មន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ ស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ទៅលើជនជាតិចិនចំនួន ២៦នាក់ ដែលប៉ូលិសចាប់ខ្លួននៅក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១៣ ធ្នូ។ សង្គមស៊ីវិលបារម្ភថា ថ្វីបើមានការបង្ក្រាបយ៉ាងនេះក្ដី តែប្រសិនបើសមត្ថកិច្ចមិនដាក់ទោសតាមច្បាប់ទេ នឹងធ្វើឱ្យជនបរទេសដទៃទៀតមិនខ្លាចច្បាប់កម្ពុជាឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍នៅថ្ងៃទី១៤ ធ្នូថា ជនជាតិចិន ដែលស្នាក់នៅកម្ពុជា មានពីរប្រភេទ គឺ ប្រភេទអ្នកចូលមកបណ្ដាក់ទុនរកស៊ី និងអ្នកចូលមកស្នាក់នៅបង្កបញ្ហានៅក្នុងសង្គម។ លោកបន្តថា ជនជាតិចិន ដែលចូលមកស្នាក់នៅកម្ពុជាភាគច្រើន ជាមនុស្សគ្មានការងារពិតប្រាកដ និងតែងតែឈ្លោះគ្នាបង្កបញ្ហានៅក្នុងសង្គម។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើប៉ូលិសឱ្យចាត់វិធានការធ្ងន់ធ្ងរទៅជនជាតិចិន ២៦នាក់ ដែលសមត្ថកិច្ចចាប់បាននៅក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៣ ធ្នូកន្លងទៅ៖ «កន្លងមកយើងឃើញថាជនបរទេសពេលមកដល់កម្ពុជាឱ្យតែមិនមានបញ្ហាអីកើតឡើង មិនសូមមានអ្នកណាឈឺឆ្អាលទេ លុះត្រាតែមានបញ្ហាទើបមានការស្រាវជ្រាវពិតថា ខុសច្បាប់ខុសទម្លាប់អី។ អីចឹងជាគោលការណ៍រួមមិនគួរណាទុកជនបរទេស ចូលមកតាមចិត្ត យើងឃើញថា ជនជាតិចិនដែលចូលមកស្រុកខ្មែរដល់ក្រុងប៉ោយប៉ែតអីនោះមិនមែនមកតាមហ្វេសប៊ុកទេ គឺចូលមកទាំងខ្លួនមនុស្ស ដល់អីចឹងមន្ត្រីដែលទទួលខុសត្រូវគឺ ត្រូវចាប់វិធានការតាមច្បាប់»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ បន្ទាប់ពីនគរបាលចម្រុះកម្ពុជា-ចិន ឆែកលំនៅឋាន ទីតាំង ២ផ្សេងគ្នា គឺ ១ស្ថិតនៅបុរី សាន ស៊ានហូ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិចិនបាន ២នាក់ និងទីតាំងទី២ នៅភូមិអូរជ្រៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិនបាន ២៤នាក់ កាលពីរសៀលថ្ងៃទី១៣ ធ្នូ។
ទាក់ទងនឹងបញ្ហានេះ អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែកអន្តោប្រវេសន្ត លោក អេង លីហួ ប្រាប់អាស៊ីសេរីថា ជនជាតិចិនទាំងនោះ ត្រូវបានប៉ូលិសបញ្ជូនទៅរាជធានីភ្នំពេញភ្លាមៗ ក្រោយការចាប់ខ្លួននៅថ្ងៃដដែល។ ទោះជាយ៉ាងណា លោកថា ការចាប់ខ្លួននេះមានដីកាពីតុលាការខេត្តបន្ទាយមានជ័យ ប៉ុន្តែលោកមិនទាន់ដឹងថា ជនជាតិចិនទាំងនោះប្រព្រឹត្តិខុសច្បាប់អ្វីខ្លះនោះទេ ព្រោះខាងលោកចូលរួមអនុវត្តជាមួយប៉ូលិសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ «បើយើងសម្លឹងមើលវាមិនមែនជាល្បែងស៊ីសងទេមើលទៅ ដោយសារកន្លែងទីតាំងបង្ក្រាបនោះមិនមែនជាកន្លែងលេងល្បែងផង ជាកន្លែងស្នាក់នៅ។បើនិយាយឱ្យចំកន្លងមកឃើញខេត្តគេផ្សេងវាមានព័ត៌មាន តែបើនៅទីនេះដូចមិនមានអីលេចធ្លោទេ ការកាប់ការបាញ់បោះអីដូចមិនមានអីគួរកត់សំគាល់ ព្រោះកន្លងមកយើងតែងតែបង្ការបានតែងតែផ្សព្វផ្សាយ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វណ្ណថន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃសៅរ៍ ទី១៤ ធ្នូ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប៉ុន្តែប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍ចាប់ខ្លួនជនជាតិចិននោះ ថ្លែងមិនបញ្ចេញឈ្មោះ និងសំឡេងថា ប៉ូលិសចិនជាច្រើននាក់សហការជាមួយប៉ូលិសកម្ពុជា ឃាត់ខ្លួនជនជាតិទាំង ២៦នាក់នោះ ពាក់ព័ន្ធនឹងការចាប់ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឹណិត ព្រោះមុននឹងវាយខ្នោះ គឺប៉ូលិសចិនបានបង្ហាញរូបថតជនរងគ្រោះ ដែលត្រូវបានពួកគេចាប់ជំរិតនៅប្រទេសចិន។
នៅក្នុងឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជូនជនជាតិចិនចំនួន ៩០៦នាក់ ទៅប្រទេសចិនវិញ ក្នុងនោះមានស្រី ១៧២នាក់។ ចំណែកស្ថានទូតចិននៅកម្ពុជា ធ្លាប់បានចេញរបាយការណ៍មួយបញ្ជាក់ថា ជនជាតិចិនចំនួនជាង ១.០០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសចិនវិញក្នុងឆ្នាំនេះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ជនជាតិចិនដែលបានបញ្ជូនត្រឡប់ទៅវិញនោះ មានជាប់ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន និងមួយចំនួនជាប់ពាក់ព័ន្ធទៅនឹងបទល្មើសល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងមួយចំនួនពាក់ព័ន្ធនឹងបទក្លែងបន្លំឆបោកតាមរយៈទូរគមនាគមន៍នៅកម្ពុជា (VOIP)។
ប៉ូលិសក្រុងប៉ោយប៉ែត លោក អេង លីហួ ថ្លែងថា សព្វថ្ងៃជនជាតិចិន ដែលស្នាក់នៅក្រុងមួយនេះមានជិត ១ម៉ឺននាក់ ហើយពួកគេចូលមកកម្ពុជាស្របច្បាប់ តាមរយៈជាអ្នកទេសចរ និង អ្នកមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments