អ្នកច្បាប់លើកឡើងថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងរបស់ជនជាតិអូស្ត្រាលី ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) វ័យ ៦៨ឆ្នាំ ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិនោះ ថាជាការគាបសង្កត់ និងជារឿងអយុត្តិធម៌ ព្រោះថា ការចោទប្រកាន់ធ្ងន់ធ្ងរបែបនេះ ជារឿងមិនសមហេតុផល និងមិនឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងយុត្តិធម៌នោះទេ។ ការលើកឡើងនេះ ធ្វើឡើងភ្លាមៗ ក្រោយពីសាលាឧទ្ធរណ៍ច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីបុរសជនជាតិអូស្ត្រាលី រួបនេះ កាលពីថ្ងៃទី៩ ខែសីហា។
អ្នកច្បាប់ចាត់ទុកការសម្រេចបន្តឃុំខ្លួនអ្នកថតរួបជនជាតិអូស្ត្រាលី របស់សាលាឧទ្ធរណ៍ ជារឿងអយុត្តិធម៌ និងមិនសមហេតុផល។
លោកមេធាវី ហុង គឹមសួន និងជាសមាជិកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ឲ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ថា ការចោទប្រកាន់លោក ជេមស៍ រីកឃិតសាន់ តាមក្រមព្រហ្មទណ្ឌនេះ ជារឿងមិនសមស្របតាមច្បាប់ទេ ចំពោះសកម្មភាពរបស់ជនជាតិអូស្ត្រាលី រូបនេះ គ្រាន់តែបានបង្ហោះដ្រូន (Drone) នៅទីតាំងសាធារណៈ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទចោទប្រមូលផ្ដុំព័ត៌មាននាំឲ្យអន្តរាយដល់ការការពារជាតិនោះ ព្រោះថា ការចោទប្រកាន់បែបនេះ លុះត្រាតែជនបរទេសនោះថតសកម្មភាពនៅទីកន្លែងហាមឃាត់ ដូចជាបន្ទាយទាហាន ឬកន្លែងសម្ងាត់របស់ជាតិ ដែលច្បាប់បានហាមឃាត់៖ «»។
សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង និងបិទផ្លូវតវ៉ាចំពោះការស្នើសុំនៅក្រៅឃុំរបស់មេធាវីជនជាតិអូស្ត្រាលី រូបនេះ កាលពីថ្ងៃទី៩ ខែសីហា ដោយបញ្ជូនសំណុំរឿងឲ្យទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញវិញ។ សាលាឧទ្ធរណ៍បានច្រានបណ្ដឹងនៅក្រៅឃុំនេះ នៅបន្ទាប់ពីសាលាឧទ្ធរណ៍បានជំនុំជម្រះអសាធារណៈកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។
លោក ជេមស៍ រីកឃិតសាន់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ “ប្រមូលផ្ដុំព័ត៌មានធ្វើឲ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌ ដោយសារតែលោកបានបង្ហោះយន្តហោះដ្រូន ថតក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ក្នុងរាជធានីភ្នំពេញ។ ការចោទប្រកាន់តាមមាត្រានេះ បើសិនជាតុលាការរកឃើញថា លោកមានកំហុស ជនត្រូវចោទនឹងប្រឈមនឹងជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ។
មន្ត្រីផ្នែកច្បាប់ និងជាអ្នកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មានប្រសាសន៍ថា តុលាការមិនគួរចោទប្រកាន់លោក ជេមស៍ រីកឃិតសាន់ ពីបទព្រហ្មទណ្ឌដូច្នេះទេ។ លោកបញ្ជាក់ថា ការចោទប្រកាន់នេះ ជាការគំរាមកំហែងដល់អ្នកសារព័ត៌មានដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងបិទសិទ្ធិសេរីភាពជាដើម។ លោកបន្ថែមថា សកម្មភាពបុរសជនជាតិអូស្ត្រាលីនេះ គ្រាន់តែថតរូបភាព និងវីដេអូ ដែលមិនមែនជាកន្លែងហាមឃាត់នោះឡើយ បើសិនជាសមត្ថកិច្ច ឬតុលាការរកឃើញថា លោកមានកំហុស គួរតែព្រមានតាមបែបបទរដ្ឋបាលទើបត្រឹមត្រូវជាង។ ម្យ៉ាងវិញទៀត លោក ជេមស៍ រីកឃិតសាន់ ជាជនបរទេសមិនសូវបានយល់ដឹងអំពីច្បាប់កម្ពុជា៖ «»។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យសាលាឧទ្ធរណ៍ ដើម្បីសុំការបំភ្លឺអំពីករណីនេះបាននៅឡើយ នៅថ្ងៃទី១០ ខែសីហា។
លោក ជេមស៍ រីកឃិតសាន់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧។
ក្រោយពេលសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បិទផ្លូវតវ៉ា និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ វិញនោះ មេធាវីរបស់លោក ជេមស៍ រីកឃិតសាន់ មិនទាន់ដឹងនៅឡើយទេថា សាលាដំបូងនឹងបើកសវនាការជំនុំជម្រះតែម្ដង ឬនៅបន្តការស៊ើបសួរទៀត ឬយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments