RFA | ពលរដ្ឋ​រិះគន់​ការ​ដាក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​និង​ឆ្នោត​នៅ​ក្រុង​ព្រះសីហនុ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​ឃ្លាំ​មើល​សង្គម និង​សាធារណជន រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស្រាបៀ និង​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ដាក់​ពង្រាយ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​តាម​បង្គោល​ភ្លើង​តាម​ផ្លូវ​សាធារណៈ និង​តាម​ឆ្នេរ​សមុទ្រ គ្រប​ដណ្ដប់​ស្ទើរ​ទូទាំង​ក្រុង​ទេសចរណ៍​មួយ​នេះ​នា​ឱកាស​ពិធី​បុណ្យ​សមុទ្រ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។

សាធារណជន និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​នៅ​តាម​តំបន់​ឆ្នេរ​ឯករាជ្យ និង​តាម​ឆ្នេរ​អូរឈើទាល នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស្រាបៀ និង​ឆ្នោត​កីឡា​ជាតិ ដំឡើង​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​តាម​សួនច្បារ តាម​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ និង​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន។

បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​សង្គម និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ទទួល​ស្គាល់​ភាព​រីក​ចម្រើន​នៃ​ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​រដ្ឋបាល​ខេត្ត​នេះ មាន​ដូចជា ការ​ស្ថាបនា​ផ្លូវ​ថ្នល់​បាន​ធំ​ទូលាយ ស្ថាបនា​សួនច្បារ និង​បំពាក់​ភ្លើង​បំភ្លឺ ជាដើម មាន​សោភណភាព​គួរ​ជា​ទី​គយគន់​ទាំង​យប់​ថ្ងៃ ជាពិសេស​សោភណភាព​ស្រស់​បំព្រង​នៅ​ពេល​រាត្រី។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ពោល​សរសើរ និង​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​ទីតាំង​មួយ​ចំនួន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។ ទន្ទឹម​គ្នា​នេះ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​រដ្ឋបាល​ខេត្ត​នេះ មិន​គួរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ផលិតផល​ស្រាបៀ និង​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ជាដើម ដាក់​ពង្រាយ​ស្តង់​ឃោសនា និង​ដាក់​តាំង​ផ្ទាំង​ប៉ាណូ​តាម​ផ្លូវ​សាធារណៈ និង​តាម​តំបន់​ឆ្នេរ​ច្រើន​ពេក​ទេ ព្រោះ​អាច​រង​ការ​រិះគន់​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ទាំងនេះ៖ «បើ​ប្រៀបធៀប​ឆ្នាំ​មុនៗ គឺ​ឆ្នាំ​នេះ ខេត្ត​ព្រះសីហនុ យើង គឺ​មាន​សោភណភាព​ល្អ​ប្លែក និង​អាច​ទាក់ទាញ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មិន​ឲ្យ​ខក​ចិត្ត​នោះ​ទេ។ ភ្ញៀវ​ទេសចរ​នៅ​ពេល​មក​ដល់​ខេត្ត​ព្រះសីហនុ នឹង​បាន​ឃើញ​សោភណភាព​ស្រស់​ស្អាត​ជាង​ពេល​មុន»

ត្រង់​ចំណុច​នេះ ភ្ញៀវ​ទេសចរ​សំណូមពរ​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​ដក​ផ្ទាំង​ប៉ាណូ ឬ​ស្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ស្រាបៀ ជាពិសេស​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ឆ្នោត​កីឡា​ជាតិ ដែល​ដាក់​តាំង​នៅ​តាម​ផ្លូវ​សាធារណៈ​សំខាន់ៗ និង​ទីតាំង​ក្បែរ​វេទិកា​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​នា​ឆ្នេរ​ឯករាជ្យ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​បើក​សម្ពោធ​ពិធី​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល៖ «ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដក​ធុង​ឆ្នោត​មាន​ពណ៌​ក្រហម​ទាំងអស់​ចេញ​ពី​តំបន់​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​ឯករាជ្យ ហើយ​ទុក​ទីតាំង​ទាំងនោះ ផ្តល់​ជូន​ប្រជាពលរដ្ឋ​លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត និង​ចុះ​ងូត​ទឹក​សមុទ្រ​ជាដើម ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​គាត់ ហើយ​ធុង​ឆ្នោត ឬ​ស្តង់​ឆ្នោត​ពណ៌​ក្រហម ដែល​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​តាម​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​អូរឈើទាល រាល់​ថ្ងៃ​នេះ យើង​មើល​ទៅ​មិន​សម​ភ្នែក ឬ​មិន​គួរ​ល្អ​ទាល់​តែ​សោះ។ វប្បធម៌​ដូនតា​យើង​កន្លង​មក ហាក់​មិន​បង្ហាញ​ស្លាក​សញ្ញា​ផលិតផល​ស្រាបៀ និង​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង​ជា​សាធារណៈ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ពេក​ទេ។ ប៉ុន្តែ​សព្វថ្ងៃ​នេះ ហាក់​ធ្វើ​ឲ្យ​ខូច​សោភណភាព ឬ​បង្ហាញ​នូវ​វប្បធម៌​មិន​ល្អ និង​បង្កើត​ឲ្យ​មាន​ក្មេង​ទំនើង ឬ​បង្ហាញ​ពី​ភាព​ស្រវឹង​កោងកាច​ជាដើម ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ប្រទេស​ជាតិ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ជាតិ អន្តរជាតិ»

ទាក់ទិន​បញ្ហា​នេះ ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ចាប់​ពី​ថ្នាក់​អភិបាល និង​អភិបាល​រង​ខេត្ត បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​មតិ​រិះគន់​របស់​សាធារណជន ទៅ​លើ​ការ​ដាក់​តាំង​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ស្រាបៀ និង​ឆ្នោត​កីឡា​ជាតិ​នៅ​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន មាន​ផ្លូវ​ឯករាជ្យ តាម​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​ឯករាជ្យ​នេះ​ទេ។

ទោះ​ជា​បែប​នេះ​ក្តី សាធារណជន​បាន​ទទូច​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ត្រូវ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀ និង​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ឲ្យ​កាត់​បន្ថយ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ស្រាបៀ និង​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ឆ្នោត​កីឡា​ជាតិ ចេញ​ពី​ទីតាំង​តាម​ផ្លូវ​សាធារណៈ​សំខាន់ៗ និង​ឆ្នេរ​សមុទ្រ​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments