RFA | លោក ចៅ វាសនា ស្នើ​សាលាឧទ្ធរណ៍​បាត់ដំបង លើក​ពេល​សវនាការ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រធាន​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា នៅ​ព្រឹក​ថ្ងៃទី២២ មេសា បាន​ស្នើ​ឲ្យ​ចៅក្រម​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​តាំង​នៅ​ខេត្ត​បាត់ដំបង លើក​ពេល​សវនាការ ដោយ​សារ​តែ​អវត្តមាន​មេធាវី។

ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​សវនាការ​បណ្ដឹង​ជំទាស់​សាលក្រម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​សម្រេច​ឲ្យ​លោក ចៅ វាសនា ជាប់​ពន្ធនាគារ​រយៈពេល​៣ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

កូនស្រី លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ ដែល​បាន​ចូល​ស្ដាប់​សវនាការ​នៅ​សាលាឧទ្ធរណ៍​បាត់ដំបង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សវនាការ​កាល​ពី​ព្រឹក​ថ្ងៃទី២២ មេសា ចៅក្រម​បាន​ផ្ដល់​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ គ្មាន​មេធាវី ដល់​ឪពុក​របស់​អ្នកស្រី ប៉ុន្តែ​ឪពុក​អ្នកស្រី​បដិសេធ​ថា គាត់​នឹង​ឆ្លើយ​សំណួរ​របស់​ចៅក្រម​លុះត្រា​តែ​មាន​មេធាវី ហើយ​គាត់​បាន​ស្នើ​ដល់​តុលាការ​លើកពេល​សវនាការ​ទៅ​ពេល​ក្រោយ​ទៀត។

អ្នកស្រី ចៅ រតនៈ៖ «ដូច​ប្អូន​បាន​ឃើញ​ខ្ញុំ​បង្ហោះ​ហើយ កូន​ឈឺ​សុខចិត្ត​ទម្លាក់​កូន​ផ្ញើ​នឹង​ប្អូន ដើម្បី​ឲ្យ​ទៅ​មើល​សវនាការ​ឪពុក​នៅ​ខេត្ត​បាត់ដំបង រត់​មក​ពី​បាត់ដំបង​​មក​មើល​កូន​នៅ​ប៉ោយប៉ែត​វិញ។ សំណួរ​សួរ​ថា តើ​បើ​ពួកគាត់​វិញ តើ​ពួកគាត់​ឈឺចាប់​ប៉ុណ្ណា ការ​ចំណាយ​ពេល​ដែល​ឡើង​មក​ម្ដង​ហើយ​ម្ដង​ទៀត​អត់​មាន​លទ្ធផល​ សួរ​ថា អ្នក​ជាប់​ឃុំ​មាន​អារម្មណ៍​បែប​ម៉េច ក្នុង​មួយ​ថ្ងៃ​មាន​អ្នកណា​ចង់​នៅ​ជាប់​ពន្ធនាគារ​ទេ»

អ្នកស្រី ចៅ រតនៈ ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​ចេញ​ពី​សវនាការ​អ្នកស្រី​បាន​ទាក់ទង​ទៅ​មេធាវី​ការពារ​ក្ដី​ឲ្យ​ឪពុក​របស់​អ្នកស្រី ហើយ​លោក​មេធាវី​បញ្ជាក់​ថា គាត់​មិន​បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​ពី​ការ​ឡើង​សវនាការ​របស់​លោក ចៅ វាសនា នៅ​ថ្ងៃទី២២ មេសា​នេះ​ទេ។ ចំណែក​ចៅក្រម​សាលា​ឧទ្ធរណ៍​បាត់ដំបង​វិញ លើកឡើង​ថា មូលហេតុ ដែល​សាលាឧទ្ធរណ៍​មិន​បាន​អញ្ជើញ​មេធាវី​ឲ្យ​ចូលរួម​ដោយសារ​តែ មេធាវី មិន​បាន​ដាក់​ពាក្យ​ស្នើសុំ​ការពារ​ក្ដី​ឲ្យ​លោក ចៅ វាសនា ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បាត់​ដំបង អ្នកស្រី ទៀង សំបូរ  បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២២ មេសា។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​នៃ​ការ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង សន្លឹកឆ្នោត។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ ពី​បទ​ញុះញង់ និង​បាន​ចេញ​ពី​ពន្ធនាគារ​វិញ កាលពី​ដើម​ឆ្នាំ២០២២ បន្ទាប់​ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន រយៈពេល ៥ឆ្នាំ​ពេញ នៅ​ក្នុង​ពន្ធនាគារ។

កន្លង​ទៅ​សាច់​ញាតិ សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​ការ​សម្រេច​ផ្ដន្ទាទោស​លោក ចៅ វាសនា ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​សកម្មជន​បក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments