មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ រិះគន់រដ្ឋបាលខេត្តព្រះសីហនុ ថាអនុវត្តច្បាប់សាងសង់ ឬច្បាប់សំណង់មិនបានស្មើភាពគ្នាចំពោះមុខច្បាប់ រវាងមន្ត្រីមានអំណាច ឈ្មួញមានទ្រព្យ និងពលរដ្ឋក្រីក្រអត់បុណ្យស័ក្តិ ឬគ្មានខ្នងបង្អែក។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន មានសមាគមអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) ជាដើម បានរិះគន់រដ្ឋបាលខេត្តព្រះសីហនុ ថាអនុវត្តច្បាប់សំណង់មិនទាន់ត្រឹមត្រូវទេ ឬអាចមានបក្សពួកនិយមដោយលម្អៀងគាំទ្រមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យខ្លះដែលជាម្ចាស់សំណង់សង់អត់ច្បាប់។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល បានលើកឧទាហរណ៍មួយ គឺចង់សំដៅទៅលើសំណង់បុរីផ្ទះល្វែងមានម្ចាស់ឈ្មោះ ឆឹង សុខា មានទីតាំងនៅទល់មុខវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ដោយចាត់ទុកថាជាសំណង់រឹងមាំមួយស្ថិតក្នុងចំណោមសំណង់រឹងមាំផ្សេងទៀតដែលបើកការដ្ឋានសាងសង់ ដោយមិនទាន់មានច្បាប់អនុញ្ញាតជាមុនពីមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ ស្នើឲ្យលោក នួន ប៉ុក ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវមានវិធានការតាមផ្លូវច្បាប់ចំពោះសំណង់នេះឲ្យបានស្មើភាពគ្នារវាងមន្ត្រីមានអំណាច ឈ្មួញមានទ្រព្យ និងពលរដ្ឋមានជីវភាពក្រីក្រ៖ «បើសិនជាមន្ត្រីជំនាញមិនហ៊ានយកច្បាប់មកអនុវត្តផង តើធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងខេត្តព្រះសីហនុ មានទំនុកចិត្ត មានភាពកក់ក្តៅពីមន្ត្រីជំនាញម្តេចបាន? ហើយម្យ៉ាងទៀតធ្វើឲ្យប៉ះពាល់ដល់ការខកចិត្តរបស់រដ្ឋាភិបាល ជាពិសេសលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដែលបានប្រគល់ការងារឲ្យប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ជាអ្នកទទួលខុសត្រូវក្នុងការពិនិត្យទៅលើសំណង់ផ្សេងៗនៅទូទាំងខេត្តព្រះសីហនុ»។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ លោក នួន ប៉ុក បានឲ្យដឹងថា ចំពោះការបើកការដ្ឋានសាងសង់សំណង់បុរីផ្ទះល្វែងនៅមុខវត្តអូរត្រេះ មានលោក ឆឹង សុខា ជាម្ចាស់សំណង់ គឺពិតជាមិនទាន់មានច្បាប់សាងសង់មុនពេលបើកការដ្ឋានសាងសង់ពិតមែន។ លោកបន្តថា ករណីនេះ លោកបានធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ទៅលោកអភិបាលខេត្តព្រះសីហនុ ឲ្យជួយអន្តរាគមន៍ផ្អាកការដ្ឋានសំណង់របស់លោក ឆឹង សុខា នេះជាបណ្ដោះអាសន្នកាលពីសប្តាហ៍មុន ប៉ុន្តែមិនទាន់មានការឆ្លើយតបទេ។
ម្ចាស់បុរីផ្ទះល្វែង លោក ឆឹង សុខា បានឲ្យដឹងថា សំណង់ផ្ទះល្វែងពិតជាបានបើកការដ្ឋានសាងសង់មុនទទួលបានច្បាប់សាងសង់ពិតមែន។ លោក ឆឹង សុខា ដែលមានតួនាទីជានាយការិយាល័យបង្ការ និងបង្ក្រាបអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ផងនោះ បញ្ជាក់ថា ក្រុមហ៊ុនលោកបានរត់ការឯកសារសុំច្បាប់សាងសង់បុរីផ្ទះល្វែងនេះបណ្តើរ និងធ្វើការសាងសង់បណ្តើរ ដោយមិនចង់ឲ្យខាតពេល៖ «ឥឡូវឯកសាររត់ការច្បាប់សាងសង់សំណង់ផ្ទះល្វែងរបស់ខ្ញុំនេះ គឺមានមន្ត្រីបម្រើការងារនៅខាងសុរិយោដីសាលាក្រុងព្រះសីហនុ បានជួយធ្វើកិច្ចការងារនេះរួចហើយ។ មានន័យថា ការបើកការដ្ឋានសំណង់ផ្ទះល្វែង មានទីតាំងនៅទល់មុខវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺបានរត់ការច្បាប់សាងសង់រួចហើយ ប៉ុន្តែមន្ត្រីជំនាញមិនទាន់បានធ្វើជូនក្រុមហ៊ុនរួចរាល់នៅឡើយ»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ទទួលស្គាល់ថា សំណង់ផ្ទះល្វែងរបស់លោក ឆឹង សុខា ពិតជាមិនទាន់មានច្បាប់អនុញ្ញាតជាមុនពិតមែន។ លោកថា ការដ្ឋានសង់នេះត្រូវម្ចាស់បើកការសាងសង់បណ្តើរ និងរត់ការសុំច្បាប់សាងសង់បណ្តើរ ដូចម្ចាស់សំណង់នេះអះអាងពិតមែន។ អភិបាលខេត្តព្រះសីហនុ ហាក់មានការរារែកឆ្លើយសំណួរអាស៊ីសេរី ដែលសួរថា តើរដ្ឋបាលខេត្តនឹងបញ្ជាកម្លាំងចម្រុះចុះផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ឬតម្រូវឲ្យវាយកម្ទេចចោល គឺមិនមានចម្លើយទេ ដោយលោកមានប្រសាសន៍ខ្លីថា នឹងជំរុញឲ្យលោក ឆឹង សុខា ពន្លឿនធ្វើឯកសាររត់ច្បាប់សាងសង់នេះឲ្យស្របច្បាប់ឲ្យបានឆាប់៖ «ក្រុមហ៊ុនផ្ទះល្វែងរបស់លោក ឆឹង សុខា នេះ គឺគេបានសាងសង់បណ្តើរ និងបានរត់ច្បាប់បណ្តើររួចហើយ»។
ត្រង់ចំណុចនេះ អ្នកស្រី សុធារី កត់សម្គាល់ថា កន្លងទៅ សកម្មភាពចុះផ្អាក ឬវាយកម្ទេចចោលភាគច្រើនរបស់អាជ្ញាធរខេត្តនេះ គឺបានអនុវត្តមានប្រសិទ្ធភាពចំពោះសំណង់សង់អត់ច្បាប់របស់ប្រជាពលរដ្ឋស្ថិតក្នុងជីវភាពក្រីក្រ ប៉ុន្តែចំពោះសំណង់រឹងមាំធំៗ មានដូចជាសំណង់បុរីផ្ទះល្វែងរបស់លោក ឆឹង សុខា ជាក់ស្តែងមិនឃើញរដ្ឋបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ជាកម្លាំងចុះទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។ ពួកគេមានចម្ងល់ថា ហេតុអ្វីបានជាអ្នកមានបុណ្យស័ក្តិ និងឈ្មួញមានទ្រព្យខ្លះ អាចបើកការដ្ឋានសាងសង់សំណង់រឹងមាំធំៗដោយមិនទាន់មានច្បាប់អនុញ្ញាត និងគ្មានការហាមឃាត់ពីអាជ្ញាធរ? ឬមួយក៏អាចមានជាប់ពាក់ព័ន្ធអំពើពុករលួយ និងបក្សពួកនិយម? បញ្ហានេះ អ្នកឃ្លាំមើលសង្គមស្នើដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល ឲ្យជួយពិនិត្យពង្រឹងការអនុវត្តច្បាប់សាងសង់នាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសឲ្យផុតពីមតិរិះគន់ផ្សេងៗពីសាធារណជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments