ពលរដ្ឋ និងសង្គមស៊ីវិល សង្កេតឃើញថា ទិដ្ឋភាពថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅរាជធានីភ្នំពេញ នៅតែមានសភាពមិនសូវអ៊ូអរ ក្រោមការរឹតបន្តឹងពីកងកម្លាំងប្រដាប់អាវុធតឹងរឹង និងមិនសូវមានពលរដ្ឋ ដើរកម្សាន្ត។ រីឯគណៈកម្មាធិការរៀបចំបុណ្យអុំទូក ថា មនុស្សច្រើនជាងថ្ងៃទី១ និងមានស្ថានភាពល្អប្រសើរ។
អ្នកចូលរួមដើរកម្សាន្តលេងបុណ្យអុំទូក ប្រាប់ថា នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មិនសូវមានមនុស្សច្រើនអ៊ូអរដូចឆ្នាំមុនទេ ហើយកងកម្លាំងប្រដាប់ដោយអាវុធ គ្រប់ដៃ ត្រូវបានដាក់ពង្រាយ និងចល័តពាសពេញ កន្លែងដើរលេងកម្សាន្ត ចាប់ពីម្ដុំវិមានឯករាជ្យ ដល់ម្ដុំស្ពានជ្រោយចង្វា។
យុវជនចូលរួមព្រះរាជពិធីបុណ្យ នៅរាជធានីភ្នំពេញម្នាក់ លោក ខាន់ ភូមិន្ទ ប្រាប់ថា ស្ថានភាពពលរដ្ឋដើរលេងកម្សាន្តនៅថ្ងៃទី២ បើធៀបនឹងឆ្នាំមុន លោកថា ប្រហែលថយចុះ៥០ភាគរយ។ លោក យល់ថា មានមូលហេតុច្រើនដែលធ្វើឲ្យពលរដ្ឋកាត់បន្ថយការចូលរួមលេងកម្សាន្តបុណ្យអុំទូក ដោយសារកម្ពុជាធ្លាប់មានប្រវត្តិរត់ជាន់គ្នាស្លាប់នៅម្ដុំកោះពេជ្រ ការផ្អាក ឬបើកឲ្យពិធីបុណ្យតាមចិត្តនឹកឃើញ ពលរដ្ឋខ្លះយកឱកាសឈប់សម្រាកទៅលេងស្រុក ការបង្កើតកម្មវិធីប្រណាំងទូកតាមខេត្ត និងកត្តាបញ្ហានយោបាយឡើងកម្ដៅ។ ចំណែកបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់វិញ យុវជនរូបនេះ សង្កេតឃើញថា មានការដាក់ពង្រាយកងកម្លាំងច្រើនហួសហេតុ និងប្រដាប់ដោយអាវុធច្រូងច្រាង លើសឆ្នាំមុនៗ ទៅទៀត៖ «តាមសភាពមើលប្រហែលជាតិចជាង ចូល៥០% ពីព្រោះខ្ញុំអត់ដឹងថា នៅពេលយប់បន្តិចទៅមនុស្សច្រើន ជាងហ្នឹងឬយ៉ាងណាទេ? តែនៅពេលថ្ងៃហាក់បីដូចជាមនុស្សមានភាពតិចជាងមុនមែនទែន បើធៀបនឹងឆ្នាំទៅមិញ គឺតិចជាង៥០%»។
ចំណែកប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ វិញ ក៏សង្កេតឃើញថា ពលរដ្ឋចូលរួមកម្សាន្តក្នុងពិធីបុណ្យអុំទូក មានចំនួនតិចជាងកងកម្លាំងប្រដាប់អាវុធ។ លោកថា ការពង្រាយកងកម្លាំង ច្រើនហួសហេតុ ប្រដាប់ដោយអាវុធគ្រប់ដៃ មានទាំងកងកម្លាំងឈរជើង ដើរចល័ត រថពាសដែក ច្រើនសន្ធឹកសន្ធាប់ ជាហេតុធ្វើឲ្យពលរដ្ឋ អស់អារម្មណ៍ សប្បាយ រីករាយ លែងចង់ដើរកម្សាន្ត។
ចំណែក ស្តង់លក់ទំនិញ និង អ្នកលក់ដូរ របរឆកកណ្ដៀត ក្នុងបរិវេណកន្លែងកម្សាន្តបុណ្យអុំទូក ថយចុះជាងឆ្នាំមុន។ លោកអះអាងថា ដូចរាល់ឆ្នាំដែរ គឺអាជ្ញាធរខ្លះខិលខូច បានបណ្ដាក់វេនគ្នា ទៅជំរិតទារលុយពីក្រុមអ្នកលក់ដូរកំប៉ិកកំប៉ុក ដូចជា អ្នកអូសរទេះលក់ប្រហិតចៀន អ្នកលក់អំពៅសាង ទឹកសុទ្ធ ជាដើម។ លោក វ៉ន់ ពៅ បន្តថា តម្លៃផ្ញើឡាន ម៉ូតូ បានឡើងថ្លៃជាងឆ្នាំមុន ដល់ទៅម៉ូតូមួយគ្រឿង តម្លៃមួយម៉ឺនរៀល។ លោក ថា នេះជាការរកស៊ីដោយអសីលធម៌ ហើយវាកើតឡើងរាល់ឆ្នាំ ដោយសារ ក្រុមអ្នកផ្ញើម៉ូតូខ្លះ ឆក់ឱកាស និងដោយសារ អាជ្ញាធរ ឡើងថ្លៃភាស៊ី ពីក្រុមអ្នកទទួលផ្ញើម៉ូតូ ឡាន ទាំងនោះ។ លោក បន្តទៀតថា ម៉ូតូឌុប និងរម៉កកង់បី (តុកតុក) បានតម្រៀបគ្នាជាប់រដឹក ដោយសារមនុស្សដើរលេងបុណ្យអុំទូកតិចពេល ធ្វើឲ្យ គ្មានអ្នកជិះ៖ «ពិធីបុណ្យអុំទូកឆ្នាំនេះ យើងសង្កេតឃើញប្រជាពលរដ្ឋ តិចមែនទែន មានន័យថា កាលពីមុនច្រើន។ មនុស្សដើរចរាចរណ៍ចង្អៀតណែនណាន់តាន់តាប់ ប៉ុន្តែឆ្នាំហ្នឹង គឺផ្លូវមួយៗ ឡើងទូលាយ អត់មានប្រជាពលរដ្ឋ។ តិចតួចមែនទែន ថយរហូតដល់៧០ ឬ៨០% ឯណោះ ហើយភាគច្រើនយើងឃើញថា មានកម្លាំងសមត្ថកិច្ចប៉ូលិសប៉េអិម កងអន្តរាគមន៍ពិសេសអ្វីច្រើន។ កន្លែងលក់ដូរ ស្តង់លក់ដូរ ក៏អត់មានច្រើនដូចឆ្នាំមុនៗដែរ ឆ្នាំនេះ គឺតិចមែនទែនស្តង់លក់ដូរធំៗ អត់មានទេ ដូចជាម្ដុំណាហ្គាវើល ម្ដុំកោះពេជ្រ កាលពីឆ្នាំទៅ ឆ្នាំទៅមួយឃើញថា ច្រើនមែនទែនហើយប្រជាពលរដ្ឋច្រើន។ តែឆ្នាំនេះ ប្រជាពលរដ្ឋតិចតួច ហើយស្តង់តិចតួចមែនទែន»។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី១១វិច្ឆិកា អះអាងថា ពិនិត្យជារួម កាលពី ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គឺ កាលពីថ្ងៃទី ១០ វិច្ឆិកា មាន សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ ល្អប្រសើរ និងមានប្រពលរដ្ឋមកចូលរួមកម្សាន្តសប្បាយ ប្រមាណ៥៥ម៉ឺននាក់។ កាលពីឆ្នាំ២០១៨ សម្រាប់បុណ្យអុំទូកថ្ងៃទី១ មានមនុស្សចូលរួមកម្សាន្ត ប្រមាណ ៩០ម៉ឺននាក់។ បើទោះមានការពង្រាយកងកម្លាំង ប្រដាប់ដោយអាវុធច្រូងច្រាង ច្រើនសន្ធឹកសន្ធាប់ តែសម្រាប់ថ្ងៃទី១ នៃបុណ្យអុំទូក កើតមានសភាពការណ៍បទល្មើសព្រហ្មទណ្ឌ លួច ១ករណី និង បាត់ម៉ូតូ ៣គ្រឿង។ ឆ្នាំនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានពង្រាយកម្លាំងចម្រុះ មានទាំងចំហ និងកងកម្លាំងសម្ងាត់ ជាងមួយម៉ឺនប្រាំពាន់នាក់ (១៥.០០០)។
អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ រៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ លោក ប៊ូ ជុំសេរី ប្រាប់អាស៊ីសេរីថា ពលរដ្ឋចូលរួមលេងកម្សាន្ត នៅពេលថ្ងៃ សម្រាប់ថ្ងៃទី២ មានច្រើនជាងថ្ងៃទី១ ដោយសារ អាកាសធាតុអំណោយផល គឺមេឃស្រទំ និងចុះត្រជាក់។ លោក យល់ថា ថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក នឹងមានមនុស្សចូលរួមច្រើនជាង ២ថ្ងៃដំបូង ព្រោះតាមទម្លាប់នៃពិធីបុណ្យអុំទូក គឺបែបនេះ។ យ៉ាងណា ចំពោះបញ្ហាបច្ចេកទេសវិញ លោកប្រាប់ថា មានសភាពការណ៍ល្អប្រសើរ។ រយៈពេល២ថ្ងៃនេះ ការប្រណាំងទូក មានលិចទូកមួយចំនួន តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ចំពោះបញ្ហាសន្តិសុខវិញ លោក ប៊ូ ជុំសេរី សង្កេតឃើញមានភាពប្រសើរ ទាំង២ថ្ងៃនេះ៖ «ស្ថានភាពជារួមថ្ងៃនេះ អនុគ្រោះមេឃស្រទំ អត់ភ្លៀងហើយអត់ក្ដៅ ប្រជាពលរដ្ឋគាត់ដើរលេងសប្បាយណាស់ ហើយថ្ងៃនេះ មនុស្សច្រើនជាងម្សិលមិញ។ ប្រជាពលរដ្ឋដើរលេងច្រើនជាងម្សិលមិញហើយថ្ងៃស្អែកនឹងមានច្រើនជាងនេះ»។
ព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញឆ្នាំនេះ មានទូកង ចូលរួមអុំប្រណាំង ចំនួន ២៩៧ទូក មកពីគ្រប់ខេត្តនៃប្រទេសកម្ពុជា។ ក្រៅពីរាជធានីភ្នំពេញ អាជ្ញាធរក៏បានរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅទីតាំងមួយទៀត គឺនៅស្ទឹងសៀមរាប រយៈពេល ៣ថ្ងៃដូចគ្នានឹងរាជធានីភ្នំពេញដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments