RFA | សហគមន៍​ខេត្ត​មណ្ឌលគិរី​ថា ព្រៃ​សហគមន៍​ភូមិ​ពុលុ និង​ភូមិ​ឡាំម៉េះ រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន​អស់ ៣ពាន់​ហិកតារ | hot news

By , Comment
Share on Facebook Tweet on Twitter

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​អះអាង​ថា​ ព្រៃ​សហគមន៍​ភូមិ​ពុលុ និង​ព្រៃ​សហគមន៍​ភូមិ​ឡាំ​ម៉េះ​ ឋិតនៅ​ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា ដែល​ជនជាតិ​ដើម​ភាគតិច​អាស្រ័យផល​ បែប​ប្រពៃណី​ កំពុង​ទទួលរង​ការ​កាប់​រុករាន​ធ្វើជា​កម្មសិទ្ធិ​ អស់​រាប់ពាន់​ហិកតារ​។ ជនជាតិ​ដើម​ភាគតិច​ថា​ ក្រុម​ឈ្មួញ​បាន​ឃុបឃិតជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី​ ធ្វើ​ប្លង់​រឹង​ក្នុង​ព្រៃ​អភិរក្ស​អស់​ជាច្រើន​ហិកតារ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ រស់នៅ​ភូមិ​ឡាំ​ម៉េះ​ និង​ភូមិ​ពុលុ​ ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា​ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ ទាក់ទិន​ករណី​ ក្រុម​ឈ្មួញ​ និង​មន្ត្រី​ជំនាញ​សុរិយោដី​ បាន​លួច​ធ្វើ​ប្លង់​រឹង​ ក្នុង​ព្រៃ​អភិរក្ស​អស់​រាប់​សិប​ហិកតារ។ លើស​ពី​នេះ សកម្មភាព​កាប់​រុករាន​ទន្ទ្រានព្រៃ​សហគមន៍​ យក​ជា​កម្មសិទ្ធិ​ ក៏​កំពុង​កើតមាន​បែប​អនាធិបតេយ្យ​ដោយ​គ្មាន​ការទប់ស្កាត់។

ប្រធាន​សហគមន៍​ភូមិ​ពុលុ​ លោក​ ក្លា​ន ថូ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ ធ្នូ​ថា ព្រៃ​សហគមន៍​ភូមិ​ពុលុ​ មានផ្ទៃ​ជាង​ ៨០០០ហិកតារ​ និង​ព្រៃ​សហគមន៍​ភូមិ​ឡាំ​ម៉េះ​ មានផ្ទៃ​ជាង​ ៩០០០ហិកតារ​ កំពុង​ទទួលរង​កាប់​រុករាន​ ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​អស់​រាប់ពាន់​ហិកតារ​ ក្រោយពី​កាប់​ឈើ​ធំៗ អស់​ស្ទើរ​ទាំងស្រុង​។ លោក​ថា​ ក្រុម​ឈ្មួញ​ និង​មន្ត្រី​ជំនាញ​បាន​ឃុបឃិត​គ្នា​ លួច​ធ្វើ​ប្លង់​រឹង​ ក្នុង​ព្រៃ​អភិរក្ស​នេះ ប៉ះចំ​ដីចម្ការ​វិល​ជុំ​របស់​ជនជាតិ​ដើម​ភាគតិច​អស់​ជាច្រើន​ហិកតារ​។ បន្ថែម​ពីលើ​នេះ​ ពួកគេ​បាន​ចេញមុខ​ប្តឹង​ឈ្មួញ​ពី​បទ​ឈូស​ឆាយ​ព្រៃ​ខុសច្បាប់​ មិន​ត្រូវ​បាន​អាជ្ញាធរ​ស៊ើបអង្កេត​នោះ​ទេ​ ផ្ទុយទៅវិញ​តំណាង​ពលរដ្ឋ​ ៦នាក់​ បាន​ក្លាយ​ជា​ជនរងគ្រោះ​ ដោយសារ​ទទួលរង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ និង​អ្នកមាន​ឥទ្ធិពល៖ «ខាង​សហគមន៍​ពួក​ខ្ញុំ​ហ្នឹង ឆ្ងល់​ហេតុ​អី​បាន​គេ​ចេញ​ប្លង់​រឹង​នៅ​ក្នុង​ព្រៃ និង​នៅ​ក្នុង​ចម្ការ រាំង​ពី​ឆ្នាំ១៩៩៣។ ចម្ការ​វិល​ជុំ​ទៅ​វិញ​ទៅ​មក ដល់​ឥឡូវ​អ្នក​មាន​ប្លង់​រឹង​ហ្នឹង លក់​ត​គ្នា​ទៀត»

ព្រៃ​សហគមន៍​ភូមិ​ពុលុ​ មាន​ទំហំ​ជាង ៨ពាន់​ហិកតារ (.០០០) និង​ព្រៃ​សហគមន៍​ភូមិ​ឡាំម៉េះ មាន​ទំហំ​ជាង​ ៩ពាន់​ហិកតារ​ (៩.០០០​ឋិតនៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ស្នើសុំ​ចុះបញ្ជី​ជា​ព្រៃ​អភិរក្ស តាំងពី​ឆ្នាំ​ ២០១៣​។ ព្រៃ​សហគមន៍​ទាំងនេះ​ គឺជា​ផ្នែក​មួយ​ នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។

មេ​ឃុំ​ប៊ួ​ស្រា​ លោក​ យឺត សារីន ឆ្លើយ​ថា​ លោក​មិន​ដឹង​រឿង​រាវ​នេះ​ទេ​ ដោយសារ​លោក​ទើបតែ​ឡើង​កាន់​ដំណែង​។ តែ​យ៉ាងណា​លោក​ថា​ ដី​កំពុង​មាន​ទំនាស់​នោះ​ គឺជា​ចម្ការ​ចាស់​ របស់​អ្នកភូមិ​ និង​មាន​ផ្នែក​ខ្លះ​ជា​ដីសម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ​ខេត្ត៖ «បើ​ថា​ចម្ការ​របស់​គាត់ ពិនិត្យ​មើល​ទៅ កន្លែង​ហ្នឹង​ព្រៃ​ចាស់​ទាំង​អស់​គ្នា។ តែ​ខ្ញុំ​ទើប​ឡើង​មេ​ឃុំ​ថ្មីៗ រឿង​ចម្ការ​ចាស់ ខ្ញុំ​មិន​បាន​ទៅ​ច្រើន​ដង»

ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​ លោក​ សុក​ សេ​រ៉ា​ ​ថ្លែង​ការ​ អាជ្ញាធរ​ខេត្ត​ក៏​មិនទាន់​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ដែរ។ លោក​រុញ​ឱ្យ​ពលរដ្ឋ​អាច​មក​ដាក់​ពាក្យ​ប្ដឹង បញ្ហា​នេះ​ មក​អាជ្ញាធរ​ខេត្ត​។ លោក​ពន្យល់​ថា​ ដី​ព្រៃ​អភិរក្ស​ និង​ព្រៃ​របស់​រដ្ឋ​ ពុំ​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​កាប់​ទន្ទ្រាន​ និង​ធ្វើ​ប្លង់​រឹង​នោះ​ទេ៖ «អាជ្ញាធរ​ខេត្ត​រង់ចាំ​ទទួល​ការ​ដោះ​ស្រាយ និង​ទទួល​ពាក្យ​បណ្ដឹង​គ្រប់​ពេលវេលា។ អ៊ីចឹង​ជូន​កាល​អាជ្ញាធរ​ខេត្ត​ក្ដាប់​មិន​បាន​ទេ សូម​ឱ្យ​គាត់​មក​ប្ដឹង​អាជ្ញាធរ​មក។ ខេត្ត​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ប្លង់​រឹង​ដី​ព្រៃ​ទេ មិន​មាន​ការ​អនុញ្ញាត​ទេ»

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ខេត្ត​មណ្ឌលគិរី​ លោក គ្រើង តុលា ឱ្យ​ដឹង​ថា​ អ្នកភូមិ​រក​ឃើញ​ប្លង់​រឹងជា​ច្រើន​សន្លឹក​ ដែល​មន្ត្រី​សុរិយោដី​ខេត្ត​មណ្ឌលគិរី ឃុបឃិត​ជា​មួយ​ឈ្មួញ​ ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ប៉ះចំ​ដី​ ព្រៃ​សហគមន៍​ភូមិ​ឡាំ​ម៉េះ និង​ព្រៃ​សហគមន៍​ភូមិ​ពុលុ។ លោក​ថា ព្រៃ​សហគមន៍​ទាំង​នេះ​ រង​ការ​កាប់​ទន្ទ្រាន​អស់​ប្រមាណ ៣ពាន់​ហិកតារ​ ធ្វើជា​សកម្ម​សិទ្ធិ​បុគ្គល​ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​បន្ថែម​ថា​ សហគមន៍​នឹង​មូលមតិគ្នា​ផ្ដិត​មេដៃ​ ដាក់​ញត្តិ​ឱ្យ​អាជ្ញាធរ​ខេត្ត​ដោះ​ស្រាយ​រឿង​នេះ​ និង​មោឃៈ​ភាព​ប័ណ្ណ​កម្មសិទ្ធិ​ទាំងឡាយ​ណា​ ធ្វើ​ប៉ះចំ​ដី​ព្រៃ​អភិរក្ស​ដោយ​ខុស​ច្បាប់៖ «ស្នើសុំ​ឱ្យ​ក្រសួង​សាមី ចុះ​ស្រាវជ្រាវ​ករណី​ហ្នឹង​ឱ្យ​ជាក់លាក់ ហើយ​និរាករណ៍​ចោល រាល់​ប្លង់​ក្នុង​ព្រៃ ហើយ​ស្នើសុំ​ដល់ សម្រេច (ហ៊ុន សែន) មាន​វិធានការ​ជាក់លាក់ ដើម្បី​ស្រាវជ្រាវ​ករណី​ហ្នឹង ធ្វើ​ប្លង់​រឹង​ក្នុង​ព្រៃ កុំ​ឱ្យ​ក្លាយ​បញ្ហា​ហ្នឹង​ជា​ជំងឺ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ធ្លាក់​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី យល់​ថា មន្ត្រី​ជំនាញ​ ចេញ​ប្លង់​កម្មសិទ្ធិ​ប៉ះចំ​ដី​ព្រៃ​អភិរក្ស​ និង​ដី​ព្រៃ​របស់​រដ្ឋ​ គឺជា​ទង្វើ​ខុសច្បាប់។ លោក​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​ចាត់​វិធានការ​ដកហូត​ដី​ទាំង​នោះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ និង​ត្រូវ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ឱ្យ​ទទួលខុសត្រូវ​តាមច្បាប់៖ «អ្វី​ដែល​ចេញ​ប្លង់​ហ្នឹង អាជ្ញាធរ​គួរ​តែ​ចាត់​វិធានការ​ដក​ហូត​មក​វិញ ហើយ​បើ​ករណី​ពលរដ្ឋ​គាត់​រក​ឃើញ​ថា បញ្ហា​ហ្នឹង​ប៉ះពាល់​ព្រៃ​កប់​សព និង​ព្រៃ​តំណម​គាត់ ពលរដ្ឋ​មាន​សិទ្ធិ​ទាមទារ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ក្រសួង​មហាផ្ទៃ និង​ក្រសួង​បរិស្ថាន​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ភូមិបាល និង​ច្បាប់​ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ និង​មន្ត្រី​ជំនាញ​ខិលខូច​មួយ​ចំនួន​ ឃុបឃិត​គ្នា​ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី និង​ប័ណ្ណ​កម្មសិទ្ធិ​ លើ​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​ព្រៃ​អភិរក្ស​ដោយ​ខុស​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments