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា សកម្មភាព​បើកបរ​រថយន្ត​របស់​ជន​បរទេស ពិសេស​ជនជាតិ​ចិន តាម​ផ្លូវ​សាធារណៈ​នា​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ រាល់​ថ្ងៃ​នេះ គឺ​មាន​ល្បឿន​លឿន​ពិត​មែន។ អ្នកស្រី​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​នៅ​ពេល​រាត្រី ភាគច្រើន​បង្ក​ដោយ​អ្នក​បើកបរ​ស្រវឹង​ស្រា។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជួយ​បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​សកម្មភាព​បើកបរ​របស់​ជន​បរទេស ឬ​ជនជាតិ​ចិន នៅ​តាម​ផ្លូវ​សាធារណៈ ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទទួល​បាន​ផល​វិជ្ជមាន និង​ឈាន​ដល់​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​ស្រប​តាម​គោល​នយោបាយ​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត៖ «»

ទន្ទឹម​គ្នា​នេះ អ្នកស្រី សុធារី ក៏​ទទូច​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​សំណូក​ពុក​រលួយ​ណា​មួយ ដែល​អាច​ឈាន​ដល់​ជួយ​សម្រួល​ឲ្យ​ជនជាតិ​ចិន មួយ​ចំនួន​អាច​មាន​សិទ្ធិ​បើកបរ​រថយន្ត ជា​ថ្នូរ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​មួយ។

ឆ្លើយតប​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​មិន​ព្រងើយ​កន្តើយ​ការងារ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ទេ។ លោក​បន្ត​ថា ការ​ត្រួត​ពិនិត្យ​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​រាល់​ថ្ងៃ​នេះ គឺ​សមត្ថកិច្ច​បាន​ចុះ​ពង្រឹង​ជា​ប្រចាំ ដោយ​មិន​កំណត់​ថា​ជនជាតិ​ខ្មែរ ឬ​បរទេស​នោះ​ទេ៖ «»

បើ​ទោះ​ជា​លោក អ៊ី សុខា មិន​ទាន់​អាច​បង្ហាញ​តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​អ្នក​បើកបរ​ជនជាតិ​ចិន មាន​ចំនួន​ប៉ុន្មាន​ករណី​នា​ត្រីមាស​ទី​១ ដើម​ឆ្នាំ​២០១៧ នេះ​ក្តី ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​នៅ​ពេល​យប់​មួយ​ចំនួន បាន​បង្ក​ដោយ​អ្នក​បើកបរ​ជនជាតិ​ចិន ពិត​ប្រាកដ​មែន។

ទាក់ទិន​ជនជាតិ​ចិន នេះ​ដែរ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​ឧសភា បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ចំនួន ១៣​នាក់ បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា និង​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពេល​ចុះ​អន្តរាគមន៍​សង្គ្រោះ​ស្ត្រី​រងគ្រោះ​ឲ្យ​រួច​ផុត​ពី​អំពើ​ហិង្សា។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ​ជនជាតិ​ចិន ទាំងនេះ៖ «»

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ សង្កេត​ឃើញ​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៧ មក វត្តមាន​ជនជាតិ​ចិន មាន​ចំនួន​កើន​ច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ហើយ​ភាគច្រើន​នៃ​ជនជាតិ​ចិន ទាំងនោះ មាន​ចរិត​ព្រហើន កោងកាច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​អសន្តិសុខ អាច​នឹង​កើត​មាន​ឡើង​ជា​ថ្មី​ទៀត។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ជនជាតិ​ចិន ដែល​បង្ហាញ​វត្តមាន​ច្រើន​នា​មូលដ្ឋាន​នេះ គឺ​ជា​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ទៅ​លើ​វិស័យ​សំណង់​អគារ​ធំៗ រួម​មាន​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments