មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថា លោកមិនចរចាជាមួយគណបក្សប្រឆាំងឡើយ ព្រោះលោកចាត់ទុកគណបក្សប្រឆាំងថា ជាគណបក្សខុសច្បាប់។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជឿថា លោក ហ៊ុន សែន មិនចង់ចរចា ព្រោះខ្លាចបាត់អំណាចតវង្សត្រកូល។ ចំណែក អ្នកឃ្លាំមើលសង្គមបន្តជំរុញឱ្យអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងត្រូវចរចានយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃទី២៤ តុលា ថា ការចរចានយោបាយណាមួយនឹងមិនអាចធ្វើទៅបានទេ ដោយសារតែលោកថា អ្នកនយោបាយណាដែលត្រូវតុលាការកាត់ទោសរួចហើយ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាមុនសិន មុននឹងអាចនិយាយគ្នាបាន៖ «ខ្ញុំមិនត្រូវការចរចាជាមួយអ្នកណាទាំងអស់។ អ្នកដែលធ្វើខុសច្បាប់ គឺមានតែតុលាការមួយគត់ ហើយអ្នកដែលបានតុលាការកាត់ទោសហើយ ត្រូវមកជាប់គុកសិន។ បន្ទាប់ពីជាប់គុកហើយ អាហ្នឹងចាំនិយាយគ្នា។ អ្នកឯងរួចផុតពីគុក បង្កើតបក្សនយោបាយ អាហ្នឹងជាសិទ្ធិរបស់អ្នកឯង។ អ៊ីចឹងមនុស្សមួយចំនួនថា រង់ចាំដំណោះស្រាយនយោបាយ ខ្ញុំប្រកាសថា អត់មាន។ ស៊ីសងលើអាសែន មិននិយាយរកចុះ»។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ តុលា។ លោកអះអាងទៀតថា លោកអាចរកសន្តិភាពជូនពលរដ្ឋបាន តែមិនអាចរកសន្តិភាពជូនក្រុមអ្នកប្រឆាំងបានឡើយ ហើយពួកគេត្រូវតែជាប់ពន្ធនាគារ ដោយសារតែរបបលោកមិនអាចអត់ធ្មត់បានចំពោះការរិះគន់ ឬការប្រមាថរបស់ពួកគេ។
ផ្ទុយពីការលើកឡើងនេះ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ជឿថា លោក ហ៊ុន សែន មិនចង់ចរចាទេ ព្រោះគាត់ខ្លាចវត្តមានគណបក្សប្រឆាំង ដែលធ្វើឱ្យគាត់ចាញ់ឆ្នោត បាត់បង់អំណាច និងមិនអាចផ្ទេរអំណាចទៅឱ្យកូនបាន។ លោកបញ្ជាក់ថា សេចក្ដីសម្រេចរបស់តុលាការប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ គឺជារឿងនយោបាយសុទ្ធសាធ ហើយធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន៖ «វិបត្តិសេដ្ឋកិច្ចផង ជំងឺកូវីដ១៩ផង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុប ពីសហគមន៍អន្តរជាតិហ្នឹង ហើយបញ្ហាទឹកជំនន់ទៀត ដូច្នេះឥលូវនេះរដ្ឋាភិបាលគាត់កំពុងតែត្រដរខ្យល់។ ប្រសិនបើគាត់នៅតែមិនព្រមចរចាបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាទេ ខ្ញុំថាប្រជាពលរដ្ឋខ្មែរនឹងរងគ្រោះដោយសារថ្មបាក់ពីលោក ហ៊ុន សែន។ យើងសោកស្ដាយដែលលោក ហ៊ុន សែន គាត់គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់គាត់ជាធំ មិនគិតផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ»។
ចៅក្រមតុលាការកំពូលដែលជាមន្ត្រីក្រោមបង្គាប់របស់លោក ហ៊ុន សែន ក្នុងគណបក្សប្រជាជនកម្ពុជា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ ហើយបិទសិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន១១៨ រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំ។ អវត្តមានបក្សប្រឆាំងធំជាងគេនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ប្រមូលយកអាសនៈសភាទាំងអស់ចំនួន ១២៥អាសនៈ មកកាន់កាប់តែម្នាក់ឯង។ ទង្វើបែបនេះ បានជំរុញឱ្យក្រុមប្រទេសប្រជាធិបតេយ្យថ្កោលទោសរបបក្រុងភ្នំពេញយ៉ាងខ្លាំង រហូតដល់ប្រទេសខ្លះសម្រេចកាត់ផ្តាច់ជំនួយ និងដកការអនុគ្រោះពន្ធ ពាណិជ្ជកម្មមួយផ្នែកពីកម្ពុជា។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ថ្វីដ្បិតតែគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលក៏ដោយ ក៏ប្រជាពលរដ្ឋមួយភាគធំ និងសហគមន៍អន្តរជាតិនៅតែឱ្យតម្លៃដល់គណបក្សនេះដដែល។ លោកថា ការចេញចូលជួបលោក កឹម សុខា ជាញឹកញាប់ពីសំណាក់អង្គទូតបរទេស ជាឧទាហរណ៍យ៉ាងច្បាស់ថា ពួកគេគាំទ្រភាពត្រឹមត្រូវរបស់លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ។
អ្នកតាមដានស្ថានការណ៍រូបនេះជឿថា ប្រជាពលរដ្ឋខ្មែរចង់ឱ្យថ្នាក់ដឹកនាំនយោបាយទាំងសងខាងត្រូវរ៉ូវគ្នាវិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិ ដូច្នេះអ្នកនយោបាយគួរគោរពឆន្ទៈពលរដ្ឋ ជាងគិតតែពីអំណាច និងប្រជាប្រិយភាពរបស់ខ្លួន៖ «ប្រជាជនកំពុងតែមានទុក្ខផ្ទួនៗ។ ទុក្ខទីមួយ គឺកូវីដ១៩ ទីពីរការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដែលធ្វើឱ្យរោងចក្រមួយចំនួនធំត្រូវផ្អាកការងារកម្មករ ហើយទុក្ខទីបី គឺគ្រោះធម្មជាតិ។ អ៊ីចឹងហើយគឺប្រជាពលរដ្ឋខ្មែរចង់ឃើញអ្នកនយោបាយខ្មែរវិលរកតុចរចា ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិធំៗ ដែលកំពុងកើតឡើងហ្នឹងឯង»។
ក្រុមប្រទេសប្រជាធិបតេយ្យនៅតែចង់ឱ្យរបបលោក ហ៊ុន សែន វិលត្រឡប់មកគោរពសិទ្ធិមនុស្ស និងដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ ដើម្បីកម្ពុជាទទួលបានអត្ថប្រយោជន៍ផ្សេងៗផ្នែកសេដ្ឋកិច្ច នយោបាយ និងពាណិជ្ជកម្ម។ ជាឧទាហរណ៍ សហភាពអឺរ៉ុបបន្តទទូចឱ្យរបបក្រុងភ្នំពេញដោះស្រាយរឿងសិទ្ធិមនុស្សឱ្យល្អប្រសើរឡើងវិញ ដើម្បីឱ្យសហភាពអឺរ៉ុបផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ដល់កម្ពុជាវិញ។ ចំណែក សហរដ្ឋអាមេរិកវិញបានដាស់តឿនរបបក្រុងភ្នំពេញជាច្រើនលើកឱ្យងាកមកដឹកនាំតាមបែបប្រជាធិបតេយ្យវិញ ព្រោះនេះជាគន្លឹះសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅថ្ងៃអនាគត។
ក្រុមអ្នកតាមដានស្ថានការណ៍ជឿថា ភាពអតធ្មត់របស់ក្រុមប្រទេសប្រជាធិបតេយ្យ មានដែនកំណត់ ដូច្នេះបើរបបលោក ហ៊ុន សែន មិនព្រមកែលម្អស្ថានភាពយ៉ាប់យ៉ឺនទាំងនេះទេ របបនេះនឹងរងទណ្ឌកម្មជាបន្តបន្ទាប់ ទាំងទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលជាលក្ខណៈបុគ្គល។
គិតត្រឹមខែតុលា ឆ្នាំ២០២០ នេះ មានមន្ត្រីជាន់ខ្ពស់ និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ចំនួនបីរូបហើយ ដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។ អ្នកទាំងនោះ រួមមានមេកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម និងមេឈ្មួញឈើដ៏ធំនៅស្រុកខ្មែរ លោក ទ្រី ភាព។ សហរដ្ឋអាមេរិករកឃើញថា មន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ទាំងបីនាក់នេះ មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ អំពើពុករលួយ ការកិបកេងទ្រព្យសម្បត្តិរដ្ឋ និងការរំលោភអំណាច ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments