កូដកររិះគន់ការតែងតាំងថៅកែណាហ្គាវើលដ៍ (NagaWorld) ដែលពួកគេចាត់ទុកថា រើសអើងសេរីភាពសហជីព និងរំលោភសិទ្ធិការងារ ឲ្យទៅជាទីប្រឹក្សារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ មន្ត្រីសហជីពថា ការតែងតាំងនេះ នឹងធ្វើឲ្យវិវាទការងាររ៉ាំរ៉ៃមួយនេះ ជាប់គាំងមិនអាចដោះស្រាយបាន និងផ្ដល់គំរូអាក្រក់ដល់ថៅកែបរទេសផ្សេងទៀត ដែលមករកស៊ីនៅកម្ពុជា។
ការរិះគន់នេះ ក្រោយពីព្រះមហាក្សត្រតែងតាំងថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍លោក តាំង ស្រ៊ី (Tan Sri) ឬលោក ចេន លីបគង់ (Chen Lip Keong) ជាទីប្រឹក្សារដ្ឋាភិបាលតាមការស្នើសុំរបស់លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ សីហាកន្លងទៅ។
តំណាងកូដករណាហ្គាវើលដ៍ លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ សីហាថា ការតែងតាំងលោក តាំង ស្រ៊ី ដែលកំពុងតែជាប់ឈ្មោះរំលោភសិទ្ធិកម្មករបែបនេះ នឹងបណ្ដាលឲ្យការរំលោភសិទ្ធិកម្មករនៅកម្ពុជាកាន់តែកើនឡើង។ លោកស្រីបន្ថែមថា រដ្ឋាភិបាលគួរតែពិនិត្យពីសាវតារថៅកែក្រុមហ៊ុននេះ ឲ្យកាន់ល្អិតល្អន់ មុននឹងតែងតាំងបុគ្គលរូបនេះជាទីប្រឹក្សារដ្ឋាភិបាល។
លោកស្រី ម៉ម សុវឌ្ឍិន៖ «សម្រាប់បង បងយល់ថា ការបន្តតែងតាំងថៅកែណាហ្គាវើលដ៍ជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលហ្នឹង បងគិតថា វារឹតតែធ្វើឲ្យណាហ្គាវើលដ៍ ថៅកែហ្នឹង រឹតតែមានអំនួត ហើយបន្តរំលោភ ហើយមិនដោះស្រាយតែម្ដង បងមើលឃើញអីចឹងតែម្ដង ព្រោះគាត់អាងថា គាត់ធ្វើខុសយូរហើយគ្មានអ្នកណាហ៊ានក្អកជាមួយគាត់ អីចឹងហាណា ហើយមើលឥឡូវហ្នឹងគាត់បានអំណាចនៅក្នុងដៃទៀត អញ្ចឹងវាជាភាពងាយស្រួល ដែលគាត់អាចនឹងបន្តរំលោភទៀត មិនដោះស្រាយ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៨ សីហា។
ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកនាង អ៊ូ ទេពផល្លីន ខកចិត្តចំពោះរដ្ឋាភិបាលថ្មី ដែលមិនព្រមដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏ ក៏ប៉ុន្តែបែរជាតែងតាំងថៅកែក្រុមហ៊ុននេះ ឱ្យមានតួនាទីខ្ពស់ ដែលជាគំរូអាក្រក់ដល់ថៅកែដទៃទៀត។
អ្នកនាង អ៊ូ ទេពផល្លីន៖ «យើងពិតជាចង់ទទូចឲ្យរដ្ឋាភិបាលលោកមើល ចង់ដំឡើងតួនាទីគាត់ជាទីប្រឹក្សារដ្ឋាភិបាលអី ទីប្រឹក្សាទៅ ប៉ុន្តែកុំភ្លេចថាគាត់ជាអ្នក មួយដែលបាន មានន័យថាចារិកស្អប់សហជីពឯករាជ្យតាំងនាមឲ្យកម្មករ ប្រើពាក្យថាគាត់ស្អប់ គាត់មិនចូលចិត្តតែម្ដង ហើយប្រសិនជាអនុញ្ញាតឲ្យគាត់នៅក្នុងតួនាទីមុខងារមួយ ដែលទីប្រឹក្សារដ្ឋាភិបាល តើទីប្រឹក្សានៅក្នុងន័យឲ្យសហការជាមួយសហជីព ធ្វើឲ្យសិទ្ធិមនុស្សប្រសើរឡើង សិទ្ធិកម្មករកាន់តែប្រសើរឡើងឬក៏សហការនៅក្នុងការនៅក្នុងការធ្វើម៉េច ប្រឹក្សាឲ្យរាជរដ្ឋាភិបាលជំនាន់ថ្មីហ្នឹងស្អប់សហជីព»។
ដោយឡែក តំណាងកូដករណាហ្គាវើលដ៍ម្នាក់ទៀត គឺលោកស្រី រី សុវណ្ណឌី ថ្លែងថា ការតែងតាំងថៅកែណាហ្គាវើលដ៍ជាទីប្រឹក្សារដ្ឋាភិបាល នឹងធ្វើឲ្យការដោះស្រាយវិវាទការងារ ដែលរ៉ាំរ៉ៃ នៅក្រុមហ៊ុនបនល្បែងធំជាងគេមួយនេះកាន់តែពិបាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments