គិតត្រឹមថ្ងៃទី១៨ កក្កដា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខែត្រស្ទឹងត្រែង បានប្រតិបត្តិការបិទទ្វារទំនប់ទឹកសាកល្បង ៤ថ្ងៃហើយ ដើម្បីអនុវត្តគម្រោងផលិតថាមពលអគ្គិសនី។ មកទល់ពេលនេះ កម្ពស់ទឹកកំពុងកើនឡើងជាង ៣ម៉ែត្រនៅឃុំស្រែគរ ប៉ុន្តែពុំទាន់មានសញ្ញាគ្រោះថ្នាក់ណាមួយនៅឡើយទេ។ ពលរដ្ឋនៅឃុំទាំងពីរ គឺឃុំស្រែគរ និងឃុំក្បាលរមាស មួយចំនួន បានកាប់ឫស្សីធ្វើក្បួនបណ្ដែតទឹក និងត្រៀមទូកសម្រាប់ជញ្ជូនសម្ភារៈ។
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ឲ្យដឹងនៅថ្ងៃទី១៨ កក្កដា ថា ថ្វីបើទឹកនៅពុំទាន់លិចលង់លំនៅឋានពួកគាត់ក្ដី ពួកគាត់នៅតែបន្តប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជញ្ជូនសម្ភារៈធ្ងន់ៗទៅទីទួលសុវត្ថិភាព។
ពលរដ្ឋរស់នៅឃុំស្រែគរ លោក ឌី ផុន វ័យ ៦៥ឆ្នាំ បង្ហាញជំហរថា លោកមិនចាកចេញពីភូមិកំណើត ព្រោះពួកគាត់មិនទុកចិត្តក្រុមហ៊ុន និងរាជរដ្ឋាភិបាល ត្បិតពលរដ្ឋដែលយល់ព្រមទទួលសំណងកន្លងទៅ កំពុងប្រឈមខ្វះខាតទឹកប្រើប្រាស់ ខ្វះខាតស្បៀងអាហារ ដោយសារខកខានមិនបានធ្វើកសិកម្ម និងការបាត់បង់មុខរបរនេសាទ ជាដើម។
លោកថា ការផ្តល់សំណងរបស់ក្រុមហ៊ុនហាក់មិនសម និងការលះបង់ទីតាំងចាស់ទៅទីតាំងថ្មីទេ ហើយក៏មិនអាចទូទាត់ទ្រព្យសម្បត្តិដែលមានស្រាប់ ដូចជាទន្លេ ព្រៃសហគមន៍ ដំណាំ និងដីស្រែចម្ការដែរ។ លោកកត់សម្គាល់ថា ក្រុមហ៊ុនបានផ្តល់សំណងថ្លៃផ្ទះចំនួន ៦ពាន់ដុល្លារ និងត្រូវធ្វើផ្ទះដោយខ្លួនឯងនៅទីតាំងថ្មី ក៏ប៉ុន្តែប្រសិនបើពលរដ្ឋមិនទទួលប្រាក់ទេ គឺក្រុមហ៊ុនសាងសង់ជូនពលរដ្ឋ៖ «ឥឡូវនេះខ្ញុំមិនចង់បានសំណងអីទេ ខ្ញុំចាំមើលតែទឹក បើទឹកលិច បានខ្ញុំចាកចេញ បើទឹកមិនលិចទេ ខ្ញុំអត់ចេញទេ។ ដីចម្ការមិនខ្វះ ឲ្យតែមានកម្លាំងធ្វើ កុំឲ្យតែរដ្ឋាភិបាលគាប សុំតែមួយរស់»។
លិខិតចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឲ្យដឹងថា បើក្រុមហ៊ុនបិទទ្វារទឹកសាកល្បងនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៧ កម្រិតទឹកនឹងឡើងដល់ ៧២ម៉ែត្រ បណ្ដាលឲ្យលិចលង់ភូមិក្បាលរមាស និងភូមិស្រែគរចាស់។ ក្រុមហ៊ុនចាត់ទុកការបិទទ្វារទឹកសាកល្បង គឺជាទិសដៅនៃការអនុវត្តគម្រោង ហេតុនេះដើម្បីបញ្ចៀសចលាចលណាមួយ ទាមទារឲ្យពលរដ្ឋចាកចេញពីភូមិ។
តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ឲ្យដឹងនៅថ្ងៃទី១៨ កក្កដា ថា រហូតមកទល់ពេលនេះ មិនទាន់មានសញ្ញាប្រកាសអាសន្នណាមួយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនៅឡើយទេ ហើយក្រុមហ៊ុនបានត្រៀមទូកសម្រាប់ជួយអន្តរាគមន៍បន្ទាន់។ លោកថា នៅពេលថ្មីៗនេះ ពលរដ្ឋ ៣គ្រួសារនៅឃុំស្រែគរ បានយល់ព្រមឲ្យក្រុមការងារចុះវាស់វែងផ្តល់សំណង ហើយក្រុមហ៊ុនបានសាងសង់ផ្ទះត្រៀមសម្រាប់ផ្តល់សំណងជូនពលរដ្ឋរួចហើយ៖ «បញ្ហាការស្នាក់នៅអត់មានបញ្ហាអីទេ ឲ្យតែគាត់ព្រមចេញមក លើកតែបង្វេចមកនៅផ្ទះថ្មីនេះ ផ្ទះថ្មីគេធ្វើហើយស្អាត»។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅកាត់ថា អ៊ិន.ជី.អូ ហ្វ័រ៉ុម (NGO-Forum) លោក តឹក វណ្ណារ៉ា ដែលចុះតាមដានផ្ទាល់ លើកឡើងថា ជំហររបស់សហគមន៍នៅតែមិនព្រមទទួលសំណង មិនព្រមរុះរើផ្ទះពីភូមិចាស់ ដែលអ្នកភូមិស្នើឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ កុំបណ្ដេញពួកគាត់ចេញដោយបង្ខំតាមរយៈប្រតិបត្តិការបិទទ្វារទឹកពន្លិចភូមិ។
លោកបន្តថា សហគមន៍បានអនុញ្ញាតឲ្យក្រុមហ៊ុនស្រង់ស្ថិតិទ្រព្យសម្បត្តិ ក៏ប៉ុន្តែត្រូវមានសាក្សីដឹងឮ ហើយសាក្សីនោះ គឺអង្គការសង្គមស៊ីវិល និងមេធាវីឯករាជ្យ។ លោកបញ្ជាក់ថា ការវាស់វែងនេះពុំមែនមានន័យថា ពលរដ្ឋយល់ព្រមទទួលសំណងនោះទេ៖ «ក្រសួងរ៉ែ និងថាមពល គួរបញ្ជូនភ្នាក់ងារតំណាងទៅកាន់ភូមិស្រែគរ និងក្បាលរមាស ផង ដោយចាប់ផ្ដើមជជែកពិភាក្សាជាមួយប្រជាជនដែលទទួលរងផលប៉ះពាល់ ទៅលើសំណូមពរប្រាំ ហើយគោលជំហរគាត់បី តើអាចជួយអ្វីគាត់បាន ជាជាងទុកឲ្យទឹកលិច មកដោះស្រាយតាមក្រោយ ឃើញទិដ្ឋភាពអាក្រក់ទាំងអស់គ្នា»។
លោក តឹក វណ្ណារ៉ា បន្ថែមថា អ្នកភូមិចង់ឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ អនុញ្ញាតឲ្យពួកគាត់បង្កើតភូមិថ្មីមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។ លោករំពឹងថា ក្រុមហ៊ុន អាជ្ញាធរខែត្រស្ទឹងត្រែង និងភាគីពាក់ព័ន្ធ គួរជជែកគ្នារកដំណោះស្រាយរួមមួយ មុនទឹកលិចលង់។ លោកបារម្ភថាមានបញ្ហាប្រឈមច្រើន បើទឹកលិចភូមិស្រែគរ និងភូមិក្បាលរមាស គឺការខកខានមិនបានធ្វើកសិកម្ម បញ្ហាខ្វះទឹកស្អាត សុវត្ថិភាពកុមារ និងបញ្ហាសុខភាពផ្សេងៗ ជាពិសេសសត្វអាសិរពិស ជាដើម៖ «សង្ឃឹមថារាជរដ្ឋាភិបាល អាជ្ញាធរខែត្រ និងក្រុមហ៊ុន បានឮសំណូមពរគាត់ហើយ មិនបាច់ចាំគាត់សរសេរសំបុត្រផ្លូវការទេ គួរតែចុះទៅភូមិហ្នឹងតែម្តង ចាប់ផ្តើមជជែកគ្នា»។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ មើលឃើញថា បញ្ហាផ្តល់សំណងមិនសមរម្យ ក៏ជាផ្នែកមួយនាំឲ្យពលរដ្ឋរារែកដែរ។ លោកយល់ថា ក្រុមហ៊ុនគួរតែផ្តល់សំណងទូទាត់ផ្អែកតាមតម្លៃទីផ្សារឲ្យបានត្រឹមត្រូវ ក៏ជាផ្នែកមួយនាំឲ្យពលរដ្ឋប្ដូរឥរិយាបថព្រមទទួលសំណង៖ «ការដែលគាត់បាត់បង់នេះ គាត់ក៏មានគំនិតចូលរួមអភិវឌ្ឍដូចយើងដែរ ក៏ប៉ុន្តែមិនត្រូវឲ្យគាត់បាត់បង់ទាំងស្រុងនោះទេ គឺថាសូមឲ្យគាត់មានប្រាក់ចំណូល មានប្រព័ន្ធជីវិត សូមឲ្យគាត់បានវាមកវិញ»។
ក្រុមហ៊ុនបានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជិតរួចរាល់ហើយ នឹងបើកឲ្យដំណើរការតួប៊ីនទីមួយនៅពេលឆាប់ៗនេះ ក៏ប៉ុន្តែពលរដ្ឋរស់នៅឃុំស្រែគរ ចំនួន ១២៤គ្រួសារ និងឃុំក្បាលរមាស ចំនួន ៥៨គ្រួសារ មិនទាន់យល់ព្រមទទួលសំណង និងមិនទាន់ចាកចេញពីភូមិចាស់ទៅតាំងទីលំនៅថ្មីនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments