RFA | អាជ្ញាធរ​បង្ក្រាប​សាច់​បង្កក​នាំចូល​ខុសច្បាប់​បានជា​ច្រើន​តោន | hot news

By , Comment
Share on Facebook Tweet on Twitter

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ក្រាប​បំណែក​សាច់​បង្កក និង​គ្រឿងក្នុង​សត្វ ខូចគុណភាព​ជាច្រើន​តោន ដែល​ឈ្មួញ​លួច​នាំចូល​ខុសច្បាប់​តាម​ច្រករបៀង​។ គ្រូពេទ្យ​ជំនាញ បារម្ភ​ថា សាច់​បង្កក​ខូចគុណភាព​ទាំងនេះ មាន​ផ្ទុក​សារធាតុ​គីមី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​នៅ​ថ្ងៃមុខ។

ការ​នាំ​ចូល​បំណែក​សាច់​បង្កក និង​គ្រឿងក្នុង​សត្វ​ខូចគុណភាព​ខុសច្បាប់ ហាក់​មិន​ថយ​ចុះ​នោះ​ទេ ទោះបីជា​ថ្នាក់​ដឹកនាំ បាន​ប្រកាស​ឱ្យ​ផ្អាក​នាំចូល យ៉ាងណាក្ដី។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ក្រាប​បំណែក​សាច់​នាំចូល​ខុសច្បាប់​ចំនួន ២​ករណី សរុប​ជាង ៤​តោន (.៥៥០​គីឡូក្រាម) ដែល​នាំចូល​គ្មាន​ឯកសារ ខូច​គុណភាព វេច​ខ្ចប់​គ្មាន​អនាម័យ កាលពី​ថ្ងៃទី​២២ ខែ​មេសា នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​បន្ទាយមានជ័យ។ កន្លងមក​អាជ្ញាធរ​ក៏បាន​រឹបអូស​បំណែក​សាច់​បង្កក និង​គ្រឿងក្នុង​សត្វ​ខូចគុណភាព និង​ខុសច្បាប់​នេះ​ជាង ១០​តោន កាលពី​ថ្ងៃទី​២១ និង​ទី​២០ ខែ​មេសា។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មាន​ប្រសាសន៍​ថា សាច់​បង្កក និង​គ្រឿងក្នុង​សត្វ ដែល​នាំ​ចូល​ខូចគុណភាព ជាទូទៅ​មាន​ផ្ទុក​សារធាតុ​គីមី សម្រាប់​បង្ការ​សាច់​កុំឱ្យ​ស្អុយ ដែល​សារធាតុ​ទាំងអស់​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ និង​បង្ក​ជា​ជំងឺ​មាន​ដូចជា រលាក​ពោះវៀនធំ រលាក​ក្រពះ ជាពិសេស​គឺ​ជំងឺមហារីក។

វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖ «ដូចជា​សាច់​ជ្រូក សាច់គោ​សាច់​ក្របី​អីហ្នឹង ស្រុក​យើង​មាន​តើ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច ប្រទេស​យើង​តូច​មួយ ប្រជាជន​តិច​មួយ ហើយ​ចេះតែ​នាំ​ចូល​មក​។ ប្រសិនបើ​យើង​មិន​ទប់ស្កាត់ ហើយ​ចេះតែ​នាំ​ចូល​មក ហើយ​យើង​អត់​ដឹង​យើង​ចេះតែ​បរិភោគ ថ្ងៃក្រោយ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​យើង មិន​ថា​ចាស់​ក្មេង វា​ប្រឈម​ទៅ​អនាគត ហើយ​យើង​យូរៗ​យើង​ក្រិន​អស់ ដោយសារតែ​ជំងឺ​ផ្សេងៗ​ហ្នឹង»

កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សម្រាប់​រយៈពេល ០៦​ខែ ដោយ​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី​១២ ខែ​មីនា រហូត​ដល់​ថ្ងៃទី​១២ ខែ​​កញ្ញា ឆ្នាំ​២០២៤ នូវ​ការ​នាំចូល​បំណែក​សាច់​បង្កក និង​គ្រឿងក្នុង​សត្វ មាន​ដូចជា អណ្ដាត និង​ថ្លើម សត្វ​គោ ក្របី និង​បំណែក​សាច់​គ្រឿងក្នុង​ដូចជា ជ្រូក មាន់ ដែល​អាច​បរិភោគ​បាន​ក្រៅពី ស្លាប ភ្លៅ ថ្លើម និង​សាច់​ត្រូវ​យក​ឆ្អឹង​ចេញ។

ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុ​ជា លោក ឌី គន្ធា យល់​ឃើញ​ថា ការ​នាំ​ចូល​សាច់​បង្កក​រាប់​តោន យក​មក​ចែកចាយ​ក្នុងស្រុក​បែបនេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ផង​​ដែរ។

លោក ឌី គន្ធា៖ «ពលរដ្ឋ​ខ្មែរ​យើង គឺ​គាត់​មិនបាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ថា​តើ​ផលិតផល​ផ្លែឈើ បន្លែ ឬក៏​អាហារ​កែច្នៃ ឬក៏​សាច់ ដែល​លក់​នៅ​លើ​ទីផ្សារ​ហ្នឹង មាន​សារ​ធាតុគីមី​យ៉ាងណា​នោះ​ទេ​។ គាត់​ពឹង​ផ្អែក​ទៅ​លើ​ក្រុមការងារ​បច្ចេកទេស គណៈកម្មការ​ត្រួតពិនិត្យ​ចំណីអាហារ​របស់​រដ្ឋ អ៊ីចឹង​ក្រុម​ការងារ​ទាំងអស់​ត្រូវ​បង្ហាញ​ឆន្ទៈ​នយោបាយ​ទទួលខុសត្រូវ​ខ្ពស់​បំផុត»

របាយការណ៍​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ចេញផ្សាយ​ថ្ងៃទី​២៤ ខែ​តុលា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២៣ អាជ្ញាធរ បាន​រឹបអូស​សាច់​បង្កក​ចម្រុះ​ខូចគុណភាព មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​មេរោគ​ចម្លង បាន​ជិត ២​ពាន់​តោន ដែល​ចំនួន​នេះ​មានការ​កើនឡើង ១៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments