ពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្អូញត្អែរពីស្ថានភាពស្ពានយោលមួយកន្លែងថា មានសភាពចាស់ទ្រុឌទ្រោម និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាហូរហែ ហើយកុមារ និងមនុស្សចាស់គឺជាអ្នកដែលប្រឈមខ្លាំង។ អ្នកភូមិថា ស្ពានមួយខ្សែនេះជាសរសៃឈាមសេដ្ឋកិច្ចរបស់ពលរដ្ឋរាប់ពាន់គ្រួសារច្រើនឆ្នាំកន្លងទៅ ក៏ប៉ុន្តែពួកគេកំពុងខ្វល់ខ្វាយពីសុវត្ថិភាពពេលធ្វើដំណើរលើស្ពាននេះ។
ពលរដ្ឋរស់នៅឃុំកំពង់ចាម អំពាវនាវនៅថ្ងៃទី២៩ ខែធ្នូ សុំឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពន្លឿនកសាងស្ពានយោលមួយខ្សែឋិតនៅមូលដ្ឋានពួកគេរស់នៅ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ និងសម្រាលជីវភាពរស់នៅរបស់ពួកគេ។ អ្នកភូមិថា ពួកគេប្រថុយគ្រោះថ្នាក់ ដោយឆ្លងស្ពាននេះទាំងបង្ខំចិត្ត ព្រោះតែពុំមានជម្រើសផ្សេង។
ពលរដ្ឋរស់នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម លោក វ៉ន ត្រៃ សម្លឹងឃើញថា ស្ពានយោលនេះរងការខូចខាតច្រើនកន្លែង មានបង្គោលថ្ម និងបង្គោលឈើខ្លះពុក ហើយខ្សែយោលក៏មានច្រែះចាប់ និងដាច់ច្រើនកន្លែងដែរ។ លោកថា ស្ពាននេះនឹងការដាច់ ហើយអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ប្រសិនបើរដ្ឋាភិបាលមិនពន្លឿនកសាងស្ពាននេះទេ៖ «ប្រជាពលរដ្ឋគាត់មកពីនោះមក ដល់កន្លែងស្ពានមកដល់អកស៊ើ (ជ្រុល) ដល់ក្រឡាប់ម៉ូតូធ្លាក់ក្នុងទន្លេ ក្នុងអូរហ្នឹងរួចមនុស្សធ្លាក់តាមក្រោយ និងមានក្ដារមួយបន្ទះធ្លាក់ជង់ប៊ិះមនុស្សទៀត»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិយាវ ឃុំកំពង់ចាម គឺលោក ឌី ផល្លិត កត់សម្គាល់ថា អ្នកភូមិមួយចំនួនបានដឹកកសិផល និងឈើប្រណិតឆ្លងស្ពាននេះតាមម៉ូតូ ក៏ជាផ្នែកមួយបណ្ដាលឲ្យស្ពាននេះរងការខូចខាតដែរ។ លោកថា ស្ពាននេះយោលខ្លាំងនៅគ្រាដែលមានអ្នកដំណើរជិះម៉ូតូឆ្លងកាត់ម្តងៗ ហើយអ្នកដំណើរឆ្លងស្ពាននេះក៏មិនអាចជិះម៉ូតូជៀសគ្នាបានដែរ។
លោករំឭកថា អ្នកភូមិបានរៃអង្គាសថវិកាពីពលរដ្ឋនៅមូលដ្ឋាន និងអ្នកដំណើរជួសជុលបណ្ដើរៗដែរ ក៏ប៉ុន្តែពួកគេនៅតែព្រួយបារម្ភពីសុវត្ថិភាព ខណៈស្ពាននេះមានសភាពយ៉ាប់យ៉ឺនខ្លាំង៖ «ស្ពានវាបាក់បែងអ្នកដំណើរដើរអត់កើត ជិះម៉ូតូក៏អត់កើត កាលនោះក្មេងៗរៀនក៏អត់បាន ខ្ញុំសុំយោបល់ពីគេដែរអាចជួយលុយបានទេ។ ខ្ញុំអោយគេដឹកឈើមកធ្វើរួចមកសុំលុយគេតាមក្រោយ»។
ស្ពានយោលមួយខ្សែ ឋិតនៅភូមិយាវ ឃុំកំពង់ចាម ត្រូវបានកសាងឡើងនៅឆ្នាំ២០០០ ដោយមន្ទីរអភិវឌ្ឍន៍ជនបទ និងសហគមន៍មូលដ្ឋាន។ ស្ពាននេះមានប្រវែងទទឹងជាង ២ម៉ែត្រ (២.៣) និងជម្រៅជាង ៣០ម៉ែត្រ គិតត្រឹមផ្ទៃទឹកខែប្រាំង។
ឆ្លើយតបការលើកឡើងនេះ អភិបាលស្រុកសំបូរ លោក សូម សារិត មានប្រសាសន៍ថា អាជ្ញាធរស្រុកមានផែនការកសាងស្ពាននេះដែរ តែដោយសារទំហំស្ពាននេះមានប្រវែងវែង មិនអាចប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំមកកសាងឡើងវិញបានទេ ហើយកន្លងទៅអាជ្ញាធរស្រុកក៏បានលើកសំណើទៅថ្នាក់លើដើម្បីពិចារណាដែរ។
លោកបញ្ជាក់ថា អាជ្ញាធរស្រុកមានកញ្ចប់ថវិកាមួយចំនួនសម្រាប់ទ្រទ្រង់ ជួសជុលស្ពាននេះឡើងវិញ ដោយពុំមែនជាថវិការបស់រដ្ឋនោះទេ គឺជាថវិការបស់សប្បុរសជន៖ «យើងបានពិចារណាជាមួយអ្នកដែលមានធនធានដើម្បីរួមចំណែកក្នុងការជួសជុលស្ពានហ្នឹងរួចហើយ តែស្ថានភាពវស្សាមិនអាចធ្វើបានទេ និងជួសជុលបានទេ រង់ចាំរាំងបន្តិច»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា បញ្ហានេះលោកមិនសង្ឃឹមថា នឹងមានដំណោះស្រាយទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ប្រសិនបើការទម្លាក់កញ្ចប់ថវិការបស់រដ្ឋាភិបាលទៅថ្នាក់ក្រោមជាតិនៅតែមានការរឹតត្បិតនៅឡើយ។ លោកយល់ថា ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគួរតែរៀបចំជាញត្តិស្នើទៅសាលាខេត្ត និងរដ្ឋាភិបាលដើម្បីរកវិធានការដោះស្រាយជាបន្ទាន់ ខណៈកញ្ចប់ថវិកាជាតិដែលរដ្ឋាភិបាលមិនទាន់បែងចែងមានរហូតដល់ ១៧ភាគរយក្នុងចំណោមថវិកាជាតិសរុបចំនួន ៥ពាន់លានដុល្លារ ហើយថវិកាដែលមិនទាន់បែងចែកទាំងនោះហើយ ដែលអាចយកទៅប្រើប្រាស់តម្រូវការបន្ទាន់ ឬតម្រូវការអាទិភាពនៅមូលដ្ឋាន៖ «ប្រសិនបើអាជ្ញាធរមូលដ្ឋានហ្នឹងគាត់សកម្ម ហើយរួមជាមួយប្រជាពលរដ្ឋ គេអាចលើកសំណើហ្នឹងមកសុំរដ្ឋាភិបាលបាន ដើម្បីយកទៅដោះស្រាយ ជាពិសេសគឺអ្វីមួយដែលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋដូចជាខ្វះស្ពាន»។
អ្នកភូមិឲ្យដឹងទៀតថា គិតចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៦ ពលរដ្ឋជួបគ្រោះថ្នាក់ដោយធ្លាក់លើស្ពានយោលនោះ មានចំនួន ៨នាក់ ក្នុងនោះមានសិស្សម្នាក់បានសន្លប់នៅគ្រាដែលជិះម៉ូតូធ្លាក់លើស្ពាននោះ។ ក្រៅពីនោះក៏មានមនុស្សមួយចំនួនរងគ្រោះថ្នាក់បាក់ដៃ និងរបួសជើង ព្រមទាំងខូចខាតទ្រព្យសម្បត្តិ ដូចជាម៉ូតូជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments