លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាលោកមិនខ្វល់ពីរឿងសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលបោះឆ្នោត។ រូបថត ហ្វេសប៊ុក |
ម៉ិច ដារ៉ា ភ្នំពេញ ប៉ុស្តិ៍ Mon, 13 November 2017
ភ្នំពេញៈ អ្នកវិភាគនយោបាយ និងអ្នកសង្កេតការណ៍អះអាងថា ប្រសិនបើការបោះឆ្នោតនៅកម្ពុជាឆ្នាំក្រោយមិនមានភាពយុត្តិធម៌ត្រឹមត្រូវ ហើយបើមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេនោះ កម្ពុជានឹងក្លាយជាប្រទេសឯកោបាក់មុខបាក់មាត់នៅលើឆាកអន្តរជាតិ និងអាចក្លាយទៅជាប្រទេសផ្តាច់ការ ហើយពេលនោះនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាលោកមិនខ្វល់ពីរឿងនេះ។
មន្ត្រីឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក សំ គន្ធាមី និងលោក យឿង សុធារ៉ា បានថ្លែងប្រហាក់ប្រហែលគ្នាថាកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវការប្រទេសជាមិត្តច្រើនដើម្បីជួយកសាងប្រទេសថែមទៀត ហើយថាសហគមន៍អឺរ៉ុបជាដៃគូខ្វះមិនបានចាំបាច់ត្រូវមានការគាំទ្រពីអន្តរជាតិ បើមិនដូច្នោះទេ ពលរដ្ឋនឹងទទួលរងគ្រោះ និងផលវិបាកដោយសារការដាក់ទណ្ឌកម្មណាមួយពីអន្តរជាតិ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា (NICFEC) បានថ្លែងថា៖ «កាលណាអន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នោះមានន័យថាគេមិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែលជាប់ឆ្នោត។ សហគមន៍អន្តរជាតិមិនទទួលស្គាល់ហើយនោះគេមិនសហការជាមួយទេ យើងនឹងជួបផលលំបាក។ អាហ្នឹងប៉ះពាល់សេដ្ឋកិច្ចច្រើន និងមុខមាត់ប្រទេសយើងច្រើន»។
ទោះជាយ៉ាងណាលោកសំគន្ធាមី រំពឹងថាកម្ពុជានឹងរៀបចំការបោះឆ្នោតខាងមុខស្របតាមគោលការណ៍ច្បាប់ជាតិអន្តរជាតិ និងរដ្ឋធម្មនុញ្ញដោយមានការចូលរួមសង្កេតការណ៍ត្រឹមត្រូវហើយគណបក្សសង្គ្រោះជាតិក៏នឹងអាចចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា (COMFREL) និយាយថា៖ «មិនត្រូវដាក់ខ្លួនឲ្យឯកោធ្វើអីស្រេចតាមចិត្ត ហើយទីបំផុតប្រជាពលរដ្ឋរងគ្រោះនោះជាផលមិនល្អទេ។ ការបោះឆ្នោតនោះមិនអាចសម្រេចបាន ឬបង្ហាញពីឆន្ទៈពលរដ្ឋទេ បើជាការបោះឆ្នោតខ្វះការបង្ហាញពីគោលការណ៍សេរី ពហុបក្ស»។
លោកបញ្ជាក់ថា៖ «សហគមន៍អន្តរជាតិដែលជាទីផ្សារកម្ពុជាធ្លាប់មានទីផ្សារកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាធ្លាប់ជួយកម្ពុជា ២០ ប្លាយឆ្នាំមកនេះកុំដោយសារតែគោលការណ៍ផ្ទាល់ខ្លួន ឬគោលការណ៍ក្រុមនោះមិនមែនជារឿងល្អទេ។ គួរថ្លឹងថ្លែងពិចារណាឲ្យបានខ្ពស់ និងស៊ីជម្រៅលើការសម្រេចចិត្តណាមួយ»។
នៅក្នុងពិធីជួបជុំជាមួយយុវជនអាស៊ានជប៉ុន ៣៦២ នាក់កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន ថ្លែងថាលោកមិនខ្វាយខ្វល់ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់របស់បរទេសណាមួយទៅលើការបោះឆ្នោតនៅកម្ពុជានោះទេ។
«កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើងទុកឲ្យយើងសម្រេចកិច្ចការរបស់យើងហើយគ្មានអ្នកស្គាល់យើងជាងយើងទេ។ ទោះបីអ្នកណាជួយ ឬមិនជួយវាមិនសំខាន់សម្រាប់យើងទេទោះបីអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់ហើយច្បាប់យើងខ្ញុំត្រូវឲ្យកម្ពុជាទទួលស្គាល់គឺចប់សព្វគ្រប់ហើយ។ រដ្ឋធម្មនុញ្ញយើងខ្ញុំអត់មានតម្រូវឲ្យប្រទេសក្រៅមកទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់កម្ពុជា។ យើងអញ្ជើញអ្នកសង្កេតការណ៍បរទេសឲ្យមកដើម្បីសង្កេតការណ៍»។
ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងក្រោយពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Ted Cruz បានថ្លែងតាមរយៈទំព័រ Twitter របស់លោកកាលពីថ្ងៃពុធសប្តាហ៍មុនថា បើសិនជាលក្ខខណ្ឌជាក់លាក់មិនត្រូវបានធ្វើ ដែលរួមមានការដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា អនុញ្ញាតឲ្យស្ថានីយវិទ្យុនានាដំណើរការផ្សាយឡើងវិញដោយឆន្ទានុសិទ្ធិរបស់ខ្លួន និងបើមិនអនុញ្ញាតឲ្យអង្គការប្រជាធិបតេយ្យប្រតិបត្តិការនៅកម្ពុជាទេសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនអាចទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតនេះបានទេ។
ដោយឡែកលោក មាស នី អ្នកវិភាគនយោបាយលើកឡើងថារដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានគិតរួចហើយ និងបានត្រៀមខ្លួនទទួលយកនូវសម្ពាធ និងទណ្ឌកម្មក៏ដូចជាការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពីអន្តរជាតិ ហើយថាអន្តរជាតិគិតថាការបោះឆ្នោតនឹងដំណើរការទៅដោយមិនសេរី និងមិនយុត្តិធម៌ហើយធ្វើឲ្យប៉ះពាល់ជំនួយ និងការមិនទទួលស្គាល់ពីប្រទេសដទៃនៅពេលចូលរួមកិច្ចប្រជុំអន្តរជាតិ។
«រឿងនេះមិនមែនចម្លែកទេដែលរឿងនេះវាអាចនឹងកើតមានឡើង។ នៅពេលដែលគេមិនមានការទទួលស្គាល់ប្រទេសយើង វានឹងធ្វើឲ្យមិនមានភាពពេញលេញនៅក្នុងឆាកអន្តរជាតិទាំងជំនួយគេមិនផ្តល់ឲ្យយើង។ ការមិនទទួលស្គាល់លទ្ធផលរបស់អន្តរជាតិអំពីការបោះឆ្នោតបង្ហាញពីការគ្មានសេរីភាព និងអយុត្តិធម៌»។
លោកបន្ថែមថាការលើកឡើងរបស់លោក ហ៊ុន សែន វាមិនឆ្លុះបញ្ចាំងពីការពិតទេដោយសារសហរដ្ឋអាមេរិកមានតុលាការឯករាជ្យ ខណៈដែលកម្ពុជា តុលាការស្ថិតនៅក្រោមសម្ពាធនយោបាយ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានថ្លែងផ្ទុយនឹងការអះអាងរបស់លោក ហ៊ុន សែន ថាលោក ហ៊ុន សែន បារម្ភអំពីសម្ពាធអន្តរជាតិ។ លោកបញ្ជាក់ថា ប៉ុន្តែវិធីតែមួយដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌គឺ «បណ្តេញលោកនាយករដ្ឋមន្ត្រីពីអំណាច»។
លោក សម រង្ស៊ី បានថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិចសហរដ្ឋអាមេរិកថា៖ «វានឹងមិនអាចមានដំណោះស្រាយរយៈពេលយូរចំពោះវិបត្តិនយោបាយបច្ចុប្បន្នទេប្រសិនបើយើងទទួលយកលោក ហ៊ុន សែន ឲ្យរក្សាអំណាច»។ «រដ្ឋាភិបាលនាពេលខាងមុខនឹងត្រូវបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែលោក ហ៊ុន សែន មិនចង់ឲ្យមានការបោះឆ្នោតពិតប្រាកដ ដូច្នេះតើយើងអាចធ្វើការជាមួយលោក ហ៊ុន សែន យ៉ាងម៉េចទៅ?»។
សហភាពអឺរ៉ុប និងជប៉ុនជាអ្នកផ្តល់ហិរញ្ញវត្ថុក្នុងចំណោមអ្នកផ្តល់ហិរញ្ញវត្ថុធំៗបំផុតចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ខណៈប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីអំពីការផ្តល់ថវិការបស់ខ្លួនចំពោះ គ.ជ.ប កាលពីចុងខែមុន។
ឯកអគ្គរាជទូតជប៉ុនលោក Hidehisa Horinouchi កាលពីម្សិលមិញបានបន្តប្រកាន់ខ្ជាប់ចំពោះការបញ្ជាក់ជាថ្មីក្នុងការផ្តល់ថវិការបស់ជប៉ុន។ «ជប៉ុននឹងបន្តគាំទ្រសម្រាប់កំណែទម្រង់បោះឆ្នោតរបស់កម្ពុជាដោយរំពឹងថា ការបោះឆ្នោតនឹងធ្វើឡើងក្នុងលក្ខណៈសេរី និងយុត្តិធម៌»។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងថាបើការបោះឆ្នោតមិនត្រូវបានគេទទួលស្គាល់ជាសិទ្ធិរបស់គេប៉ុន្តែ គ.ជ.ប នឹងខិតខំរៀបចំការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សហើយធានាបានភាពត្រឹមត្រូវ និងយុត្តិធម៌។ «ជាការពិតទោះបីគេផ្តាច់ ឬមិនផ្តាច់ជំនួយ គជប (នៅតែបន្ត)...»៕ PS
From KI Media - Khmer Intelligence
via_IFTTT
0 Comments