RFA | មេធាវី​ដាក់​បណ្ដឹង​​ទៅ​តុលាការសុំ​​ឲ្យ​យុវជន កាក់ សុវណ្ណច្ឆ័យ និង​សកម្មជន​បរិស្ថាន ៣នាក់ នៅ​ក្រៅ​ឃុំ | hot news

By , Comment
Share on Facebook Tweet on Twitter

មេធាវី​ការពារ​ក្តី ​ដាក់​បណ្ដឹង​ស្នើសុំ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ដោះ​លែង​កូន​ប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង គឺ​យុវជន កាក់ សុវណ្ណច្ឆ័យ និង​យុវជន​បរិស្ថាន​ទាំង ៣នាក់​ផ្សេងទៀត ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ មន្ត្រី​សិទ្ធិ​មនុស្ស​ជឿ​ថា ប្រសិនបើ​តុលាការ ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ប្រកប​ដោយ​ឯករាជ្យ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​យុវជន​ទាំង​នេះ​នឹង​ទទួល​បាន​​​សេរីភាព​ឡើងវិញ​ ព្រោះ​ពួកគាត់ ​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​ឡើយ។

មេធាវី​ការពារ​ក្ដី ​កំពុង​ព្យាយាម​ធ្វើ​តាម​ផ្លូវ​ច្បាប់​ ដើម្បីឲ្យ​យុវជន កាក់ សុវណ្ណច្ឆ័យ​ និង សកម្មជន​បរិស្ថាន​វ័យក្មេង​ទាំង ៣​នាក់ ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ទោះបីជា​​សំណុំ​រឿង​នេះ​ ហាក់​មាន​ចរិត​នយោបាយ​ក្តី។

មេធាវី​ការពារ​ក្ដី​ឱ្យ​យុវជន​ទាំង ៤នាក់ គឺ​លោក សំ សុគង់ ថ្លែង​ថា​ លោក បាន​ដាក់​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ​រួច​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី៨ ខែកក្កដា ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​​ដោះ​លែង​យុវជន កាក់ សុវណ្ណច្ឆ័យ ដែល​សព្វថ្ងៃ ​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម២)។ លោក ​បញ្ជាក់​ថា ​មូលហេតុ​នៃ​ការ​ដាក់​បណ្ដឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ព្រោះ​យុវជន​ កាក់ សុវណ្ណច្ឆ័យ ជា​អនីតិជន អាយុ ១៦ឆ្នាំ និង​មាន​ជំងឺ​អូទីស៊ឹម (Autism) តាំង​ពី​កំណើត ដែល​ជា​ប្រភេទ​ជំងឺ​ប៉ះពាល់​ផ្នែក​ខួរក្បាល ហើយ​ដែល​ត្រូវការ​យកចិត្ត​ទុក​ដាក់​មើល​ថែរក្សា​ពី​អាណា​ព្យាបាល។ មេធាវី​ការពារ​ក្តី​រូប​នេះ ​យល់​ថា ផ្អែក​តាម​មាត្រា៣៩ និង ៤០​ នៃ​ក្រម​ព្រហ្មទណ្ឌ ​ព្រមទាំង​ច្បាប់​យុត្តិធម៌​កុមារ ​ឆ្នាំ២០១៦ ​ តុលាការ ​គួរ​តែ​ប្រគល់​យុវជន ​កាក់ សុវណ្ណច្ឆ័យ ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ម្ដាយ​វិញ ព្រោះ​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បែប​នេះ​ ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ៖ «សុំ​ឲ្យ​តុលាការ ​ពិចារណា​អំពី​ការ​ដាក់​លក្ខខណ្ឌ​ និង​នីតិវិធី​បង្វែរ​ដែល​បាន​បញ្ញត្តិ​នៅ​ក្នុង​មាត្រា៣៩ និង ៤០​ នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​ច្បាប់​ស្ដីពី​យុត្តិធម៌​កុមារ ​ហើយ​ដោយសារ​យើង​ជា​មេធាវី ​ដាក់​ស្នើ​សុំ​គាត់​នៅ​ក្នុង​នីតិវិធី​បង្វែរ​គាត់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ ឬ​ការ​ថែទាំ​ពី​ម្ដាយ ឬ​អាណា​ព្យាបាល»។​

ទន្ទឹម​គ្នា​នេះ​ លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា លោក​ក៏បាន​ដាក់​បណ្ដឹង​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ កាល​ពី​ថ្ងៃ​ទី៥ ខែកក្កដា ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង ៣នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ថ្ងៃទី៨ ខែ​កក្កដា។លោក ​បញ្ជាក់​ថា ​សកម្មជន​បរិស្ថាន​ទាំង៣នាក់ ​រួមមាន​ លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា ​សុទ្ធតែ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ដូចជា​មាន​ទី​លំនៅ​ច្បាស់លាស់​ និង​មិន​គេចវេះ​ពី​តុលាការ​​ ព្រមទាំង​ជា​និស្សិត ​កំពុង​បន្ត​ការ​សិក្សា​ជាដើម។ ម្យ៉ាង​វិញទៀត​ មេធាវី​រូប​នេះ​យល់​ថា កូន​ក្តី​របស់​លោក​ទាំង ៣នាក់ គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ស្រប​តាមច្បាប់​ដើម្បី​ចូលរួម​ការពារ​កិច្ច​ការពារ​បរិស្ថាន​ ដូច្នេះ​ពុំ​មាន​ចំណុច​ណា​មួយ​ល្មើស​ច្បាប់​ឡើយ៖ «កូវីដ​កំពុងតែ​ផ្ទុះ​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​បញ្ហា​សុខភាព​ និង​ភាព​ណែនណាន់​តាន់តាប់​ក្នុង​ពន្ធនាគារ ក៏​ជា​ចំណុច​មួយ​ដែល​តុលាការ ​គួរតែ​ពិចារណា​ចំពោះ​ការ​ស្នើសុំ​ឲ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ បើ​សិន​ជា​តុលាការ​បាន​ឲ្យ​កូន​ក្ដី​ទាំងអស់​បាន​នៅ​ក្រៅ​ឃុំ​ ខ្ញុំ​គិត​ថា បញ្ហា​ផ្សេងៗ វា​មិន​អាច​នឹង​កើត​ឡើង​ទេ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​សារ​ពួក​គាត់​មិន​មាន​អំណាច មិន​មាន​កម្លាំង មិន​មាន​ឥទ្ធិពល​អី ដែល​ធ្វើ​ឲ្យ​មាន​វឹកវរ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ បើ​សិន​ជា​គាត់​បាន​នៅ​ក្រៅ​ឃុំ។ យើង​ឃើញ​ហើយ​ថា សកម្មភាព​របស់​គាត់​ គ្រាន់​តែ​ជួយ​សង្គម​ ហើយ​គាត់​ជា​យុវជន»

អាជ្ញាធរ​របប​លោក ​ហ៊ុន សែន ​បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ៣នាក់នៃ​ចលនា​មាតា​ធម្មជាតិ​ រួមមាន ​កញ្ញា ស៊ុន រដ្ឋា ​លោក យីម លាងហ៊ី ​យុវជន​ លី ចាន់ដារ៉ាវុធ កាល​ពី​ថ្ងៃ​ទី១៦ មិថុនា​ ដោយសារ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួក​គេ។ តុលាការ​បាន​ចោទ​ប្រកាន់​កញ្ញា ស៊ុន រដ្ឋា និង​លោក យីម លាងហ៊ី ចំនួន​ពីរ​បទល្មើស គឺ​បទ «ប្រមាថ​ព្រះមហាក្សត្រ» និង«រួម​គំនិត​ក្បត់» រីឯ​យុវជន លី ចាន់ដារ៉ាវុធ តុលាការ​ចោទ​ប្រកាន់​តែមួយ​បទល្មើស គឺ​បទ «រួម​គំនិត​ក្បត់» ហើយ​បញ្ជូន​ពួក​គាត់​​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ​កាលពី​ព្រលប់​ថ្ងៃទី២១ ​ខែមិថុនា។

មួយ​សប្ដាហ៍​ក្រោយមក​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មាន​គ្នា​ជាង២០​នាក់ ​បាន​សម្រុក​ចូល​ចាប់ខ្លួន​យុវជន​ កាក់ សុវណ្ណច្ឆ័យ ដល់​ក្នុង​ផ្ទះ​នៅ​សង្កាត់​បឹងទំពុន២ ខណ្ឌ​មាន​ជ័យ កាល​ពី​ម៉ោង ៨យប់​ថ្ងៃ​ទី២៤ ខែមិថុនា ​ដោយ​ចោទ​ថា ​គាត់​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្ដែង ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ពាក្យ​សម្តី​ញុះញង់​និង​ការ​ជេរប្រមាថ​ថ្នាក់​ដឹក​នាំ ក្នុង​ពេល​ជជែក​គ្នា​ជា​ក្រុម​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram)។ តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទប្រកាន់​អនីតិជន​រូប​នេះ ​ចំនួន​ពីរ​បទ​ល្មើស ​គឺ​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ ​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (ម២) កាល​ពី​ព្រលប់​ថ្ងៃ​ទី២៥ ខែមិថុនា។ មុន​ពេល​ចាប់​ខ្លួន ​គឺ​យុវជន ​កាក់ ​សុវណ្ណច្ឆ័យ និង​ម្ដាយ ​តែងតែ​ចេញ​តវ៉ា​យ៉ាងសកម្ម ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ឪពុក​របស់​ខ្លួន​ឈ្មោះ កាក់ កុម្ភារ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ​ក្រោម​បទ​ចោទ​ញុះញង់ និង​រួម​គំនិត​ក្បត់។

ទាក់ទង​ករណី​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ ​អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា តុលាការ មិន​គួរ​ជ្រើសរើស​យក​វិធី​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​យុវជន​បរិស្ថាន​ទាំង ៣នាក់ និង​កូន​ប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង​បែបនេះ​នោះ​ទេ ព្រោះ​ពួក​គាត់ សុទ្ធតែ​ជា​មនុស្ស​ស្លូតបូត ​ស្អាតស្អំ​ និង​បាន​ចូល​រួម​ចំណែក​​ធ្វើ​កិច្ច​ការងារ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​ជាច្រើន៖ «ខ្ញុំ​មើល​ឃើញ​ថា ​បើសិនជា​តុលាការ ​ប្រកាន់​នូវ​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ និង​មាន​ភាព​ឯករាជ្យ​ត្រឹមត្រូវ​ ខ្ញុំ​គិត​ថា ពួកគាត់​ មិន​ត្រូវ​បាន​ចាប់​យក​ទៅ ឃុំខ្លួន​បែប​ហ្នឹង​ទេ ហើយ​ពួក​សកម្មជន​បរិស្ថាន​ទាំង​អស់​នេះ មិន​ត្រឹមតែ​មិន​ត្រូវ​ចាប់​យក​ទៅ​ឃុំ​ខ្លួន​ទេ ​ថែមទាំង​លើក​សរសើរ​គាត់​ទៅវិញ​ទៀត​ផង បើ​សិន​ជា​នៅ​ក្នុង​សង្គម មួយ​ដែល​យើង​គិត​ថា ​គោរព​នៅ​សិទ្ធិមនុស្ស​ គោរព​នៅ​យុត្តិធម៌ ​ ហើយ​ពិតជា​សង្គម មួយ​ចង់​លើកកម្ពស់​ការ​ការពារ​បរិស្ថាន​ពិតប្រាកដ»

មក​ទល់​ពេល​នេះ​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ បាន​ចាប់​ខ្លួន​សកម្មជន​សកម្មជន នយោបាយ ​សកម្មជន​សង្គម​ និង​សកម្មជន​បរិស្ថាន​ប្រមាណ​៨០នាក់​ហើយ​ដាក់​ក្នុង​ពន្ធនាគារ​ ដោយ​ភាគ​ច្រើន​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ​ញុះញង់ ​និង​រួមគំនិតក្បត់ ​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គាត់។ក្រុម​អង្គការ​ជាតិ-អន្តរជាតិ​ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែងតែ​ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ការ​ចាប់​ឃុំ​ខ្លួន​ទាំងនេះ ​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ ​និង​ទាមទារ​ឲ្យ​ដោះ​លែង​ពួក​គេ​​វិញ​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments