តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីការកោះហៅ បុគ្គលិកក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ ២នាក់ទៀត ឲ្យចូលបំភ្លឺទាក់ទិនសំណុំរឿងបទល្មើសព្រៃឈើ។ បុគ្គលិកក្រុមហ៊ុនពីររូបនេះ មានតួនាទីចាត់ចែងប្រមូលឈើក្នុងក្រុមហ៊ុន។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរដកអាជ្ញាប័ណ្ណក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ និងត្រូវអនុវត្តច្បាប់ព្រៃឈើឲ្យម៉ឺងម៉ាត់។
ការចេញដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការខេត្តមណ្ឌលគិរីធ្វើឡើង ក្រោយពីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក ៣នាក់ទៀត កាលពីថ្ងៃទី៩ កក្កដាកន្លងទៅ។ រីឯមន្ត្រីនគរបាលយុត្តិធម៌ ៥នាក់ មានតួនាទីជាប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្ម នាយខណ្ឌរដ្ឋបាលព្រៃឈើ និងប្រធានដែនជម្រកសត្វព្រៃ ត្រូវបានគណៈកម្មការជាតិកោះហៅមកសួរនាំ មួយថ្ងៃពេញផងដែរ កាលពីពេលថ្មីៗ នេះ ពាក់ព័ន្ធសំណុំរឿងបទល្មើសឧក្រិដ្ឋព្រៃឈើ។
កាលពីថ្ងៃទី ១១ កក្កដា តំណាងអយ្យការខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បានចេញដីកា បង្គាប់ឲ្យបុគ្គលិកក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ២នាក់ ឈ្មោះ ណេង ម៉ៅ និងម្នាក់ទៀតឈ្មោះ សាំង សុខុន ទាំងពីរនាក់ មានតួនាទីចាត់ចែងប្រមូលឈើក្នុងក្រុមហ៊ុន។ ដីកាកោះហៅនេះ សាកសួរអំពី ប្រមូល ដឹកជញ្ជូន និងប្រមូលផលព្រៃឈើគ្មានលិខិតអនុញ្ញាត។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ដើម្បីសុំការបំភ្លឺពាក់ព័ន្ធបញ្ហានេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១៥ កក្កដា។
តែយ៉ាងណា លោកបានប្រាប់កាសែតក្នុងស្រុកថា កម្លាំងអាវុធហត្ថកំពុងតាមចាប់ខ្លួន ជនសង្ស័យ ៤នាក់ទៀត តាមដីការបស់តំណាងអយ្យការ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី។ លោកថា ជនសង្ស័យទាំងនោះ ជាប្រធានក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងខេត្តនេះ។ ទោះយ៉ាងណាលោកមិនបញ្ជាក់លម្អិត ពីឈ្មោះ ប្រធានក្រុមហ៊ុនទាំងនោះទេ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងថា ពួកគេនឹងបន្តតាមដាន និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីចំណាត់ការរបស់តុលាការ និងប្រសិទ្ធភាពការងាររបស់គណៈកម្មការជាតិមួយនេះថា តើអាចដោះស្រាយវិបត្តិព្រៃឈើមានកម្រិតណា? និងអាចវែកមុខមេខ្លោងដុះស្លែធំៗ បានប៉ុន្មាននាក់ទៀត? លោកជំរុញឲ្យគណៈកម្មការជំនាញមួយនេះ ត្រូវស៊ើបអង្កេតមន្ត្រីពាក់ព័ន្ធទាំងអស់ ឲ្យទទួលខុសត្រូវ ចំពោះមុខច្បាប់ ទាក់ទិនការបណ្តោយឲ្យមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេ លោកមិនសង្ឃឹមថា វិបត្តិព្រៃឈើនឹងអាចដោះស្រាយឲ្យមានប្រសិទ្ធភាពទេ៖ «ដើម្បីឲ្យពលរដ្ឋទុកចិត្តបាន ត្រូវតែស៊ើបអង្កេតស្រាវជ្រាវរកអ្នក ដែលពាក់ព័ន្ធនៅពីខាងក្រោយខ្នង យកមកដាក់ពន្ធនាគារ និងទទួលខុសត្រូវ ចំពោះមុខច្បាប់។ នេះបានការងារគាត់មានប្រសិទ្ធភាព ហើយការការកាប់បំផ្លាញព្រៃឈើនឹងមិនមានទៀតទេ ប្រសិនជាគាត់អូសកអ្នកដែលប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើ នៅខេត្តមណ្ឌលគិរី។ យើងដឹងស្រាប់ហើយថា អ្នកដែលនៅពីខាងក្រោយខ្នង គឺជាអ្នកបើកដៃឲ្យមានការផ្តល់ភ្លើងខៀវឲ្យមានការកាប់បំផ្លាញព្រៃឈើ»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ការចេញដីកាកោះហៅ បុគ្គលិកក្រុមហ៊ុន ២នាក់នេះ នៅទាន់គ្រប់គ្រប់ជ្រុងជ្រោយនៅឡើយទេ។ លោកថា អាជ្ញាធរត្រូវតែដកអាជ្ញាប័ណ្ណ ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ហើយក្រុមហ៊ុននេះ ត្រូវសងការខូចខាតដល់មជ្ឈដ្ឋានព្រៃឈើ ទាំងក្នុង និងខាងក្រៅក្រុមហ៊ុន។ លោកបន្ថែមថា ប្រធានក្រុមហ៊ុន អ្នកពាក់ព័ន្ធ និងអាជ្ញាធរដែលឃុបឃិត ត្រូវតែស៊ើបអង្កេតឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៖ «តាំងពីកាប់រាន រហូតដល់ដឹកឆ្លងប្រទេសទៀត។ យើងគិតថា បើពុំមានការឃុបឃិតជាប្រព័ន្ធទេ ការកាប់បំផ្លាញព្រៃឈើមិនអាចធ្វើទៅបានទេ។ យើងគិតថា វាពាក់ព័ន្ធអំពើពុករលួយមួយទៀត ដែលជាបទល្មើសឧក្រិដ្ឋមួយទៀត»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា បុគ្គលិកក្រុមហ៊ុន និងគណៈគ្រប់គ្រងក្រុមហ៊ុន សុទ្ធតែជាប់ពាក់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋព្រៃឈើ ការកាប់ព្រៃឈើធ្វើអាជីវកម្ម និងការដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេស ដែលត្រូវជាប់ពន្ធនាគារ ពី ៥ឆ្នាំទៅ ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាង មកជាសម្បត្តិរដ្ឋ ហើយត្រូវសងការខូចខាតដល់មជ្ឈដ្ឋានព្រៃឈើទៀតផង។ នេះមិនរាប់បញ្ចូលបទល្មើសសូកប៉ាន់មន្ត្រីរាជការសាធារណៈ ជាថ្នូរអនុញ្ញាតឲ្យកាប់ និងដឹកជញ្ជូនឈើខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments