
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ( Nguyen Xuan Phuc ) ប្រាប់ទៅប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ឲ្យបន្តធ្វើការងារឲ្យបានកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានកម្ពុជាខ្លួនឯង ជុំវិញរឿងចម្រូងចម្រាសនៃការបំឡាស់ទីលំនៅផ្ទះបណ្ដែតទឹករបស់ទិនិកជនវៀតណាមខុសច្បាប់ ដែលកំពុងរស់នៅលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យពួកគេមកតាំងទីលំនៅលើដីគោកវិញ ឲ្យបានដូចតាមអ្វីដែលលោក ហ៊ុន សែន បានដាក់ចេញ។ នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងយ៉ាងដូច្នេះ ក្នុងជំនួបទ្វេភាគីមួយ ជាមួយលោក ប្រាក់ សុខុន កាលពីថ្ងៃទី២៦ វិច្ឆិកា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃរបស់លោក ប្រាក់ សុខុន ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម។
ទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ កើតមានឡើងស្របពេលដែលទំនាក់ទំនងផ្អែមល្ហែមចាក់ទឹកមិនលិចរវាងកម្ពុជា និងវៀតណាម កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល និងសង្ស័យថា អាចនឹងរងការប្រេះឆា ខណៈដែលរបបក្រុងភ្នំពេញ កំពុងតែបង្កើនទំនោរផ្អៀងកាន់តែខ្លាំងឡើងៗ ទៅរកមហាអំណាចចិន ដែលកំពុងមានជម្លោះជាមួយប្រទេសវៀតណាម និងស្របពេលដែលមានព័ត៌មានអំពីលទ្ធភាពដែលកម្ពុជាអាចអនុញ្ញាតឲ្យចិនសាងសង់មូលដ្ឋានកងទ័ពជើងទឹកនៅខេត្តកោះកុង។ ក្រសួងការបរទេសកម្ពុជា ធ្លាប់ឲ្យដឹងថា ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីមធ្យោបាយនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហាផ្សេងៗ ដែលមានប្រយោជន៍ដល់ប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម ( Vietnam News Agency - VNA ) រាយការណ៍ជាភាសាអង់គ្លេស កាលពីថ្ងៃទី២៧ វិច្ឆិកា ឲ្យដឹងថា ជាកិច្ចឆ្លើយតប លោក ប្រាក់ សុខុន បានធានាអះអាងប្រាប់ទៅនាយករដ្ឋមន្ត្រីវៀតណាមវិញថា អាជ្ញាធរខេត្តរបស់កម្ពុជា មានគម្រោងសាងសង់លំនៅឋានថ្មី សម្រាប់ផ្ដល់ដល់អាណិកជនវៀតណាម ដែលនឹងត្រូវរើទីលំនៅទៅនៅទីគោកវិញទាំងនោះ ដោយលោកបង្ហាញការជឿជាក់ថា ភាគីទាំងពីរ នឹងអាចសម្រេចបាននូវដំណោះស្រាយសមស្របមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លោក ប្រាក់ សុខុន ក៏បានសន្យាជាមួយភាគីវៀតណាមថា នឹងធ្វើការងារឲ្យបានកាន់តែជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម ផ្អែកលើសមិទ្ធផលកាលពីពេលអតីតកាលរវាងប្រទេសទាំងពីរ។ លោក ប្រាក់ សុខុន បានពន្យល់ប្រាប់ទៅភាគីវៀតណាមវិញថា លោកតែងតែផ្ដោតអាទិភាព ទៅលើការអភិវឌ្ឍ ភាពជាអ្នកជិតខាងក្នុងនាមជាមិត្តល្អ កិច្ចសហប្រតិបត្តិការប្រកបដោយភាពទូលំទូលាយ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានស្នើក្រសួងការបរទេសកម្ពុជា និងវៀតណាម ឲ្យបន្តពិនិត្យមើលឡើងវិញនូវរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់នានា និងធ្វើការកែលម្អឡើងវិញនូវចំណុចខ្វះខាតមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូន កសិរុក្ខកម្ម ការបណ្តុះបណ្តាល និងការអប់រំ។ នាយករដ្ឋមន្ត្រីវៀតណាម ក៏មានបំណងចង់ឲ្យកម្ពុជា និងវៀតណាម រួមគ្នាប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៅថ្ងៃទី៧ មករា ដែលវៀតណាមបានលើកទ័ពចូលលុកលុយកម្ពុជា តែក្រោយមកត្រូវប្រទេសទាំងពីរហៅថាជា «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍» ដើម្បីជាការឆ្លុះបញ្ចាំងពីសាមគ្គីភាពជ្រាលជ្រៅ និងលើកកម្ពស់ការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ អំពីសារៈសំខាន់នៃប្រវត្តិសាស្ត្រនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments