កសិករតាមបណ្ដាខេត្តមួយចំនួន ត្អូញត្អែរពីតម្លៃស្រូវនៅតែបន្តចុះថោក ដែលធ្វើឱ្យពួកគេ ខាតបង់ច្រើន និងជួបការលំបាកក្នុងជីវភាព។ អ្នកជំនាញយល់ថា របបក្រុងភ្នំពេញ គួរតែទម្លាក់ទុនដើម្បីដោះស្រាយបញ្ហាស្រូវនេះ។
កសិករនៅតាមបណ្ដាខេត្ត លើកឡើងថា តម្លៃស្រូវ នៅតែចុះថោក និងមិនសូវមានឈ្មួញចុះទិញនោះទេ បើទោះបីជាពិធីបុណ្យចូលឆ្នាំចិន-វៀតណាម បានបញ្ចប់ទៅហើយក្ដី។
កសិករនៅខេត្តព្រៃវែង លោក ប៉ូរ៉ា រៀបរាប់ថា តម្លៃស្រូវក្នុងខេត្តព្រៃវែង នៅតែចន្លោះ ៦រយ ទៅ ៧រយរៀលក្នុងមួយគីឡូក្រាម។លោកអះអាងថា តម្លៃនេះគឺជាតម្លៃថោកខ្លាំងដែលធ្វើឱ្យកសិករខាតច្រើន និងមានបញ្ហាលំបាកក្នុងជីវភាព។ «»
កសិកររូបនេះ ឱ្យដឹងថា នៅក្នុងខេត្តព្រៃវែង មិនមានរោងម៉ាស៊ីន ឬឈ្មួញជនជាតិវៀតណាម ចុះទិញផ្ទាល់នោះទេ មានតែឈ្មួញកណ្តាលជនជាតិខ្មែរ ដើរប្រមូលទិញស្រូវហើយដឹកទៅលក់នៅ ប្រទេសវៀតណាម។
កសិករមួយរូបទៀតនៅខេត្តបន្ទាយមានជ័យ កញ្ញា ម៉ៅ វណ្ណធួង រៀបរាប់ថា ឆ្នាំនេះតម្លៃស្រូវនៅ ខេត្តបន្ទាយមានជ័យ ក៏ចុះថោកខ្លាំងមិនធ្លាប់មានពីមុនដែរ។ កញ្ញាបញ្ជាក់ថា ស្រូវហាលស្ងួតមួយ តោន មានតម្លៃ ៧ពាន់បាត ស្មើប្រមាណ ២២០ដុល្លារ ខណៈដែលកាលពីឆ្នាំមុនៗ សូម្បីតែស្រូវ សើម ក៏អាចលក់បានតម្លៃ ៧ពាន់បាតក្នុងមួយតោនដែរ។ «»
មិនខុសគ្នាប៉ុន្មានឡើយ កសិករម្នាក់ទៀតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ឱ្យដឹងថា ស្រូវដែល ទើបប្រមូលផលនៅក្នុងស្រុករបស់គាត់ភាគច្រើន គឺប្រជាពលរដ្ឋកំពុងដាក់ហាល និងច្រកទុកនៅ ពេញផ្ទះដោយសារលក់បានតម្លៃថោក និងមិនសូវមានឈ្មួញចុះទិញ។ អ្នកស្រីបញ្ជាក់ថា ស្រូវប្រាំង ឆ្នាំនេះ លក់បានតម្លៃ ៨ពាន់រៀលក្នុងមួយតៅ ខណៈដែលឆ្នាំមុន អាចលក់បាន១ ម៉ឺនរៀលក្នុងមួយ តៅ។ «»
ចំណែកឈ្មួញកណ្តាលទិញស្រូវទៅលក់នៅប្រទេសវៀតណាម លោក ហុក ឈុនឡា មានប្រសាសន៍តម្លៃស្រូវឆ្នាំនេះធ្លាក់ចុះ ដោយសារភាគីវៀតណាម មិនសូវសម្រុកទិញច្រើនដូចកាលពីឆ្នាំមុន ព្រោះនៅវៀតណាមសំបូរស្រូវដែរ ហើយអង្ករវៀតណាម ក៏ចុះថោកថែមទៀត។ លោក អះអាងថា តម្លៃស្រូវធ្លាក់ចុះបែបនេះ ធ្វើឱ្យប្រជាកសិករ និងឈ្មួញទិញស្រូវ ជួបការលំបាកដូចគ្នា។ «»
កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងប្រាប់កាសែតក្នុងស្រុកថា ក្រោយពីបុណ្យចូលឆ្នាំចិន-វៀតណាមរួចមក តម្លៃស្រូវធម្មតា បានហក់ឡើងវិញ ដោយនៅតាមខេត្តនីមួយៗ មានការកើនឡើងតម្លៃ។ លោក វេង សាខុន ក៏បានចាត់តាំងឱ្យអគ្គនាយកដ្ឋានកសិកម្ម តាមដានជាប្រចាំ ដើម្បីសេចក្ដីរាយការណ៍មកលោកជារៀងរាល់ថ្ងៃ តាមការប្រែប្រួលតម្លៃ ជាពិសេសតម្លៃស្រូវតែម្ដង។
កាលពីថ្ងៃទី៣០ ខែមករា កន្លងមកនេះ លោក វេង សាខុន បានស្នើទៅភាគីវៀតណាមឱ្យជួយប្រមូលទិញស្រូវពីកសិករកម្ពុជានៅក្នុងតម្លៃសមរម្យផងដែរ នៅក្នុងជំនួបមួយជាមួយមន្ត្រីស្ថានទូត និងពាណិជ្ជករវៀតណាម។ ទោះយ៉ាងណាក្តីរហូតមកដល់ពេលនេះ កសិករនៅតែមិនទាន់ឃើញតម្លៃស្រូវ ប្រែប្រួលឡើងខ្ពស់ និងមានឈ្មួញច្រើនសម្រុកទិញនោះទេ។
ផ្ទុយពីការលើកឡើងនេះ អ្នកជំនាញសេដ្ឋកិច្ច កសិកម្ម និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន លោក យ៉ង សាំងកុមារ ទទួលស្គាល់ថា តម្លៃស្រូវ ពិតជាបន្តចុះថោកដដែល ទោះបីជាពិធីបុណ្យចូលឆ្នាំចិន-វៀតណាមបានបញ្ចប់ហើយក៏ដោយ ដែលអាចប៉ះពាល់ដល់ជីវភាពកសិករយ៉ាងខ្លាំង។ លោកមើលឃើញថា មូលហេតុដែលតម្លៃស្រូវធ្លាក់ចុះ អាចបណ្ដាលពីកត្តាសហភាពអឺរ៉ុបសម្រេចយកពន្ធលើអង្ករកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែមករា កន្លងទៅ ដែលធ្វើឱ្យឈ្មួញ ក្នុងស្រុក និងក្រៅស្រុកជ្រួលច្របល់និងរារែកក្នុងការទិញស្រូវស្តុកទុក ហើយម្យ៉ាងវិញទៀត វៀតណាម ក៏មានស្រូវច្រើននៅក្នុងប្រទេសរបស់ខ្លួនដែរ។ «»
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បានទេ ដោយលោកពុំទទួលទូរស័ព្ទ។
រីឯអ្នកនាំពាក្យរដ្ឋាភិបាលលោកហ៊ុន សែន គឺលោក ផៃ ស៊ីផាន លើកឡើងថា លោកមិនទាន់ទទួល បានព័ត៌មានរឿងកសិករជួបប្រទះបញ្ហាតម្លៃស្រូវចុះថោកនោះទេ ប៉ុន្តែលោកអះអាងថា រដ្ឋាភិបាល មានវិធានការត្រឹមត្រូវទាំងផ្នែកគោលនយោបាយ និងហិរញ្ញវត្ថុដើម្បីជួយដោះស្រាយបញ្ហា ជូនកសិករជាបន្តបន្ទាប់។ លោ ផៃ ស៊ីផាន ព្រមានថា អ្នកដែលធ្វើវិទ្ធង្សនា ឬអ្នកដែលបង្កភាពវឹកវរ លើតម្លៃស្រូវនឹងត្រូវផ្ដន្ទាទោស។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន មិនបញ្ជាក់ថា របបក្រុងភ្នំពេញ នឹងបញ្ចេញទុនប៉ុន្មាន និងបញ្ចេញវិធានដោះស្រាយបញ្ហាតម្លៃស្រូវជូនកសិករនេះឱ្យឃើញជាក់ស្ដែងយ៉ាងណានោះទេ។
កាលពីថ្ងៃទី១២ កុម្ភៈ ក្រសួងកសិកម្ម បានបង្ហាញរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ស្ដីពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ក្នុងខែមករា បានជិត៦ (៥៩.៦២៥) ម៉ឺនតោន។ ប៉ុន្តែ ការនាំចេញនេះ ធ្លាក់ចុះចំនួន ៥ភាគរយ បើធៀបនឹងទំហំនៃការនាំចេញអង្ករ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ (៦២.៦២៣)។ របាយការណ៍ដដែលបង្ហាញថា ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ក្នុងខែមករា បានចំនួន ជាង២ (២៣.៨៩៩) ម៉ឺនតោន ប្រទេសចិនបានជាង ១ម៉ឺន ៨ពាន់ (១៨ ៦៧១) តោន នាំចេញទៅក្រុមប្រទេសសមាជិកអាស៊ាន ជាង៩ (៩.២២៦) ពាន់តោន និងទៅកាន់ប្រទេសផ្សេងទៀតជាង៧ (៧.៨៣៩) ពាន់តោន។
ការធ្លាក់ចុះនៃការនាំចេញអង្ករនេះ កើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃទី១៨ មករា បានកំណត់យកពន្ធ លើការនាំចូលអង្ករ សម្រាប់ទីផ្សារអឺរ៉ុប ដោយ១ឆ្នាំដំបូងត្រូវបង់ពន្ធ ២០០ដុល្លារ ក្នុងមួយតោន។ ឆ្នាំទី២ ត្រូវបង់ពន្ធចំនួន ១៧០ដុល្លារ ក្នុងមួយតោន និងឆ្នាំទី៣ ចំនួន១៤២ដុល្លារ។
ទោះយ៉ាងណាក្តីមន្ត្រីរបបក្រុងភ្នំពេញអះអាងថា បញ្ហាធ្លាក់ចុះ ការនាំចេញស្រូវអង្ករសម្រាប់ខែមករា ជារឿងធម្មតា មិនទាក់ទងនឹងការយកពន្ធលើអង្ករកម្ពុជានោះទេ។
សម្រាប់ក្រុមកសិករ និងអ្នកជំនាញខាងវិស័យកសិកម្ម នៅតែយល់ថា ប្រសិនបើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជាថែមទៀតនោះ វិស័យកសិកម្ម នឹងធ្លាក់ចុះបន្ថែមទៀត ខណៈដែលវិស័យកសិកម្មបច្ចុប្បន្ននេះ កំពុងតែគ្មានទីផ្សារស្រាប់ផង ព្រោះផលិតផលកសិកម្មមួយភាគធំ ក៏បាននាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែរ។
សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសចាប់ផ្ដើមនីតិវិធីព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ន ក្រោយព្រមានរបបលោក ហ៊ុន សែន តាំងពីដើមខែតុលា ឆ្នាំ២០១៨ អំពីការចាប់ផ្តើម នីតិវិធីនេះ បើរបបនេះមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments