RFA | មេដឹកនាំ​ផ្ដាច់ការ​នៅ​ស៊ូដង់​ត្រូវ​បណ្ដេញ​ចេញ​ពី​អំណាច និង​ចាប់​ខ្លួន​ក្រោយ​ពលរដ្ឋ​តវ៉ា​ទម្លាក់ | hot news

By , Comment
Share on Facebook Tweet on Twitter

មេដឹកនាំ​ផ្ដាច់​នៅ​ប្រទេស​ស៊ូដង់​លោក អូម៉ារ អាល់បាហ្សៀរ (Omar al-Bashir) ត្រូវ​បណ្ដេញ​ចេញពី​អំណាច និង​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី១១ ខែ​មេសា។ ការ​បណ្តេញ​ចេញ​នេះ ធ្វើ​ឡើង ក្រោយ​ពលរដ្ឋ​ស៊ូដង់​រាប់​ពាន់នាក់ ចេញ​តវ៉ា​យ៉ាង​កក្រើក​តាំងពី​ថ្ងៃទី៦ ខែ​មេសា ដើម្បី​ទម្លាក់​រូប​លោក។

អនុ​ប្រធានាធិបតី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស៊ូដង់ ឧត្ដមសេនីយ៍ អាវ៉ាត អ៊ីប៊ិន អ៊ូហ្វ (Awad Ibn Ouf) បាន​រម្លាយ​រដ្ឋាភិបាល​ព្យួរ​រដ្ឋធម្មនុញ្ញ និង​ប្រកាស​ឱ្យ​ក្រុមប្រឹក្សា​យោធា គ្រប់គ្រង​ប្រទេស​ជា​បណ្ដោះអាសន្ន សម្រាប់​រយៈពេល​ពីរ​ឆ្នាំ។ អនុ​ប្រធានាធិបតី​រូប​នេះ ក៏​បាន​ប្រកាស ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់។

ភ្លាមៗ​ក្រោយ​ការ​បណ្តេញ​ចេញពី​អំណាច ដោយ​បង្ខំ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ស្នើ​ឱ្យ​អាជ្ញាធរ​បណ្ដោះអាសន្ន​ប្រទេស​ស៊ូដង់ អនុវត្ត​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែល​តាម​ចាប់ខ្លួន​លោក អូម៉ា អាល់បាហ្សៀរ តាំងពី​ឆ្នាំ​២០០៩។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ចេញ​ដីកាចាប់ខ្លួន​លោក កាលពី ១០​ឆ្នាំមុន ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ការ​ទម្លាក់​ចេញពី​តំណែង និង​ចាប់ខ្លួន​លោក អូម៉ា អាល់បាហ្សៀរ នេះ គឺជា​ការ​បញ្ចប់​ការ​កាន់​អំណាច​ផ្ដាច់ការ​រយៈពេល ៣០​ឆ្នាំ របស់​មេដឹកនាំ​រូប​នេះ។

ក្នុង​ខែ​មេសា​នេះ មាន​មេដឹកនាំ​ផ្ដាច់ការ​ពីរ​រូប​ហើយ ដែល​កាន់អំណាច​ដុះ​ស្លែ ដែល​ធ្លាក់​ចេញពី​តំណែង ដោយសារ​អំណាច​ប្រជាពលរដ្ឋ ដែល​មិន​ពេញចិត្ត នឹង​ការដឹកនាំ​ប្រទេស​របស់​ពួកគាត់​។ កាលពី​ដើមខែ​មេសា មេដឹកនាំ​ប្រទេស​អាល់ហ្ស៊េរី លោក អាប់ដែលឡាស៊ីស ប៊ូតេហ្វលីកា (Abdelaziz Bouteflika) ត្រូវ​បង្ខំចិត្ត​ចុះ​ចេញពី​តំណែង ដោយសារ​មិន​អាច​ស៊ូទ្រាំ​នឹង​កម្លាំង​ប្រជាពលរដ្ឋ ដែល​ក្រោក​តវ៉ា​យ៉ាង​កក្រើក នៅ​ទូទាំង​ប្រទេស អស់​រយៈពេល​ប្រាំមួយ​សប្ដាហ៍​ជាប់ៗ​គ្នា ទាមទារ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments