កុមារដែលមានជំងឺកំពុងរង់ចាំចូលទទួលសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥។ Photo: RFA |
ដោយ រាជ វិញ្ញូ RFA 2016-12-31
ក្រសួងសុខាភិបាលជំរុញឱ្យពលរដ្ឋទូទៅប្រុងប្រយ័ត្នបន្ថែមចំពោះបញ្ហាសុខភាព ជាពិសេសទារក កុមារ និងមនុស្សមានវ័យចំណាស់ ហើយអ្នកដែលមានជំងឺទឹកនោមផ្អែម និងជំងឺបេះដួង ត្រូវអនុវត្តវិធីការពារសុខភាព ស្របពេលអាកាសធាតុបានប្រែប្រួលចុះត្រជាក់។ ក្រសួងសុខាភិបាល ក៏បានបង្ហាញវិធីសាស្ត្រមួយចំនួនដើម្បីការពារសុខភាពនៅក្នុងរដូវរងាដែរ។
ទារក កុមារ និងមនុស្សមានវ័យចំណាស់ ងាយនឹងមានជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់ ហើយទារកនឹងបាត់បង់កម្ដៅរាងកាយរហ័សជាងមនុស្សធំ។
ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្សមានវ័យចំណាស់ ជាញឹកញាប់ មានកម្ដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិច ឬចុះថយ ដែលអាចធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។ មនុស្សវ័យចំណាស់ ងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបយឺតរបស់រាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
ក្រសួងសុខាភិបាល បន្តថា រីឯទារកអាយុតិចជាងមួយឆ្នាំ មិនគួរឱ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ គួរផ្ដល់សម្លៀកបំពាក់ដែលកក់ក្ដៅ និងដណ្ដប់ភួយសម្រាប់ទារកឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសីតុណ្ហភាពឱ្យបានកក់ក្ដៅ ទាំងខ្លួនប្រាណ និងបន្ទប់របស់ទារក។
សេចក្ដីណែនាំជូនសាធារណជនទូទៅរបស់ក្រសួងសុខាភិបាល ធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ បានអះអាងថា ក្នុងការប្រុងប្រយ័ត្នការពារសុខភាពនៅអំឡុងពេលអាកាសធាតុចុះត្រជាក់ កុមារ និងមនុស្សមានវ័យចំណាស់ គួរតែស្លៀកពាក់ឱ្យបានច្រើនជាន់ ឬក្រាស់ៗ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួន ហើយចៀសវាងការស្លៀកពាក់តឹង ព្រោះអាចរំខានដល់ចរាចរណ៍ឈាមក្នុងរាងកាយ និងបណ្ដាលឱ្យបាត់បង់កម្ដៅរាងកាយ។ កុមារ និងមនុស្សមានវ័យចំណាស់ គួរពាក់មួក និងស្រោមជើងនៅពេលចេញទៅខាងក្រៅ ដើម្បីរក្សាកម្ដៅក្នុងរាងកាយដែលអាចបាត់បង់តាមរយៈដៃ ក្បាល និងជើង។ ម្យ៉ាងវិញទៀត ត្រូវពិសាទឹកឱ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹកនៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យពលរដ្ឋទូទៅ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃ និងស្វែងរកការព្យាបាលនៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើមានរោគសញ្ញាពិបាកដកដង្ហើម គ្រុនក្ដៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត។
ចំណែកពលរដ្ឋដែលមានសុខភាពល្អវិញ ប្រសិនបើគិតថា មានជំងឺផ្ដាសាយ ឬមិនស្រួលខ្លួន គួរពន្យារផែនការធ្វើដំណើរ រហូតដល់មានសភាពស្រួលបួល យ៉ាងហោចណាស់ ២៤ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយ៉ូទីក ដោយគ្មានវេជ្ជបញ្ជាឡើយ។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ទៀតថា នៅពេលក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត បើគ្មានក្រណាត់ ឬកន្សែង ត្រូវក្អក ឬកណ្ដាស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់នោះទេ។ ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃទៅប៉ះពាល់ភ្នែក ច្រមុះ និងមាត់ ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។ ម្យ៉ាងវិញទៀត ក្នុងលក្ខខណ្ឌប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទ្ធពេកឡើយ។
សេចក្ដីណែនាំនេះ គឺជំរុញពិសេសពលរដ្ឋរស់នៅតាមតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង ដើម្បីយកទៅអនុវត្ត ចៀសវាងផុតពីជំងឺតម្កាត់ដែលអាចកើតមានជាយថាហេតុ បណ្ដាលមកពីអាកាសធាតុត្រជាក់។ ក្រសួងសុខាភិបាល ក៏បានរំលឹកថា នៅពេលអាកាសធាតុចុះត្រជាក់នៅចន្លោះពីខែធ្នូ ដល់ខែមករា គឺភាគច្រើនកើតមានជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាលែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្ដាលមកពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កឱ្យមានរោគសញ្ញា ដូចជា គ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះ ពោះវៀន ដោយពពួកវីរុស៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments