RFA | កម្ពុជា​បន្ត​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ និង​ប្ដេជ្ញា​រឹត​ចំណង​មិត្តភាព​ជាមួយ​ចិន​កាន់​តែ​ខ្លាំង | hot news

By , Comment
Share on Facebook Tweet on Twitter

កម្ពុជា​បន្ត​រក្សា​ជំហរ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ និង​ប្ដេជ្ញា​រឹត​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ចិន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ជាពិសេស​ក្នុង​កិច្ច​សហប្រតិបត្តិការ​វិស័យ​កសិកម្ម។ ប៉ុន្តែ អ្នក​វិភាគ​ព្រួយបារម្ភ​ថា ពលរដ្ឋ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​អាច​បាត់បង់​ផល​ប្រយោជន៍ ដោយសារ​តែ​ចិន​នាំ​ចូល​កម្មករ និង​អ្នក​វិនិយោគ​ពង្រីក​ការ​បោះ​ទុន​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត។

ក្នុង​កិច្ច​ប្រជុំ​លើក​ទី៧ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​ចិន​រវាង​ឧបនាយករដ្ឋមន្ត្រី​លោក ស៊ុន ចាន់ថុល ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី (WANG YI) នៅ​ថ្ងៃ​ទី២២ ខែមេសា ភាគី​ទាំងពីរ​ប្ដេជ្ញា​ក្នុង​ការ​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា ស្រប​តាម​កិច្ច​សហប្រតិបត្តិការ «ត្បូងពេជ្រ» ដែល​ភាគី​កម្ពុជា និង​ចិន ឯកភាព​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០២៣។

ភាគី​កម្ពុជា និង​ចិន បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ៣ចំណុច​រួមមាន គម្រោង​ផែន​ការ​មេ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លក្ខខណ្ឌ​តម្រូវ​ការ​អនាម័យ​ក្នុង​ការ​ផលិតផល​ចំណី​សត្វ​សម្រាប់​ទៅ​កាន់​ប្រទេស​ចិន និង​ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ចិន​សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ជនបទ​ដែល​ជំនួយ​នេះ ភាគី​កម្ពុជា និង​ចិន​ពុំ​បាន​បង្ហាញ​ចំនួន​ទឹក​ប្រាក់​ជា​សាធារណៈ​នោះ​ទេ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២២ ខែមេសា​ថា កម្ពុជា និង​ចិន​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្រប​ពេល​ពលរដ្ឋ​កម្ពុជា ផលិត​កសិផល​នៅ​មាន​កម្រិត និង​ខ្វះ​បច្ចេកទេស​ច្រើន។ លោក​ព្រួយបារម្ភ​ថា បញ្ហា​នេះ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ផលប្រយោជន៍​ពី​វិស័យ​កសិកម្ម​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត​ដោយសារ​តែ​ភាគី​ចិន​នឹង​នាំ​អ្នក​ជំនាញ​មក​បង្កើត​រោងចក្រ​ផ្ដោត​លើ​វិស័យ​កសិកម្ម ហើយ​ពលរដ្ឋ​ដែល​មាន​ដី​កសិកម្ម​អាច​ក្លាយ​ជា​កម្មករ​ឱ្យ​ក្រុមហ៊ុន​ចិន។

បណ្ឌិត មាស នី៖ «នៅ​ពេល​ដែល​ចិន​គិត​អំពី​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម នៅ​ថ្ងៃ​ខាង​មុខ​អាច ចិន​អាច​បង្កើត​ការ​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ យក​កម្ពុជា​ជា​កន្លែង​នាំ​ចេញ​ទៅ​ខាង​ក្រៅ​វិញ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​យើង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ផលិត​ឱ្យ​ត្រូវ​តាម​ស្តង់ដារ អ៊ីចឹង​មាន​តែ​ប្រទេស​ពី​ខាងក្រៅ ដូចជា​ចិន​ដែល​គេ​មាន​ទាំង​ធនធាន និង​ធនធាន​មនុស្ស​គេ​អាច​មក​ផលិត​នៅ​ស្រុកខ្មែរ ហើយ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ហ្នុង​ហើយ​ដែល​កម្ពុជា កសិករ​ខ្មែរ​អាច​នឹង​ក្លាយ​ចេញ​ពី​ម្ចាស់ដី ទៅ​ជា​កម្មករ​របស់​ប្រទេស​ខាងក្រៅ​វិញ​ក្នុង​វិស័យ​កសិកម្ម»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អនុប្រធាន​ទី១ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ដើម្បី​សាកសួរ​បន្ថែម​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែមេសា។

វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) និង​ប៉ាពួញូហ្គីណេ (Papua New Guinea) ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​វាយ​តម្លៃ​ថា ចិន​កំពុង​ព្យាយាម​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​ប្រទេស​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។

ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នៅ​កម្ពុជា​ក្រៅ​ពី​ពង្រឹង​ទំនាក់ទំនង​ក្នុង​នាម​ជា​មិត្ត​ដែកថែប និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ភាគី​កម្ពុជា និង​ចិន ក៏​បន្ត​ប្រកាស​ក្នុង​ការ​គាំទ្រ​នយោបាយ​ការពារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក វ៉ាង យី សារភាព​ថា ប្រទេស​ចិន​ជា​ដៃ​គូ ដែល​គួរ​ទុក​ចិត្ត និង​ជា​អ្នក​គាំទ្រ​ខ្លាំង​បំផុត​ដល់​កម្ពុជា។

ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន កាល​ពី​ថ្ងៃ​ទី២១ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក សុខ ចិន្តាសោភា អះអាង​នៅ​ចំពោះ​មុខ​ភាគី​ចិន​ថា កម្ពុជា​នៅ​តែ​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ។ លោក​បញ្ជាក់​ថា កម្ពុជា​ក៏​ទន្ទឹង​រង់ចាំ​ក្នុង​ការ​ធ្វើ​កិច្ចការ​ជាមួយ​ចិន​បន្ថែម​ទៀត និង​ចង់​ឃើញ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន។

ពាក់ព័ន្ធ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី មក​កម្ពុជា​បង្ហាញ​ទាំង​សញ្ញា​វិជ្ជមាន និង​អវិជ្ជមាន ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កំពុង​រង​ការ​ចោទ​ប្រកាន់​លើ​គម្រោង​មួយ​ចំនួន​ដូចជា​កំពង់ផែ​រាម និង​ព្រែក​ជីក​ហ្វូណន ថា បម្រើ​ឱ្យ​យោធា​ចិន។

លោក សេង វណ្ណលី៖ «ចិន​គាត់​ដឹង​ច្បាស់​ពី​ប្រទេស​មួយ​ចំនួន​ប្រតិកម្ម​ប្រទេស​មួយ​ចំនួន ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែក​ជីក​ហ្វូណន ក៏​ដូចជា​ប្រទេស​មួយ​ចំនួន ដែល​ព្រួយបារម្ភ​ពី​ការ​ធ្វើ​ទំនើបកម្ម ឬ​ការ​ពង្រីក ពង្រឹង និង​ការ​បង្កើន​សកម្មភាព​យោធា​របស់​ចិន​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជាពិសេស តំបន់​សមុទ្រ​ចិន​ខាងត្បូង វា​អាច​ជា​សារ​មួយ​ដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​ហ្នឹង ដើម្បី​បង្ហាញ​ថា ចិន​នឹង​មិន​ងាក​ឆ្ងាយ​ពី​ការ​ផ្តល់​សារសំខាន់​ដល់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​កម្ពុជា​ទេ។ ចិន​ខ្លួន​ខ្ញុំ​គិត​ថា មក​ដើម្បី​ធានា​នូវ​ការ​តាំង​ចិត្ត​របស់​ខ្លួន ចំពោះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​ជំនាន់​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ចិន​នៅតែ​ជា​មិត្ត​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន»

ចំណែក​លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​រសៀល​ថ្ងៃ​ទី២២ មេសា ភាគី​ទាំងពីរ​មិន​ទាន់​បង្ហាញ​លទ្ធផល​នៅ​ឡើយ។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ជំហរ​នយោបាយ​កម្ពុជា និង​ចិន បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​កាន់​តែ​ព្រួយ​បារម្ភ​អំពី​មហិច្ឆតា​នៃ​ការ​ពង្រីក​ឥទ្ធិពល​ចិន ដោយសារ​តែ​ចិន​សម្លឹង ឃើញ​កម្ពុជា​ជា​ទីតាំង​ភូមិសាស្ត្រ​នយោបាយ សម្រាប់​ទប់ទល់​បញ្ហា​ក្នុង​តំបន់ និង​ប្រជែង​ឥទ្ធិពល​ជាមួយ​ប្រទេស​មហាអំណាច​លោក​សេរី។ អ្នក​ឃ្លាំមើល​មួយ​ចំនួន​ព្រមាន​ថា កម្ពុជា​អាច​ធ្លាក់​ចូល​អន្ទាក់​ភូមិសាស្ត្រ​បម្រើ​មហិច្ឆតា​នយោបាយ​ចិន និង​ធ្វើ​អ្វីៗ​តាម​ដែល​ចិន​ចង់​បាន ប្រសិនបើ​កម្ពុជា​នៅ​តែ​គ្មាន​សមត្ថភាព​កសាង​ប្រទេស ពង្រឹង​សេដ្ឋកិច្ច​ដោយ​ខ្លួន​ឯង និង​រង់ចាំ​តែ​រស់​ពឹង​ដង្ហើម​ពី​ប្រទេស​ចិន៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments