កម្លាំងនគរបាលការពារព្រំដែន ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលរដ្ឋចំនួន ៦នាក់ ដែលបាន ហែលទឹកអូរ ឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា កាលពីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា។ នាយប៉ុស្តិ៍ក្បាលស្ពាន លោក សែម សាមឿន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ពលរដ្ឋទាំង ៦នាក់នោះ ជាពលរដ្ឋរស់នៅឃុំប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្រកបរបរ លក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ។
បន្ទាប់ពីការឃាត់ខ្លួន អាជ្ញាធរបានបញ្ជូនអាជីវករទាំង ៦នាក់នោះ ទៅធ្វើតេស្ដរកមេរោគកូវីដ១៩ នៅចំណុចសំចត ក្នុងភូមិនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី២៨ ខែកក្កដា រដ្ឋាភិបាលបានសម្រេចបិទព្រំដែនកម្ពុជា-ថៃ បណ្ដោះអាសន្ន និងហាមឃាត់អ្នកធ្វើដំណើរចេញ-ចូល ប៉ុន្តែលើកលែងការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតពីអាជ្ញាធរ ដូចជាករណីជំងឺសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ អាជ្ញាធរកម្ពុជានឹងសម្រួលជាមួយអាជ្ញាធរថៃ ដើម្បីផ្តល់ការគាំពារដល់ពលករខ្មែរ នៅប្រទេសថៃ ប៉ុន្តែ ពន្យារពេលពលរដ្ឋខ្មែរ ដែលគ្រោងវិលមកកម្ពុជាវិញ រហូតដល់ការបិទខ្ទប់នេះបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments