RFA | កម្ពុជា​ចាត់​ទុក​ការ​ទាមទារ​របស់​អ.ស.ប ឱ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ គឺជា​ការ​មើលងាយ​តុលាការ​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

តំណាង​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា ការ​ទាមទារ​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ឱ្យ​ដោះលែង​មេ​ដឹក​នាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព គឺជា​ការ​មើល​ងាយ​ដល់​សមត្ថកិច្ច និង​សុច្ចរិតភាព​របស់​តុលាការ​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​អ្នក​ជំនាញ អ..ប នេះ​គឺជា​ការ​ផ្ដល់​មតិយោបល់​ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​ដែល​ផ្ដល់​សច្ចាប័ន​លើ​ឧបករណ៍​សិទ្ធិ​មនុស្ស ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ មិនមែន​ជា​ការ​មើលងាយ​ឡើយ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុងហ្សឺណែវ (Geneva) យល់​ឃើញ​ថា សេចក្ដី​ថ្លែងការណ៍​របស់ អ..ប ជំរុញ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​គឺជា​ការ​បំភ័ន្ត​ប្រាសចាក​ពី​ការពិត និង​មាន​ការ​រើសអើង។

តំណាង​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ លោក អ៊ិន តារា បាន​ចេញ​សេចក្ដីថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី៥ ខែឧសភា បដិសេធ​ទាំងស្រុង​ជុំវិញ​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​នៃ​ការិយាល័យ អ..ប ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក ជេរេមី ឡរែនស៍ (Jeremy Laurence) កាល​ពី​ពេល​ថ្មីៗ នេះ គឺ​ជា​ការ​បំភ័ន្ត​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​កម្ពុជា។ តំណាង​កម្ពុជា​រូប​នេះ​ចាត់​ទុក​ការ​ស្នើ​ឱ្យ​តុលាការ​កម្ពុជា​ដោះ​លែង កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​បទ​ចោទ​លើ​សមាជិក​សហជីព​ផ្សេង​ទៀត​ឱ្យ​មាន​សេរីភាព គឺជា​ការ​មើលងាយ​ដល់​តុលាការ។ លោក អ៊ិន តារា បាន​ថ្លែង​ការពារ​តុលាការ​កម្ពុជា​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ គឺ​ដោយសារ​កញ្ញា​ដឹកនាំ​ធ្វើ​កូដកម្ម​ខុស​ច្បាប់ និង​ទទួល​លុយ​ឧបត្ថម្ភ​ពី​បរទេស។

ការ​ឆ្លើយតប​របស់​តំណាង​កម្ពុជា​នេះ​ធ្វើ​ឡើង​បន្ទាប់​ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី៣ ខែឧសភា សម្ដែង​ក្ដី​ព្រួយបារម្ភ និង​ស្នើ​ដល់​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​ក្រុម​កូដករ​ណាហ្គាវើលដ៍។ ការ​អំពាវនាវ​នេះ គឺ​ក្រោយ​ពេល​តុលាការ​កំពូល​តម្កល់​ការ​ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ចំនួន ៩នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១ឆ្នាំ ដល់ ២ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់» ទាំង​អយុត្តិធម៌។ អ្នក​នាំ​ពាក្យ​ឧត្ដមស្នងការ​អ..ប ទទួលបន្ទុក​សិទ្ធិ​មនុស្ស លោក ជេរេមី ឡរែនស៍ (Jeremy  Laurence)  ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស ដែល​ខ្លួន​បាន​ទទួល​ស្គាល់​ក្រោម​ច្បាប់​អន្តរជាតិ និង​បង្កើត​បរិយាកាស​ឱ្យ​មនុស្ស​គ្រប់​រូប​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ដោយ​សេរី ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ស្រ៊ាង ចិន្តា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៦ ខែឧសភា។

ទាក់ទង​នឹង​រឿង ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ឃើញ​ថា ការ​លើក​ឡើង​ពី​ក្ដី​បារម្ភ ចំពោះ​តុលាការ​ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹក​នាំ​សហជីព និង​សមាជិក​សហជីព​មិនមែន​ជា​ការ​រើសអើង ឬ​មើលងាយ​ដល់​តុលាការ​កម្ពុជា​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា កម្ពុជា​គួរតែ​កែលំអ​ចំណុច​ខ្វះខាត​របស់​ខ្លួន តាម​ការ​ស្នើសុំ​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ និង​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក នី សុខា៖ «ផ្ទុយ​ទៅ​វិញ​រឿង​ដែល​អាប់ឱន​កិត្តិយស ប្រសិនបើ​ការ​ផ្ដល់​មតិយោបល់​ទៅ​ហើយ រដ្ឋាភិបាល​យើង នៅ​តែ​សោះអង្គើយ មិនព្រម​ឆ្លើយតប មិន​ព្រម​ដោះស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង។ ខ្ញុំ​គិត​ថា រឿង​ហ្នឹង​ទៅ​វិញ​ទេ​ដែល​ជា​រឿង​ប៉ះពាល់​កិត្តិយស ទៅ​មុខ​មាត់​រដ្ឋាភិបាល ពីព្រោះ​យើង​ដឹង​ហើយ​កន្លង​មក​ប្រសិន​បើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សិទ្ធ​មនុស្ស។ រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​ដែល​គេ​គោរព​សិទ្ធិមនុស្ស គេ​ដោះ​ស្រាយបញ្ហា​សិទ្ធិមនុស្ស ឆ្លើយតប​បញ្ហា​សិទ្ធិ​មនុស្ស​គឺ​ថា​ជា​កិត្តិយស​ទៅ​វិញ​ទេ»

ក្រៅពី​ឧត្ដមស្នងការ អ..ប ទទួលបន្ទុក​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឱ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ចោល​បទ​ចោទ​លើ​សមាជិក​សហជីព​ចំនួន ៨នាក់​ផ្សេង​ទៀត ក៏​មាន​អង្គការ សមាគម ក្នុង​ស្រុក​ចំនួន ៥០ស្ថាប័ន​នៅ​ថ្ងៃ​ទី៦ ខែឧសភា បាន​រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ក្រោម​ចំណង​ជើង​ថា «គ្រប់គ្រាន់​ហើយ សូម​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ណាហ្គាវើលដ៍»។ អង្គការ សមាគម​ទាំង​នោះ រួមមាន សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) និង​អង្គការ​សមាគម​ផ្សេង​ទៀត។ ក្រុម​អង្គការ សមាគម និង​សហជីព​ទាំង​អស់​នេះ លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សមាជិក និង​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ ។ ជាង​នេះ​ទៅ​ទៀត ក្រុម​កូដករ​រង​ការ​រំលោភ​បំពាន​ពី​កង​សន្តិសុខ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​បំពារបំពាន​កេរ្តិ៍​ភេទ ដែល​សកម្មភាព​ទាំងនេះ​គឺ​ជា​រូបភាព​បង្ហាញ​ថា អាជ្ញាធរ​ព្យាយាម​បំភិតបំភ័យ គំរាមកំហែង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ជា​ជាង​ជួយ​ដោះស្រាយបញ្ហា​ប្រឈម។



ក្រុម​អង្គ​ការ​ជាតិ និង​អន្តរជាតិ សម្ដែង​ការ​ព្រួយបារម្ភ និង​សោកស្ដាយ​ចំពោះ​ការ​ផ្ដន្ទាទោស​លើ​សមាជិក​សហជីព​ណាហ្គាវើលដ៍។ ពួកគាត់​ទទូច​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​ផ្ដល់​នូវ​សេរីភាព​ពេញលេញ​ដល់​សមាជិក​សហជីព​ទាំងអស់ ព្រមទាំង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស៕



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments