ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត៍ (William Heidt) ថ្លែងថា លោកតែងនឹកគិតទៅដល់លោក ជា វិជ្ជា តាំងពីអតីតប្រធានសហជីពសេរីកម្មករកម្ពុជា រូបនេះ ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
លោក វីល្លៀម ហៃដ្ត៍ សរសេររម្លឹកនៅលើទំព័រហ្វេសប៊ុក (facebook) ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៣ មករា ថា លោកបានស្គាល់លោក ជា វិជ្ជា យ៉ាងច្បាស់នៅពេលលោកធ្វើការនៅក្នុងស្ថានទូតសហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។ លោកថា ពេលនោះលោក គឺជាមន្ត្រីទទួលបន្ទុកបញ្ហាការងារ និងសេដ្ឋកិច្ច ដោយសារលោក ជា វិជ្ជា ជាប្រធានសហជីពកម្មករ ទើបលោកទាំងពីរបានជួបគ្នាជាញឹកញាប់ ដើម្បីពិភាក្សាពីការអភិវឌ្ឍសហជីពនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រូបនេះថា លោកតែងជឿថា លោក ជា វិជ្ជា គឺជាសំឡេងដ៏ពិតប្រាកដរបស់កម្មករកម្មការិនីកម្ពុជា។ លោកថ្លែងដែរថា លោកមានចិត្តរីករាយដោយស្ថានភាពនៃកម្មករកាត់ដេរកម្ពុជា មានភាពប្រសើរឡើងច្រើនតាំងពីទសវត្សរ៍១៩៩០ មក ដោយសារការខិតខំរបស់រដ្ឋាភិបាល ម្ចាស់រោងចក្រ និងការខិតខំរបស់ពលរដ្ឋដែលមានការប្ដេជ្ញាចិត្តខ្ពស់ដូចលោក ជា វិជ្ជា។
លោក វីល្លៀម ហៃដ្ត៍ ថ្លែងបន្តថា លោកមានសេចក្តីក្រៀមក្រំជាខ្លាំងនៅពេលឮថា លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅឆ្នាំ២០០៤ ហើយលោកសូមបន់ស្រន់ឲ្យលោក ជា វិជ្ជា និងគ្រួសារមានសន្តិភាព ជាសះស្បើយ និងទទួលបានយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments