![](https://www.rfa.org/khmer/news/politics/cnrp-kampot-detained-08182019103719.html/cnrp-kampot.jpg)
សកម្មជនបក្សប្រឆាំង និងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស មិនពេញចិត្តនឹងរបបក្រុងភ្នំពេញដោះលែងដែលសម្រេចដោះលែងសកម្មជន បក្សប្រឆាំងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ពីព្រោះពួកគេគ្មានកំហុស ហើយទាមទារឱ្យតុលាការទម្លាក់ចោទបទចោទទាំងអស់។
ក្រុមសកម្មជនដែលរបបក្រុងភ្នំពេញទើបនឹងដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប្រាប់អាស៊ីសេរីថា របបក្រុងភ្នំពេញត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ដែលចាប់មនុស្សយកទៅឃុំតាមទំនើងចិត្តដើម្បីការពារអំណាចរបស់បក្សពួក និងក្រុមរបស់លោក ហ៊ុន សែន។
អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំស្រុកឈូកខេត្តកំពត លោក នុត ពេជ បញ្ជាក់ថា ការដោះលែងលោកឱ្យនៅក្រៅឃុំនេះ លោកមិនអាចទទួលយកបានទេ។ លោកបញ្ជាក់ថា តុលាការត្រូវទម្លាក់ចោលបទចោទប្រកាន់ទាំងអស់មកលើរួមលោក ហើយរបបក្រុងភ្នំពេញត្រូវទទួលខុសត្រូវអំពីរឿងនេះ៖ «បាទវាអយុត្តិធម៌ណាស់ ដោយសារតែមេកើយរបស់ខ្ញុំ មេបក្សរបស់ខ្ញុំធ្លាប់បម្រើធ្លាប់ធ្វើ។ ខ្ញុំធ្វើតាមតែគោលការណ៍របស់គណបក្សខ្ញុំ ហើយធ្វើអីក៏អត់មានខុសដល់ទៅការបង្កកម្លាំង អាវុធយុទ្ធភណ្ឌណា ឬក៏អបគមន៍ណាអត់មានទេ។ គ្រាន់តែការទទួលលោកប្រធានគាត់អញ្ជើញមកផ្សះផ្សាបង្រួបបង្រួមជាតិ ឬដោះស្រាយតាមសន្តិវិធី»។
លោក នុត ពេជ ត្រូវអាជ្ញាធរខេត្តកំពតចាប់ខ្លួនកាលពីថ្ងៃទី១៧ វិច្ឆិកា ក្នុងខណៈដែលកំពុងស្ទូងស្រូវរួចហើយបានបណ្ដើរលោកមកដាក់ក្នុងមន្ទីរឃុំឃាំងដោយគ្មានស្បែកជើងពាក់។ លោកត្រូវរបបក្រុងភ្នំពេញចាប់ខ្លួនពីបទ«ប្រឆាំងសាលដីកាតុលាការកំពូល និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ចំណែកលោកស្រី ប៉ែន មុំ ហៅស្រី មុំ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតនៅក្នុងខេត្តកំពតដែលអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១០ តុលា ក្រោយពីលោកស្រីបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុក ឈ្មោះ សំបូរ មុំ អំពាវនាវឱ្យពលរដ្ឋចូលរួមអមដំណើរលោក សម រង្ស៊ី បញ្ជាក់ថាការចាប់ខ្លួនកន្លងមកគឺធ្វើឡើងដោយអយុត្តិធម៌ដែលរបបក្រុងភ្នំពេញត្រូវផ្ដល់សេរីភាពពេញលេញ និងទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោកស្រី៖ «ចាប់ខ្លួនខ្ញុំដោយអយុត្តិធម៌ ខ្ញុំអត់មានបានប្រព្រឹត្តអីដូចជាការជួបប្រជុំ ការប្រមូលផ្តុំអ្វីទេ។ខ្ញុំគ្រាន់តែបង្ហោះហ្វេសប៊ុកដើម្បីទាមទារគ្នាៗខ្ញុំដែលត្រូវគេចាប់ ហើយមានការបង្រួបបង្រួមឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ»។
នាយរងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននេះគ្រាន់តែការបន្ធូរបន្ថយស្ថានភាពតានតឹងផ្នែកនយោបាយនៅកម្ពុជាស្របពេលនឹងសហភាពអឺរ៉ុបបានចេញរបាយការណ៍វាយតម្លៃពីជោគវាសនាប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA សម្រាប់កម្ពុជា។
ទោះជាយ៉ាងណាលោក អំ សំអាត បញ្ជាក់ថា ការដោះលែងសកម្មជនបក្សប្រឆាំងឱ្យនៅក្រៅឃុំ នេះវាមិនគ្រប់គ្រាន់ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ៖ «ពីព្រោះគេ គេឱ្យស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ប៉ុន្តែគ្រាប់ថានេះជាសញ្ញាណមួយដែលកម្ពុជាអាចនឹងឈានទៅរកការព្រមព្រៀងនឹងការចរចាផ្នែកនយោបាយណាមួយដោយសន្តិវិធីឆ្ពោះទៅរកការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហើយបើធ្វើដូច្នេះអាហ្នឹងយើងមើលទៅគឺEBAមិនអាចរក្សាបាន»។
គិតត្រឹមថ្ងៃទី១៤ វិច្ឆិកានេះ របបក្រុងភ្នំពេញបានសម្រេចដោះលែងសកម្មជនគណបក្សចំនួន ១៧ នាក់ហើយ ក្នុងចំណោមសកម្មជនចំនួន ៨៨នាក់ ដែលអាជ្ញាធរបានចាប់ខ្លួនក្នុងយុទ្ធនាការបំបែកកម្លាំងអ្នកគាំទ្រមករង់ចាំទទួលលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ៕
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments