RFA | សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រុម​មន្ត្រី​ដែល​រំលោភ​យក​ដី​នៅ​បឹង​ទន្លេ​សាប​ជា​ទ្រង់ទ្រាយ​ធំ | hot news

By , Comment
Share on Facebook Tweet on Twitter

សង្គម​ស៊ីវិល ​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ហ៊ាន​ចាប់​ខ្លួន​ក្រុម​មន្ត្រី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី​តំបន់​បឹង​ទន្លេ​សាប​​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ។ មន្ត្រី​បក្ស​ប្រឆាំង​ មិន​ជឿ​ ថា​រដ្ឋាភិបាល​ហ៊ាន​បង្ក្រាប​បែប​នេះ​ទេ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែងតែ​ស្រែក​ព្រមាន​បែប​នេះ​ចំពោះ​មន្ត្រី​ និង​ឈ្មួញ​កាប់​ឈើ​ដែរ តែ​បទ​ល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើន​ឡើង​ដដែល។

សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការណ៍​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​វិធានការ​ច្បាប់​លើ​មន្ត្រី​អាជ្ញាធរ​ស្រុក និង​ខេត្ត​ដែល​ទន្ទ្រាន​យក​ដី​តំបន់​បឹង​ទន្លេ​សាប​ពេល​នេះ វា​ចង់​ហួស​ពេល​ ខណៈ​ដី​តំបន់​មាត់​បឹង​ទន្លេ​សាប​បាន​គោក​រាក់​ដល់​កម្រិត​ប្រកាស​អាសន្ន​ទៅ​ហើយ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ព្រួយ​បារម្ភ​ថា វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល​ពេល​នេះ​អាច​គ្មាន​ប្រសិទ្ធិ​ភាព ព្រោះ​រដ្ឋាភិបាល​បាន​ធ្វេស​ប្រហែល និង​បណ្ដោយ​ឲ្យ​មន្ត្រី​ធំៗ ជា​ច្រើន កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក និង​បំពាន​យក​ផ្ទៃ​បឹង​ទន្លេ​សាប​ជា​កម្មសិទ្ធិ។

លោក ប៉ែន ប៊ុណ្ណារ៍​ ជឿជាក់​ថា​ ការ​កាប់​ទន្ទ្រាន​យក​ដី​នៅ​មាត់​​បឹង​ទន្លេ​សាប​ មិន​មែន​កើត​ឡើង​នៅ​តែ​ខេត្ត​កំពង់ឆ្នាំង​មួយ​ទេ គឺ​កើត​ឡើង​ជុំវិញ​បឹង​តែ​ម្ដង។ មន្ត្រី​សង្គម​​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ក្រាប​ករណី​ជា​ទ្រង់​ទ្រាយ​ធំ​ បើ​ពុំ​ដូច្នេះ​ទេ​ ពលរដ្ឋ​នឹង​រិះគន់​ថា​រដ្ឋាភិបាល​អសមត្ថភាព​ដូច​ករណី​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ កាយ​ភ្នំ និង​ករណី​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ​ជាដើម៖ «បើ​សិន​ជា​យើង​ប្រើ​ច្បាប់​ពី​ដំបូង​មក អ្នក​ដែល​ក្លាយ​ជា​ជន​ល្មើស​មាន​តិច​តួច​ទេ ​ងាយ​កាត់​ទេ។ ប៉ុន្តែ​ការ​ប្រើ​ច្បាប់​ពេល​នេះ​គឺ​យើង​ឃើញ​ថា​វា​ពាក់ព័ន្ធ​ជា​មួយ​នឹង​មន្ត្រី​ធំៗ ច្រើន​ណាស់។ ហ្នឹង​ហើយ​ដែល​ជា​ទម្ងន់​មួយ យើង​សួរ​ថា​តើ​សម្ដេច​តេជោ​ហ៊ាន​វះកាត់​សាច់​ស្អុយ​ហ្នឹង​បាន​ទំហំ​ប៉ុណ្ណា។ នេះ​បើ​សិន​មិន​ជោគជ័យ​ទេ ទំហំ​នៃ​ភាព​អាក្រក់​ហ្នឹង​វា​កាន់​តែ​ធំ​ឡើងៗ»

ការ​លើកឡើង​នេះ​ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​បង្ក្រាប​មន្ត្រី​រាជការ​នៅ​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត និង​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​បាន​កាប់​ទន្ទ្រាន និង​កាន់​កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេ​សាប។

តាម​រយៈ​សារ​ជា​សំឡេង ២៣នាទី ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម (facebook) លោក ហ៊ុន សែន បញ្ជាក់​ថា​លោក​ទើប​ដឹង​រឿង​នេះ​តាម​រយៈ​របាយ​ការណ៍​ស្រាវជ្រាវ​ពី​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​រក​ឃើញ​ថា​ព្រៃ​លិច​ទឹក​ដែល​ជា​តំបន់​ស្នូល និង​តំបន់​ការពារ​របស់​អាជ្ញាធរ​បឹង​ទន្លេសាប​ រង​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ពិសេស នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ លោក ហ៊ុន សែន បញ្ជាក់​ថា របាយការណ៍​ដដែល​នោះ​បង្ហាញ​ថា អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ចាន់​ឌឿន គឺ​ជា​អ្នក​ដែល​បាន​ទន្ទ្រាន​យក​ផ្ទៃ​បឹង​ទន្លេ​សាប​ប្រមាណ​ជាង ២.០០០ហិកតារ។

លោក ហ៊ុន សែន ប្ដេជ្ញា​ថា ម្ដង​នេះ​លោក​នឹង​មិន​លើក​លែង​ឲ្យ​មន្ត្រី​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត​ទាំង​នោះ​ទេ បើ​ទោះ​ជា​ពួកគេ​ជា​មន្ត្រី​ស្មោះស្ម័គ្រ​នឹង​គណបក្ស​កាន់​អំណាច​ក៏​ដោយ។ លោក​ដាក់​បញ្ជា​ថា​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ត្រូវ​ដឹក​នាំ​កង​​កម្លាំង​ជើង​ទឹក ជើង​គោក និង​ជើង​អាកាស​ ចុះ​ចាប់​ស្រាវជ្រាវ​​​ចាប់​ខ្លួន​មន្ត្រី​​ល្មើស​ច្បាប់​ទាំង​អស់​នោះ​ភ្លាម ហើយ​​​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី លោក ជា សុផារ៉ា នឹង​​ដឹកនាំ​ក្រុម​មន្ត្រី​ស៊ីវិល​​គ្រប់​ក្រសួង​ពាក់ព័ន្ធ​ចុះ​ទៅ​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់។

លោក​នាយក​រដ្ឋមន្ត្រី ក៏​បញ្ជា​ឲ្យ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក ឱម យិនទៀង ចុះ​ទៅ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​មន្ត្រី​ពាក់ព័ន្ធ​បទ​ល្មើស​ពុក​រលួយ​ទាំង​អស់​បញ្ជូន ​ទៅ​តុលាការ និង​ស្រាវ​ជ្រាវ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ដែល​មន្ត្រី​ទាំង​នោះ ទទួល​បាន​មក​ពី​ផល​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ផង​ដែរ។ តែ​យ៉ាង​ណា លោក ហ៊ុន សែន ប្រកាស​ឲ្យ​មន្ត្រី​ល្មើស​ច្បាប់​ទាំង​នោះ​ចេញ​មុខ​សារភាព​កំហុស​ដើម្បី​ទទួល​បាន​ស្ថាន​សម្រាល​ទោស៖ «ត្រូវ​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​នូវ​ជន​ទាំង​ឡាយ​ណា​ប្រសិន​បើ​គេ​ជា​មន្ត្រី ដើម្បី​ដក​ហូត​ត្រឡប់​មក​វិញ។ រហូត​ដល់​រឹប​អូស​នូវ​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​ដែល​ពួកគេ​មាន ដែល​ចេញ​មក​ពី​ការ​ល្មើស​ច្បាប់​​នៅ​ក្នុង​ក្រប​ខណ្ឌ​នៅ​ក្នុង​ការ​កាប់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ទន្លេ​សាប»

ជុំវិញ​ករណី​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា​ថា មេ​បញ្ជា​ការ លោក សៅ សុខា បាន​ដឹកនាំ​កង​កម្លាំង​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នៅ​ថ្នាក់​ជាតិ​រួច​ហើយ​ ដោយ​បន្ទាប់​មក​ទៀត​លោក​ សៅ សុខា នឹង​ដឹក​នាំ​កម្លាំង​ទៅ​ដល់​ទីតាំង​ផ្ទាល់​។ លោក អេង ហ៊ី ឲ្យ​ដឹង​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ ហើយ​មិន​ទាន់​មាន​មន្ត្រី​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ស្រុក ដែល​បាន​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ចេញ​មុខ​សារភាព​នៅ​ឡើយ​ទេ៖ «អត់​ទាន់​ដឹង​ផង ព្រោះ​មិន​ទាន់​ការ​ស៊ើប​អង្កេត​មិន​ដឹង​របៀប​ម្ដេច​ផង ទៅ​ចាប់​ខ្លួន​គេ​យ៉ាង​ម្ដេច? ចាំ​មើល​ការ​ស៊ើប​អង្កេត​សិន»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អតីត​អភិបាល​ខេត្ត​កំពង់​ឆ្នាំង លោក ឈួរ ចាន់​ឌឿន បាន​ទេ​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា។ តែ​យ៉ាង​ណា លោក ឈួរ ចាន់ឌឿន បាន​ប្រាប់​កាសែត​ក្នុង​ស្រុក (ភ្នំពេញ​ប៉ុស្តិ៍) ថា លោក​មិន​មាន​ដី​នៅ​តាម​បឹង​ទន្លេសាប​ទេ ហើយ​ក្នុង​អាណត្តិ​ជា​អភិបាល​ខេត្ត លោក​តែងតែ​ទប់ស្កាត់​ជា​​ហូរ​ហែ​លើ​ករណី​នេះ។

ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ជឿ​ថា របាយការណ៍​ដែល​បង្ហាញ​ថា លោក ឈួរ ចាន់ឌឿន ​បាន​រំលោភ​បំពាន​យក​ដី​បឹង​ទន្លេ​សាប​គឺ​ជា​ការ​ពិត​។ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ខេត្ត​កំពង់ឆ្នាំង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចាន់ត្រា ឲ្យ​ដឹង​ថា លោក ឈួរ ចាន់ឌឿន បាន​រំលោភ​យក​ដី​បន្ទាយ​ទាហាន​ទាំង ៨ស្រុក តាំង​ពី​លោក​នៅ​កាន់​តំណែង​ជា​មេ​បញ្ជា​ការ​ប្រតិបត្តិ​សឹក​ខេត្ត​មក​ម្ល៉េះ។

លោក ដួង ចាន់ត្រា បន្ត​ថា នៅ​ពេល​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត លោក ឈួរ ចាន់ឌឿន បាន​ទន្ទ្រាន​យក​ដី​តំបន់​បឹង​ទន្លេ​សាប​តាម​រយៈ​ការ​ខ្ចី​ដៃ និង​ប្រើ​ឈ្មោះ​គ្នីគ្នា​របស់​លោក​ឲ្យ​ចេញ​មុខ​ជំនួស​ ហើយ​លោក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ចាំ​ជ្រោមជ្រែង៖ «ខ្ញុំ​ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ទេ ព្រោះ​អ្វី​កន្លង​ទៅ​ឲ្យ​តែ​បក្ខ​ពួក​គាត់​ធ្វើ គាត់​គ្រាន់​តែ​ប្រកាសៗ ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ល្អ​ស្ដាប់​តែ​ប៉ុណ្ណោះ​ទេ។ និយាយ​ឲ្យ​អស់​ទៅ​គឺ​ថា បោក​ប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​ប្រជាភិថុតិ​ខ្លួន​គាត់​​ ព្រោះ​ថា​ជិត​បោះឆ្នោត​មក​ដល់​ហើយ អ៊ីចឹង​ឲ្យ​ឃើញ​ថា ក្នុង​របប​ដឹក​នាំ​របស់​គាត់​មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ​ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ»

លោក ឈួរ ចាន់ឌឿន គឺ​ជា​មេ​យោធា​ទី២ ដែល​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត។ លោក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ជិត​ដប់​ឆ្នាំ គឺ​ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ​២០២១។ លោក​ជា​អភិបាល​ខេត្ត​ដែល​ល្បី​ថា មាន​ដី​ពុះ​ឡូត៍​ច្រើន​កន្លែង​ដែរ។ លោក​ក៏​ជា​អាជ្ញាធរ​មួយ​រូប​ដែល​ល្បី​ថា ជា​អ្នក​មាន​សន្តាន​ខាង​ជួយ​សម្រួល​ឲ្យ​ជនជាតិ​វៀតណាម​ធ្លាប់​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ បាន​ឡើង​មក​តាំង​ទី​លំនៅ​លើ​គោក​លើ​ផ្ទៃ​ដី​ជាង ៤០ហិកតារ​ដែរ។ មិន​តែ​ប៉ុណ្ណោះ លោក ឈួរ ចាន់ឌឿន ក៏​រង​ការ​រិះគន់​​ខ្លាំង​ជាង​គេ​ខាង​បើក​ដៃ​ឲ្យ​ឈ្មួញ​ដី និង​មន្ត្រី​កាប់​បំផ្លាញ​ធន​ធាន​ធម្មជាតិ និង​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេ​សាប៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments