RFA | សមត្ថកិច្ច​ដោះ​លែង​មនុស្ស ១៨នាក់ និង​បញ្ជូន​មនុស្ស ៣នាក់​ទៅ​តុលាការ​ករណី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ | hot news

By , Comment
Share on Facebook Tweet on Twitter

សមត្ថកិច្ចខេត្តព្រះសីហនុសម្រេចដោះលែងមនុស្ស១៨នាក់និងបញ្ជូនមនុស្ស៣នាក់ផ្សេងទៀត​ទៅ​តុលាការ​ក្នុង​ករណី​ជម្លោះ​ដីធ្លី​មួយ នៅ​ខេត្ត​ព្រះសីហនុ។ ពលរដ្ឋ​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រង​ការ​ចោទ​ប្រកាន់​ថា បាន​បង្ក​ហិង្សា​លើ​មន្ត្រី​អនុវត្ត​ច្បាប់។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់ លោក ម៉ៅ ចន្ថា ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី៦ ខែ​មករា​ថា ពលរដ្ឋ​ទាំង ១៨នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ដោះ​លែង​ពួក​គេ​បាន​មក​ដល់​ផ្ទះ​វិញ​ហើយ។ ចំណែក ពលរដ្ឋ​ដែល​ត្រូវ​បញ្ជូន​ទៅ​សាកសួរ​នៅ​តុលាការ​លោក​ទទួល​ដំណឹង​មក​ថា ត្រូវ​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា បាន​បង្ក​ហិង្សា​លើ​មន្ត្រី​អនុវត្ត​ច្បាប់៖ «អត់​មាន​ចម្លើយ​អី​ពី​សមត្ថកិច្ច​ទេ តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក។ អត់​គេ​ថា​អ៊ីចេះ​អ៊ីចុះ​អី​ជាមួយ​ប្រជាពលរដ្ឋ​ផង»

ពលរដ្ឋ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ទោះ​សមត្ថកិច្ច​ដោះ​លែង​ពលរដ្ឋ​មក​វិញ​ក្តី ក៏​សមត្ថកិច្ច​នៅ​តែ​ឃ្លាំ​មើល ហើយ​បើ​មាន​ពលរដ្ឋ​រូប​ណា​ហ៊ាន​ចេញ​ពី​តំបន់​ដី​មាន​ជម្លោះ​នោះ នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន។ លោក​ថា ពេល​នេះ​ពលរដ្ឋ​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ៖ «គាត់​ភ័យ​គាត់​ខ្លាច​អត់​ហ៊ាន​ចេញ​ពី​កន្លែង​ជម្លោះ។ អ្នក​ខ្លះ​ឈឺ​ហើយ តាំង​ពី​ថ្ងៃ​ទី៣ មក​ដល់​ថ្ងៃ​នេះ​ប្រហែល​អស់​ស្បៀង អស់​អង្ករ​អី​ហូប​ហើយ»

ក្នុង​ការ​បង្ក្រាប​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ក្នុង​តំបន់​តា​បិន ជ្រលង​ភ្នំ​ត្បែង  ស្ថិត​ក្នុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​សរុប​ចំនួន ២១នាក់ ក្រោយ​កើត​មាន​អំពើ​ហិង្សា​រវាង​សមត្ថកិច្ច​ចម្រុះ និង​ពលរដ្ឋ​ក្នុង​តំបន់​នេះ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀត លោក ភឿន ផៃ ប្រាប់​ថា ក្នុង​ពេល​បង្ក្រាប​នោះ​កង​កម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ជាង ១០០នាក់មានទាំងគ្រឿងចក្រផងនោះបាន​មក​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​រស់​នៅ​លើ​ដី​នេះ​ដោយ​អនាធិបតេយ្យ។ លោក​ឲ្យ​ដឹង​ទៀ​ថា ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង និង​ក្រុម​ពលរដ្ឋ៖ «គេ​រៀប​គម្រោង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស ទាំង​ប៉េអឹម បរិស្ថាន ប្រជា​ការពារ​ភូមិ និង​កម្មករ យក​ដំបង​មក​គប់ មក​វាយ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ត​ដៃ​វិញ​តែ​ប៉ុណ្ណឹង​ទេ​បង»

ទាក់ទង​ករណី​នេះ អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៦ ខែ​មករា ដោយ​ទូរស័ព្ទ​ចូល​ត្រូវ​លោក​ចុច​បិទ។

ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ចូល​ទៅ​រស់​នៅ​លើ​ដី​ជម្លោះ​នេះ​តាំង​ពី​ឆ្នាំ២០០០ លើ​ផ្ទៃ​ដី​ជិត ៣០០ហិកតារ ដោយ​មាន​ចំនួន​ពលរដ្ឋ ១៣៤គ្រួសារ។ ពលរដ្ឋ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ២០១៩ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ លី ស៊ីង ចោទ​ប្រកាន់​ថា ពលរដ្ឋ​រស់​នៅ​លើ​ដី​របស់​ខ្លួន។

អាស៊ី​សេរី​មិន​ទាន់​មាន​ប្រភព​ពី​តំណាង​ក្រុមហ៊ុន លី ស៊ីង ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៦ ខែ​មករា ។

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី  ស្នើ​ទៅ​អាជ្ញាធរ​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី និង​ត្រូវ​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​របស់​ពលរដ្ឋ​តាម​លំដាប់លំដោយ​មុន​នឹង​ឈាន​ដល់​ការ​ប្រើ​ហិង្សា​លើ​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments