ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកច្រានចោលការលើកឡើងថា ស្ថានទូតមិនបានយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញស្ថានទូត។
សេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ចេញកាលពីថ្ងៃទី២៥ ខែតុលា បញ្ជាក់ថា ស្ថានទូតបានយកចិត្តទុកដាក់រៀបចំបរិស្ថានជុំវិញ និងក្នុងស្ថានទូត ដោយរៀបចំ និងកាត់ស្មៅជាប្រចាំ ថែមទាំងមានកន្លែងដាំបន្លែ កន្លែងកីឡា និងកន្លែងធ្វើកម្មវិធីទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិទៀតផង។
ការលើកឡើងរបស់ស្ថានទូតនេះធ្វើឡើងបន្ទាប់ពីមានពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបាននាំគ្នាទៅធ្វើបាតុកម្មនៅខាងមុខស្ថានទូត រឿងបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា រួចស្នើឱ្យស្ថានទូត យកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញស្ថានទូតឱ្យស្អាតកុំឱ្យមានសំរាម និងស្មៅដុះទ្រុបទ្រុល ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។
ត្រង់ចំណុចនេះស្ថានទូតពន្យល់ថា ការមានស្មៅដុះ និងស្លឹកឈើបន្តិចបន្តួចជុំវិញរបងស្ថានទូត បានកើតឡើងដោយសារមានព្យុះ និងភ្លៀងធ្លាក់ជាប់ៗគ្នា ស្របពេលរដូវស្លឹកឈើជ្រុះប៉ុណ្ណោះ។ ស្ថានទូតបន្តថា ការផ្សព្វផ្សាយថា ស្ថានទូតមិនបានយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញស្ថានទូត ជាការផ្សព្វផ្សាយតែមួយជ្រុង ដើម្បីតែការរិះគន់ តិះដៀល ប្រមាថថ្នាក់ដឹកនាំ និងមន្ត្រីស្ថានទូត។
ជាមួយគ្នានេះស្ថានទូតក៏បានភ្ជាប់នូវរូបភាព ដែលស្ថានទូតធ្វើកម្មវិធីមួយចំនួនរបស់ស្ថានទូត នាពេលកន្លងទៅ ដោយបង្ហាញឱ្យឃើញការជួបជុំទទួលភ្ញៀវនៅក្នុងបរិវេណស្ថានទូត ដែលមានទីធ្លាស្អាត មានការតុបតែងលម្អ និងមានភ្លើងបំភ្លឺស្អាតនៅពេលយប់ថែមទៀត។
បើទោះជាយ៉ាងណាក្រុមពលរដ្ឋអះអាងថា ពួកគាត់ចង់ឃើញមន្ត្រីស្ថានទូតបំពេញការងារដោយយកចិត្តទុកដាក់ ដើម្បីមុខមាត់ប្រទេស ដើម្បីបម្រើប្រយោជន៍ពលរដ្ឋដោយគ្មានការរើសអើង មិនមែនបម្រើតែបក្សកាន់អំណាច និងក្រុមគ្រួសារលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments