ក្រសួងមហាផ្ទៃ នៅមិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ពីសមត្ថកិច្ចឥណ្ឌូណេស៊ី(INDONESIA) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ចំពោះករណីសមត្ថកិច្ចឥណ្ឌូណេស៊ី រកឃើញការជួញដូរអវយវៈមនុស្ស ១២២នាក់នៅកម្ពុជា។ ចំណែកឯមន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរកម្ពុជា គួរតែបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីជួញដូរមនុស្សនេះ ដើម្បីឲ្យកម្ពុជា អាចជៀសផុតពីការចាត់ថ្នាក់កម្រិតអាក្រក់បំផុតនៃការជួញដូរមនុស្ស។
ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ កក្កដានេះ គឺនៅបន្ទាប់ពីសារព័ត៌មានរ៉យទ័រ(REUTURE) ចុះផ្សាយកាលពីថ្ងៃទី២០ កក្កដាថា សមត្ថកិច្ចឥណ្ឌូណេស៊ីឃាត់ខ្លួនមនុស្សចំនួន១២នាក់ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស១២២នាក់ ទៅប្រទេសកម្ពុជា ដើម្បីលក់ក្រលៀន។ សារព័ត៌មានរ៉យទ័រ ឲ្យដឹងទៀតថា ជនសង្ស័យទាំងនោះ ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ជួញដូរមនុស្ស ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦០០លានរូពី ឬជាង៤ម៉ឺនដុល្លារ ប្រសិនបើត្រូវបានផ្ដន្ទាទោស។
ប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃនគរបាលទីក្រុងហ្សាកាតា (Jakarta Police) លោក ហេង គី ហ្សារីយាឌី (Hengki Haryadi) ថ្លែងថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទជ្រើសរើសមនុស្សនៅទូទាំងប្រទេសឥណ្ឌូណេស៊ីតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបញ្ជូនពួកគេទៅកាន់ប្រទេសកម្ពុជា ដើម្បីវះកាត់ក្រលៀន។ លោក ហេងគី ឲ្យដឹងថា ជនរងគ្រោះត្រូវបានសន្យាថា នឹងទទួលបានប្រាក់ចំនួន១៣៥លានរូពី ឬប្រមាណ ៩ពាន់ដុល្លារ សម្រាប់ក្រលៀនម្ខាង ហើយពួកគេយល់ព្រមលក់សរីរាង្គរបស់ពួកគេ ដោយសារពួកគេត្រូវការប្រាក់។ លោក ហេងគី ថា ស្ទើរតែទាំងអស់នៃជនរងគ្រោះទាំងនោះ បានបាត់បង់ការងារ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភគ៌ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ កក្កដា ថា មកទល់នឹងពេលនេះ ក្រសួងមហាផ្ទៃនៅពុំទាន់ទទួលបានលិខិតជាផ្លូវការណាមួយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការចំពោះករណីនេះនៅឡើយទេ។ លោកបន្ថែមថា អាជ្ញាធរកម្ពុជា ស្វាគមន៍រាល់ប្រទេស ដើម្បីបង្កើនកិច្ចការរួមគ្នា លុបបំបាត់អំពើជួញដូរមនុស្ស។
លោក ខៀវ សុភគ៌៖ «ក្នុងករណីនេះគឺ ចម្លើយយ៉ាងខ្លីទេ យើងរីករាយនឹងធ្វើសហការជាមួយនឹងសមត្ថកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីអំពីការប្រាប់ព័ត៌មាន ហើយនិងរួមគ្នាកំចាត់ចោលនូវក្រុមឧក្រិដ្ឋជនទាំងអស់នេះ»។
ទោះបីជាអាជ្ញាធរកម្ពុជា បានបើកយុទ្ធនាការទទួលពាក្យបណ្ដឹងដើម្បីជួយសង្គ្រោះជនបរទេស ពីអំពើជួញដូរមនុស្ស នៅខែសីហា ឆ្នាំ២០២២ ក៏ដោយ ក៏ប៉ុន្តែប្រតិបត្តិការនេះនៅពុំទាន់អាចឲ្យកម្ពុជារួចផុតពីការចាត់ថ្នាក់កម្រិតទាបបំផុតនៃអំពើជួញដូរមនុស្សនោះទេ។
កាលពីឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជិត ២រយករណី (១៧៤) ឃាត់ខ្លួនជនសង្ស័យជាង ២រយនាក់ (២២៦) ក្នុងនោះមានជនបរទេសចំនួន ៣២នាក់បញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះបានជាង ៥០០នាក់ (៥៥២)។
ក្រសួងការបរទេសអាមេរិកចេញផ្សាយ របាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែមិថុនា ដោយបង្ហាញថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាគ្មានភាពល្អប្រសើរឡើយ។ ក្រសួងការបរទេសអាមេរិក បន្តរក្សាចំណាត់ថ្នាក់កម្ពុជានៅកម្រិតទី៣ ដូចកាលឆ្នាំកន្លងទៅដដែល។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICAHDO) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរកម្ពុជា គួរតែបើកការស្រាវជ្រាវរឿងនេះ ដើម្បីប្រាកដថា រឿងនេះមាន ឬមិនមាន បើទោះជាមិនទាន់ទទួលបានលិខិតផ្លូវការ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូណេស៊ីក៏ដោយ។
លោក អំ សំអាត៖ «យើងទទួលស្គាល់ថា អាជ្ញាធរកម្ពុជាមានការប្រឹងប្រែងក្នុងការទប់ស្កាត់ និងការបង្ក្រាប ក៏ប៉ុន្តែវាអត់ធ្វើការឆ្លើយតបទៅនឹងស្តង់ដារ នៃការទប់ស្កាត់ និងការបង្ក្រាបទៅលើការជួញដូរមនុស្សនៅឡើយទេបាទ។ អ៊ីចឹងហើយបានថា ត្រូវតែទាមទារឲ្យកម្ពុជាពង្រឹងបន្ថែម នូវយន្តការនៅក្នុងការការពារ ក៏ដូចជាបង្ក្រាប និងការទប់ស្កាត់ទៅលើការជួញដូរមនុស្សនៅកម្ពុជា ដើម្បីឲ្យកម្ពុជាយើងហ្នឹង ឡើងចំណាត់ថ្នាក់ទៅមានភាពល្អប្រសើរវិញទាក់ទងនឹងបញ្ហា ការជួញដូរមនុស្សនេះ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសង្គមស៊ីវិល នៅតែទទូចឲ្យអាជ្ញាធរកម្ពុជា បង្កើនយន្តការការពារ និងបង្ក្រាបអំពើជួញដូរមនុស្ស ដើម្បីឲ្យកម្ពុជារួចផុតចេញពីបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលចាត់ថ្នាក់កម្ពុជានៅកម្រិតអាក្រក់បំផុតនៃការជួញដូរមនុស្ស ដែលនាំឲ្យប៉ះពាល់ដល់ការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments